ប្រាក់​ដុល្លារ​​​ហាក់​ល្អ​ឡើង​វិញ​បន្តិច​ក្រោយ​ធ្លាក់​ថ្លៃ ខ្លាំង​ពី​ម្សិលមិញ - channyfx

ការជួញដូរនៅទីផ្សារហាងឆេងប្តូរប្រាក់បរទេស និង​មាស

Hot

Post Top Ad

Wednesday, August 30, 2017

ប្រាក់​ដុល្លារ​​​ហាក់​ល្អ​ឡើង​វិញ​បន្តិច​ក្រោយ​ធ្លាក់​ថ្លៃ ខ្លាំង​ពី​ម្សិលមិញ

ការ​ជួញដូរ​ប្រាក់​ដុល្លារ​នៅ​លើ​ទីផ្សារ​​​​​អន្តរជាតិ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ហាក់​មាន​សញ្ញាណ​ល្អ ​ឡើង​វិញ​ធៀប​ទៅ​នឹង​លុយ​យ៉េន​របស់​ជប៉ុន​បន្ទាប់​ពី​វា​បាន​ធ្លាក់​ថ្លៃ​ដល់​តម្លៃ​ទាប​បំផុត​មិន​ធ្លាប់​មាន​នៅ​ក្នុង​រយៈពេល​៤​ខែ​កន្លង​ទៅ​កាល​បី​ម្សិលមិញ ក្រោយ​កូរ៉េខាងជើង​បាញ់​មីស៊ីល​ជា​ថ្មី។

