ប្រាក់អឺរ៉ូត្រូវបានគេមើលឃើញថា
កំពុងជួញដូរឡើងថ្លៃធៀបទៅនឹងប្រាក់ដុល្លារនៅថ្ងៃនេះក្នុងតម្លៃខ្ពស់បំផុតមួយមិនធ្លាប់មាននៅក្នុងរយៈពេលជាង
១ ឆ្នាំកន្លះកន្លងទៅ បន្ទាប់ពីប្រមុខធនាគារកណ្តាលអឺរ៉ុបលោក
Mario Draghi
មិនបានលើកឡើងយ៉ាងលម្អិតនោះឡើយពីគោលនយោបាយរូបិយប័ណ្ណក្នុងតំបន់ក្រោយកិច្ចប្រជុំ
Jackson Hole បានបិទបញ្ចប់កាលពីថ្ងៃ សុក្រ។
នៅព្រឹកនេះ គេសង្កេតឃើញថា
សន្ទស្សន៍តម្លៃប្រាក់អឺរ៉ូកំពុងឡើងថ្លៃបាន ០,១៥%
ត្រូវបានជួញដូរក្នុងតម្លៃ ១,១៩៣៤ ដុល្លារបន្ទាប់ពីបានហក់ដល់
១,១៩៦៦ ដុល្លារកាលពីថ្ងៃសុក្រចុងសប្តាហ៍មុន
ដែលជាការឡើងថ្លៃខ្ពស់បំផុតមិនធ្លាប់មានគិតចាប់តាំងពីខែមករាឆ្នាំ
២០១៥មក។
កាលពីថ្ងៃសុក្រវាបានឡើងថ្លៃ ១%
បន្ទាប់ពីប្រមុខធនាគារកណ្តាលអឺរ៉ុបលោក Mario Draghi
បានថ្លែងសន្ទរកថាអំពីស្ថានភាពពាណិជ្ជកម្មសាកលលោក។
ផ្ទុយទៅវិញអ្វីដែលគេរំពឹងថា
លោកអាចផ្តល់ពន្លឺភ្លៀងខៀវខ្លះៗពីគោលនយោបាយរូបិយវត្ថុនៅក្នុងតំបន់ចាយប្រាក់អឺរ៉ូ
លោក Mario Draghi បែរជាមិនបានលើកឡើងអ្វីឡើយពីបញ្ហានេះ។
ការឡើងថ្លៃនៃប្រាក់អឺរ៉ូធៀបទៅនឹងប្រាក់ដុល្លារនេះក៏បានកើនមានឡើងផងដែរបន្ទាប់ពីលោកស្រី
Janet Yellen
ប្រមុខធនាគារកណ្តាលអាមេរិកមិនបានមានប្រសាសន៍អ្វីនោះឡើយទាក់ទងទៅនឹងគោលនយោបាយរូបិយវត្ថុរបស់អាមេរិកនៅក្នុងសន្និសីទក្រោយកិច្ចប្រជុំនៅ
Jackson Hole។
លោក Masafumi Yamamoto
ប្រធានយុទ្ធសាស្ត្ររបស់ក្រុមហ៊ុនជួញដូររូបិយប័ណ្ណ Mizuho
Securities បាននិយាយថា ការរំពឹងទុកជាមុននៅលើទីផ្សារថា លោក
Draghi
នឹងលើកឡើងអំពីស្ថានភាពខ្លះៗរបស់ប្រាក់អឺរ៉ូនៅឯកិច្ចប្រជុំ
Jackson Hole គឺមិនមានច្រើននោះឡើយ។ លោកបានបន្ថែមថា បើ
ទោះបីជាលោក Draghi
មិនបានមានប្រសាសន៍ទាក់ទងទៅនឹងបញ្ហានេះក៏ដោយ
ក៏ប្រាក់អឺរ៉ូនៅតែឡើងថ្លៃដែរ។
យ៉ាងណាមិញ
បើទោះបីជាទីផ្សារកំពុងផ្តោតលើការជួញដូរប្រាក់អឺរ៉ូក៏ដោយ
