ផ្សារភាគហ៊ុន​អាស៊ី​ធ្លាក់​ថ្លៃ​ព្រោងព្រាត​ក្រោយ​​កូរ៉េខាងជើង​បាញ់​មីស៊ីល​ជា​ថ្មី - channyfx

ការជួញដូរនៅទីផ្សារហាងឆេងប្តូរប្រាក់បរទេស និង​មាស

Hot

Post Top Ad

Tuesday, August 29, 2017

ផ្សារភាគហ៊ុន​អាស៊ី​ធ្លាក់​ថ្លៃ​ព្រោងព្រាត​ក្រោយ​​កូរ៉េខាងជើង​បាញ់​មីស៊ីល​ជា​ថ្មី

ការ​ជួញដូរ​នៅ​លើ​ផ្សារភាគហ៊ុន​អាស៊ី​​ព្រឹក​នេះ​កំពុង​ធ្លាក់​ថ្លៃ​​ខ្លាំង​ព្រោងព្រាត​ ខណៈ​ដែល​ប្រាក់​ដុល្លារ​កំពុង​មាន​សម្ពាធ​ធ្លាក់​ថ្លៃ​ដែរ បន្ទាប់​ពី​កូរ៉េខាងជើង​បាញ់​មីស៊ីល​ជា​ថ្មី​ហោះ​រំលង​ទឹកដី​ជប៉ុន ដែល​នាំ​ឲ្យ​​ភូមិសាស្ត្រ​នយោបាយ​នៅ​ក្នុង​តំបន់​មាន​ភាព​តានតឹង​ឡើង​វិញ។

