ការជួញដូរនៅលើផ្សារភាគហ៊ុនអាស៊ីនៅព្រឹកថ្ងៃច័ន្ទនេះត្រូវបានគេមើលឃើញថា
បានឡើងថ្លៃខ្ពស់បន្ទាប់ពីការបោះឆ្នោតនៅបារាំងកាលពីថ្ងៃអាទិត្យម្សិលមិញបានបង្ហាញជ័យជំនះយ៉ាងភ្លូកទឹកភ្លូកដីទៅលើលោកEmmanuel
Macron ហើយក្នុងនោះផ្សារភាគហ៊ុនជប៉ុន Nikkei
បានឡើងថ្លៃដល់តម្លៃខ្ពស់បំផុតមួយដែលមិនធ្លាប់មានគិតចាប់តាំងពីខែធ្នូឆ្នាំ
២០១៥មក។
លោក Emmanuel Macron បានយកឈ្នះលើគូប្រជែងរបស់លោកគឺលោកស្រី
Marine Le Pen ដោយទទួលបានសម្លេងឆ្នោត ៦៥,១%។ ជ័យជំនះនេះ
បានធ្វើឲ្យលោកក្លាយជាប្រធានាធិបតីក្មេងជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់បារាំងដែលមាវ័យត្រឹមតែ
៣៩ ឆ្នាំប៉ុណ្ណោះ។
លទ្ធផលនេះបានធ្វើឲ្យសន្ទស្សន៍ជួញដូរភាគហ៊ុននៅលើទឹកដីអាស៊ី
ពោលគឺផ្សារភាគហ៊ុនជប៉ុន Nikkei 225 បានឡើងថ្លៃដល់ទៅ ១,៦៨%
ដែលជាការឡើងថ្លៃដល់តម្លៃខ្ពស់បំផុតមួយមិនធ្លាប់មានគិតចាប់តាំងពីឆ្នាំ
២០១៥មក។ ចំណែកការជួញដូរភាគហ៊ុននៅលើទឹកដី កូរ៉េខាងត្បូងវិញ
បានបង្ហាញថា ផ្សារភាគហ៊ុន Kospi បានឡើងថ្លៃ ០,៥៦%។
ងាកទៅមើលផ្សារភាគហ៊ុនអូស្ត្រាលីឯណោះវិញ ផ្សារភាគហ៊ុន ASX 200
បានឡើងថ្លៃ ០,៦៩% ដោយក្នុងនោះភាគហ៊ុនរបស់ក្រុមហ៊ុនថាមពល និង
ក្រុមហ៊ុនរ៉ែ បានឡើងថ្លៃខ្ពស់ដល់ទៅ ១,៨៧% និង ១,៦៣%។
ចំណែកការជួញដូរផ្សារភាគហ៊ុនចិនវិញ ផ្សារភាគហ៊ុនសៀងហៃ និង Shenzhen
បានធ្លាក់ថ្លៃពីគេ ពោលគឺធ្លាក់ថ្លៃអស់ ០,៥១ %និង ០,៤២%
ខណៈដែលផ្សារភាគហ៊ុនហុងកុង បានឡើងថ្លៃ ០៣២%។
នៅព្រឹកនេះ គេរំពឹងថា
របាយការណ៍ពាណិជ្ជកម្មរបស់ចិនសម្រាប់ខែមេសានឹងត្រូវបញ្ចេញឲ្យដឹង។
ចំណែករបាយការណ៍ពាណិជ្ជកម្មរបស់ជប៉ុនក៏ត្រូវបានគេរំពឹងថា
នឹងបង្ហាញឲ្យដឹងនៅពេលឆាប់ៗនេះដែរ។
ផ្សារភាគហ៊ុនអាមេរិកមិនទាន់បើកឲ្យមានការជួញដូរនៅឡើយទេ
ក្រោយបិទការជួញដូរក្នុងតម្លៃឡើងថ្លៃកាលពីថ្ងៃសុក្រសប្តាហ៍មុន៕
ប្រភព៖ cnbc
No comments:
Post a Comment