មាស​បន្ត​ធ្លាក់​ថ្លៃ​ទៀត ស្រប​ពេល​ដែល​​ការ​នាំចូល​​មាស​របស់​ឥណ្ឌា​មាន​ការ​កើន​ឡើង​ - channyfx

ការជួញដូរនៅទីផ្សារហាងឆេងប្តូរប្រាក់បរទេស និង​មាស

Hot

Post Top Ad

Friday, May 5, 2017

មាស​បន្ត​ធ្លាក់​ថ្លៃ​ទៀត ស្រប​ពេល​ដែល​​ការ​នាំចូល​​មាស​របស់​ឥណ្ឌា​មាន​ការ​កើន​ឡើង​

ការ​​ជួញដូរ​​មាស​​នៅ​ថ្ងៃ​សុក្រ​នេះ ​បាន​បង្ហាញ​សញ្ញាណ​អវិជ្ជមាន​ទៀត ក្រោយ​ធ្លាក់​ថ្លៃ​ប៉ុន្មាន​​ថ្ងៃ​ចុងក្រោយ​ជាប់ៗ​គ្នា។ ការ​ជួញដូរ​មាស​នៅ​លើ​ទីផ្សារ​អន្តរជាតិ​បាន​ស្ថិត​នៅ​ក្នុង​ទីតាំង​តម្លៃ ១ ២២៨ ដុល្លារ បន្ទាប់​ពី​​ត្រូវ​បាន​ជួញដូរ​ដល់​តម្លៃ ១ ២៣៧ ដុល្លារ​កាល​ពី​ថ្ងៃ​ទី ៣ ឧសភា​កន្លង​ទៅ។ 
ការ​ធ្លាក់​ថ្លៃ​នេះ​បាន​កើត​មាន​ឡើង​ស្រប​ពេល​ដែល​ធនាគារ​កណ្តាល​អាមេរិក​បាន​ធ្វើ​សេចក្តី​សម្រេច​​នៅ​ក្នុង​កិច្ចប្រជុំ​២​ថ្ងៃ​របស់​ខ្លួន​កន្លង​ទៅ​ដោយ​រក្សា​អត្រា​ការប្រាក់​ឲ្យ​នៅ​ដដែល​ ធ្វើ​ឲ្យ​មាន​ការ​ព្យាករណ៍​ទុក​ជា​មុន​ថា ការ​ដំឡើង​អត្រា​ការប្រាក់​នឹង​ធ្វើ​ឡើង​ជា​ថ្មី​នៅ​ក្នុង​ខែ​មិថុនា​ក្រោយ​នេះ។
យ៉ាងណាមិញ ស្រប​ពេល​ដែល​ទីផ្សារ​មាស​មាន​សញ្ញាណ​មិន​សូវ​ល្អ​បែប​នេះ ងាក​ទោ​មើល​ឥណ្ឌា​វិញ​ដែល​ជា​មហាយក្ស​នាំ​ចូល​មាស​ធំ​បំផុត​លំដាប់​ទី២​បន្ទាប់​ពី​ចិន​នោះ ត្រូវ​បាន​គេ​រក​ឃើញ​ថា បាន​នាំ​ចូល​មាស​ច្រើន​បំផុត​នៅ​ក្នុង​រយៈពេល​២​ឆ្នាំ​ចុងក្រោយ​នេះ។ ​

ទិន្នន័យ​នាំចូល​មាស​របស់​ឥណ្ឌា​បាន​បង្ហាញ​ថា ការ​នាំចូល​មាស​មាន​ការ​កើន​ឡើង​​​ពី ១២៧,៤ តោន​កាល​ពី​ឆ្នាំ​មុន ដល់ ២៧០,១ តោន​​​នៅ​ត្រីមាស​ដំបូង​ឆ្នាំ ២០១៧​នេះ ។ នេះ​គឺ​ជា​ចំនួន​មួយ​ដ៏​ច្រើន​បំផុត​ ពោល​គឺ​មាន​ចំនួន​ប្រហាក់ប្រហែល​ទៅ​នឹង​​ត្រីមាស​ទី ៤ ឆ្នាំ ២០១៤ កន្លង​ទៅ​ដែល​មាន​ចំនួន ២៧៩,៥ តោន។
តម្រូវ​ការ​មាស​នៅ​ក្នុង​ស្រុក​បាន​កើន​ឡើង ១៥% ក្នុង​ចំនួន ១២៣,៥ តោន​នៅ​​ត្រីមាស​ដំបូង​ឆ្នាំ ២០១៧ នេះ ហើយ​បើ​តម្រូវ​ការ​នេះ​នៅ​តែ​បន្ត​កើន​ឡើង​ទៀត​នោះ វា​គ្មាន​អ្វី​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​តម្លៃ​របស់​វា​នោះ​ឡើយ។ ផ្អែក​លើ​ការ​លើក​ឡើង​របស់​ក្រុមហ៊ុន  P.R. Somasundaram របស់​ឥណ្ឌា គេ​សន្និដ្ឋាន​ថា ឆ្នាំ ២០១៧​នេះ ការ​នាំចូល​មាស​សរុប​អាច​កើន​ឡើង​ចន្លោះ​ពី ៦៥០ តោន​​ទៅ ៧៥០ តោន។ 
តម្រូវ​ការ​មាស​ដ៏​ច្រើន​នេះ​មិនមែន​ជា​រឿង​ចៃដន្យ​នោះ​ទេ​សម្រាប់​ឥណ្ឌា ពីព្រោះ​តែ​វា​ពេញ​និយម​សម្រាប់​ការ​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​នេះ​ជា​ពិសេស​ការ​យក​ទៅ​ធ្វើ​ជា​​គ្រឿង​អលង្ការ​​សម្រាប់​ចូលរួម​នៅ​​ក្នុង​ពិធីបុណ្យ​ផ្សេងៗ ជា​ពិសេស​​សម្រាប់​ពិធី​រៀបអាពាហ៍ពិពាហ៍​​តែម្តង៕
ប្រភព៖ cnn ​

No comments:

Post a Comment

Post Top Ad