ផ្សារភាគហ៊ុន​ដែល​ធ្លាក់​ថ្លៃ​មុន​គេ គឺ​សន្ទស្សន៍​​ផ្សារភាគហ៊ុន​ជប៉ុន  Nikkei 225​ ដែល​បាន​ធ្លាក់​ថ្លៃ​អស់ ០,៨១% នៅ​ក្រោយ​ពេល​ទទួល​បាន​ព័ត៌មាន​ភ្លាមៗ​​នៃ​ការ​បាញ់មីស៊ីល​ជា​ថ្មី​របស់​កូរ៉េខាងជើង ​ហោះ​រំលង​​ទឹកដី​​ភាគ​ខាងជើង​​របស់​ខ្លួន​​មុន​នឹង​ធ្លាក់​ចូល​ទៅ​ដែន​សមុទ្រ​ប៉ាស៊ីហ្វិក។  ការ​បាញ់មីស៊ីល​​ធ្វើ​ឡើង​ដោយ​ទីក្រុង​ព្យុងយ៉ាង​នៅ​ពេល​​​ព្រឹក​នេះ​ត្រូវ​បាន​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក​ Shinzo Abeចាត់ទុក​ថា  គឺ​ជា​ការ​បាញ់​បង្ហោះ​​យ៉ាង​ធ្វេសប្រហែស​ និង​មិន​ធ្លាប់​មាន​​នោះ​ឡើយ​ពី​មុន​មក​។
សម្រាប់​ផ្សារភាគហ៊ុន​កូរ៉េខាងត្បូង​ Kospi វិញ​​គឺ​បាន​ធ្លាក់​ថ្លៃ​ខ្លាំង​ជាង​ផ្សារភាគហ៊ុន​ជប៉ុន​ទៅ​ទៀត ពោល​គឺ​ធ្លាក់​ថ្លៃ​អស់ ១,១៥% ខណៈ​ដែល​អ្នក​ជួញដូរ​កំពុង​​ផ្តោត​លើ​ស្ថានការណ៍​ភូមិសាស្ត្រ​នយោបាយ​ក្នុង​តំបន់​ដែល​កំពុង​កើន​កម្តៅ​ឡើង​វិញ។ ការ​បាញ់​មីស៊ីល​របស់​កូរ៉េខាងជើង​កាន់តែ​ច្រើន​ឡើង​នៅ​​ក្នុង​រយៈពេល​ចុងក្រោយ​​ដោយ​ឆ្លងកាត់​​​ទឹកដី​ជប៉ុន​​នេះ ត្រូវ​បាន​អ្នក​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន ING Asia Head of Research លោក Rob Carnell ពណ៌​នា​ថា ជា​​កត្តា​ជំរុញ​ឱ្យ​មាន​ការ​​ប្រឈមមុខ​ដាក់គ្នា​​មួយ​នៅ​ពេល​ខាងមុខ។
ងាក​ទៅ​មើល​ស្ថានភាព​ផ្សារភាគហ៊ុន​អូស្ត្រាលី S&P/ASX 200 ​បាន​ធ្លាក់​ថ្លៃ​អស់ ០,៩៤%  ខណៈ​ដែល​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​ធំៗ និង ក្រុមហ៊ុន​លក់​រាយ​បាន​ធ្លាក់​ថ្លៃ​ខ្លាំង​ជាងគេ ខណៈ​ដែល​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ថាមពល​ក៏​រង​សម្ពាធ​ខ្លាំង​ដែរ​។
សម្រាប់​ផ្សារភាគហ៊ុន​ចិន​វិញ ក៏​ទទួល​រង​សម្ពាធ​ធ្លាក់​ថ្លៃ​​ផង​ដែរ​ពី​ស្ថានការណ៍​ចុងក្រោយ​នៃ​ភូមិសាស្ត្រ​នយោបាយ​នៅ​ក្នុង​តំបន់។ ក្នុង​នោះ​ផ្សារភាគហ៊ុន​ហុងកុង Hang Seng បាន​ធ្លាក់​ថ្លៃ​អស់ ០,៧៧% ខណៈ​ដែល​ផ្សារភាគហ៊ុន​សៀងហៃ​និង ផ្សារភាគហ៊ុន Shenzhenបាន​ធ្លាក់​ថ្លៃ​បន្តិចបន្តួច​ត្រឹម ០,០០៨% និង ០,០៣១%។ ​
យ៉ាងណាក៏ដោយ ស្ថានភាព​តានតឹង​ភូមិសាស្ត្រ​នយោបាយ​ខាងលើ​នេះ​កំពុង​បើក​ភ្លៀង​ខៀវ​ឲ្យ​តម្លៃ​មាស និង លុយ​​យ៉េន​របស់​ជប៉ុន​​​ឡើង​ថ្លៃ​កាន់​តែ​ខ្ពស់​ ស្រប​ពេល​ដែល​ប្រាក់​ដុល្លារ​កំពុង​មាន​សម្ពាធ​ដោយសារ​តែ​​នយោបាយ​​របស់​អាមេរិក​ក៏​​មិន​សូវ​ល្អ ទន្ទឹម​នឹង​មាន​សម្ពាធ​ថ្មីៗ​ពី​ព្យុះសង្ឃរា Harvey ដែល​បាន​បោកបក់​ចូល​ទីក្រុង  Houston ក្នុង​រដ្ឋTexas កាល​ពី​ចុង​សប្តាហ៍​នេះ​។
ទីផ្សារ​សាកលលោក​​ត្រូវ​បាន​គេ​មើល​ឃើញថា ហាក់​ទទួល​រង​សម្ពាធ​ច្រើន​នៅ​ក្នុង​ខែ​នោះ​ចាប់​តាំង​ពី​សារ​គំរាម​វាយប្រហារ​ទៅ​វិញ​ទៅ​មក​របស់​​ប្រមុខ​មេដឹកនាំ​កូរ៉េខាងជើង និង ប្រធានាធិបតី​អាមេរិក Donald Trump កាល​ពី​ដើម​ខែ​នេះ។ ក្រៅ​ពី​នេះ សារ​ចេញ​ពី​កិច្ចប្រជុំ​របស់​ធនាគារ​កណ្តាល​នៅ Jackson Hole ព្រម​ទាំង​បញ្ហា​គ្រោះ​មហន្តរាយ​ព្យុះសង្ឃរា Harvey ដែល​បាន​បោកបក់​ចូល​ទីក្រុង  Houston ក្នុង​រដ្ឋTexas កាល​ពី​ចុង​សប្តាហ៍​នេះ និង ការ​បាញ់​មីស៊ីល​ជា​ថ្មី​របស់​កូរ៉េខាងជើង​ថ្ងៃ​នេះ កំពុង​ធ្វើ​ឲ្យ​ទីផ្សារ​មាន​ភាព​រំជើបរំជួល​ខ្លាំង៕
ប្រភព៖ cnbc

No comments:

Post a Comment

Post Top Ad