តម្លៃ​ប្រាក់​ដុល្លារ​កំពុង​ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ១០៩,៧៨ យ៉េន​ក្នុង​មួយ​ដុល្លារ ដោយ​បាន​ងើប​ផុត​ពី​តម្លៃ​ជួញដូរ ១០៨,២៦៥ យ៉េន​ក្នុង​មួ​យដល្លារ​កាល​ពី​ម្សិលមិញ ដែល​ជា​តម្លៃ​ទាប​បំផុត​មិន​ធ្លាប់​មាន​គិត​ចាប់​តាំង​ពី​ខែ​មេសា​មក។ ការ​ធ្លាក់​ថ្លៃ នេះ​បាន​កើត​មាន​ឡើង​នៅ​ពេល​ដែល​មាន​ដំណឹង​ថា កូរ៉េខាងជើង​បាន​បាញ់​បង្ហោះ​មីស៊ីល​​ថ្មី​មួយ​ទៀត ហោះ​ឆ្លងកាត់​ភាគ​ខាងជើង​ទឹកដី​ជប៉ុន ហើយ​ទៅ​ធ្លាក់​នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក។
យ៉ាងណាក៏ដោយ ដុល្លារ​បាន​ប៉ះប៉ូវ​ការ​ធ្លាក់​ថ្លៃ​​ដោយ​បាន​ងើប​ឡើង​វិញ​​ថ្ងៃ​នេះ ខណៈ​ដែល​ទីផ្សារ​ភាគហ៊ុន​អាមេរិក​បាន​បិទ​បញ្ចប់​ការ​ជួញដូរ​ឡើង​ថ្លៃ​វិញ​ដែរ​កាល​ពី​យប់មិញ ស្រប​ពេល​អត្រា​ការប្រាក់​លើ​មូលបត្រ​បំណុល (Treasury Yield) ​របស់​ខ្លួន​ត្រូវ​​បាន​គេ​បង្ហាញ​ថា បាន​កើន​ឡើង​ពី​ចំនួន​មួយ​ទាប​បំផុត​មិន​ធ្លាប់​មាន​នៅ​ក្នុង​រយៈពេល​៩​ខែ​កន្លង​ទៅ។
លោក David de Garis ​ប្រធាន​​ធនាគារ​ជាតិ​អូស្ត្រាលី​បាន​និយាយ​នៅ​ព្រឹក​ព្រលឹម​​ថ្ងៃ​ពុធ​នេះ​ថា ​ការ​ព្រួយបារម្ភ​ទៅ​នឹង​​ការ​បាញ់​​មីស៊ីល​មួយ​ទៀត​​របស់​កូរ៉េខាងជើង​​កាល​ពី​ម្សិលមិញ គឺ​បាន​ធូរស្រាល​ឡើង​វិញ​ហើយ ពោល​គឺ​វា​មិន​​បាន​អូស​បន្លាយ​ដល់​២៤​ម៉ោង​នោះ​ឡើយ។
រីឯ​​លោក​ប្រធានាធិបតី ​Donald Trump វិញ បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា  ជម្រើស​​ដ៏​​ល្អ​គឺ​​ត្រូវ​​​ត្រូវ​មក​អង្គុយ​ចរចា​នៅ​លើ​តុ។ ការ​លើក​ឡើង​របស់​លោក Trump នេះ​ដែល​ជា​សារ​មួយ​ដែល​ធ្វើ​ឲ្យ​អ្នក​ឃ្លាំមើល​​​នៅ​លើ​ទីផ្សារ​មួយចំនួន​​យល់​ឃើញ​ថា ជា​ការ​​វិវត្ត​មួយ​​ប្រកប​ដោយ​​សុវត្ថិភាព​វា​ផ្ទុយ​ស្រឡះ​ពី​ការ​ឆ្លើយឆ្លង​ដាក់គ្នា​របស់​លោក Trump និង មេដឹកនាំ​កូរ៉េខាងជើង​កាល​ពី​​ដើម​ខែ​នេះ​ជុំវិញ​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ។ 
សន្ទស្សន៍​ជួញដូរ​ប្រាក់​ដុល្លារ​ធៀប​ទៅ​នឹង​រូបិយប័ណ្ណ​សំខាន់​កំពុង​ឈរ​នៅ​ទីតាំង​តម្លៃ ៩២,៣៣៧ ដោយ​បាន​ស្ទុះ​ងើប​ផុត​​បន្តិច​ពី​តម្លៃ​ជួញដូរ​ថ្ងៃ​ម្សិលមិញ ៩១,៦២១ ដែល​ជា​ការ​ធ្លាក់​ថ្លៃ​មក​ដល់​តម្លៃ​ទាប​បំផុត​មិន​ធ្លាប់​មាន​គិត​ចាប់​តាំង​ពី​ខែ​មករា​ឆ្នាំ ២០១៥​មក។
ចំណែក​ការ​ជួញដូរ​ប្រាក់​អឺរ៉ូ​វិញ ក៏​មិន​មាន​ការ​ប្រែប្រួល​ខ្លាំង​នោះ​ដែរ​ដោយ​ត្រូវ​បាន​ជួញដូរ​ក្នុង​មត្លៃ ១,១៩៧៣ ដុល្លារ​ធៀប​​ទៅ​នឹង​តម្លៃ ១,២០៧០ កាល​ពី​ថ្ងៃ​ម្សិលមិញ​ដែល​ជា​ការ​តម្លៃ​ឡើង​ថ្លៃ​ដ៏​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​គិត​ចាប់​តាំង​ពី​ខែ​មករា​ឆ្នាំ ២០១៥​មក។
អ្វី​ដែល​អ្នក​ជួញដូរ​ត្រូវ​រង់ចាំ​មើល​នោះ​ គឺ​ព័ត៌មាន​ស្ថានភាព​ទីផ្សារ​ការងារ​របស់​អាមេរិក​ពី​ក្រុមហ៊ុន ADP និង​កំណើន​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​អាមេរិក (GDP) នៅ​ក្នុង​ត្រីមាស​ទី២​ឆ្នាំ ២០១៧​​ ដែល​នឹង​បង្ហាញ​ឲ្យ​ដឹង​នៅ​យប់​នេះ។ ក្រៅ​ពី​នេះ អ្នក​ជួញដូរ​ត្រូវ​រង់ចាំ​មើល​ផងដែរ​លើ​រដ្ឋបាល​លោក Trump ស្តី​ពី​គោលនយោបាយ​ពន្ធដារ​របស់​លោក៕
ប្រភព៖ cnbc

No comments:

Post a Comment

Post Top Ad