ក៏ប្រាក់ដុល្លារហាក់មិនត្រូវបានជួញដូរអាក្រក់ខ្លាំងក្លាណាស់ណាទេធៀបទៅនឹងលុយយ៉េន។
ថ្ងៃនេះវាបានធ្លាក់ថ្លៃអស់ ០,១% ត្រូវបានជួញដូរក្នុងតម្លៃ
១០៩,២៩៥ យ៉េន បន្ទាប់ពីបានធ្លាក់ថ្លៃដល់ ១០៩,១១០
កាលពីថ្ងៃសុក្រសប្តាហ៍មុន
ហើយកំពុងស្ថិតនៅលើទីតាំងតម្លៃមួយខ្ពស់ជាងតម្លៃជួញដូរ ១០៨,៦០៥
ដែលជាតម្លៃទាបបំផុតមិនធ្លាប់មានគិតត្រឹមថ្ងៃ ទី ១៨
សីហាកន្លងទៅ។
ចំណែកការជួញដូរលុយ ហ្រ្វង់ស្វីសវិញ
កំពុងស្ថិតនៅក្នុងសញ្ញាណវិជ្ជមានឡើងថ្លៃមួយខែពេញក្នុងតម្លៃ
០,៩៥៣៩ ដុល្លារ បន្ទាប់ពីបានឡើងថ្លៃបាន ០,៩%
កាលពីថ្ងៃសុក្រសប្តាហ៍មុន។
រីឯលុយផោនរបស់អង់គ្លេសហាក់មិនមានការប្រែប្រួលខ្លាំងនោះទេ
ត្រូវបានជួញដូរក្នុងតម្លៃ ១,២៨៩៧ ដុល្លារបន្ទាប់ពីបានហក់ឡើងដល់
១,២៩៤៦ កាលពីថ្ងៃ សុក្រដូចគ្នានេះ។
ចំពោះសន្ទស្សន៍ជួញដូរប្រាក់ដុល្លារធៀបទៅនឹងរូបិយប័ណ្ណគោលសំខាន់ៗ
បានបន្តធ្លាក់ថ្លៃទៀតពីតម្លៃជួញដូរធ្លាក់ថ្លៃ
កាលពីថ្ងៃសុក្រមកកាន់ទីតាំងតម្លៃ ៩២,៣៧២ ដែលជាការធ្លាក់ថ្លៃ
មកកាន់តម្លៃទាបបំផុតមិនធ្លាប់មានគិតចាប់តាំងពីខែ ឧសភា ឆ្នាំ
២០១៦កន្លងមក។
លោក Mark Imre Speizer
អ្នកយុទ្ធសាស្ត្រជួញដូរទីផ្សាររបស់ក្រុមហ៊ុន Westpac បាននិយាយថា
ទីផ្សារជួញដូរប្រាក់ដុល្លារបានខកចិត្តចំពោះសុន្ទរកថារបស់លោកស្រី
Yellen ហើយនេះបានជំរុញឲ្យអ្នកជួញដូរ លក់ចេញប្រាក់ដុល្លារ។
លោកបានបន្តថា ព្យុះ Harvey
នឹងដាក់ទម្ងន់បន្ថែមទៀតលើការជួញដូរប្រាក់ដុល្លារ
ខណៈដែលព្យុះនេះកំពុងត្រូវបានគេចាត់ទុកថា
ជាគ្រោះមហន្តរាយដ៏អាក្រក់បំផុតមួយសម្រាប់សេដ្ឋកិច្ចអាមេរិកបន្ទាប់ពីវាបានបកចូលទីក្រុង
Houston កាលពីយប់មិញ បង្កឲ្យមានទឹកជំនន់
ព្រមទាំងបំផ្លិចបំផ្លាញលំនៅឋាន
និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់៕
ប្រភព៖ cnbc
No comments:
Post a Comment