ការជួញដូរមាសនៅលើ ទីផ្សារអាស៊ីព្រឹកនេះត្រូវបានគេមើលឃើញថា
កំពុងហក់ឡើងថ្លៃកាន់តែខ្ពស់មិនធ្លាប់មាននៅក្នុងរយៈពេលជាង៩ខែកន្លងទៅ
បន្ទាប់ពីភាពតានតឹងនៅឧបទ្វីបកូរ៉េបានកើនកម្តៅឡើងវិញនៅក្រោយពេលមានដំណឹងនៃការបាញ់មីស៊ីលជាថ្មីចេញពីយោធាកូរ៉េខាងជើងហោះឆ្លងកាត់ទឹកដីជប៉ុន។
តម្លៃជួញដូរមាសតាមស្បតនៅព្រឹកនេះបានឡើងថ្លៃ ០,៥%
ត្រូវបានជួញដូរក្នុងតម្លៃ ១ ៣១៦,៦៦ ដុល្លារក្នុងមួយអោននៅម៉ោង
៨ព្រឹកនេះដែលជាតម្លៃឡើងថ្លៃខ្ពស់បំផុតមួយមិនធ្លាប់មាននោះឡើយគិតចាប់តាំងពីខែវិច្ឆិកាឆ្នាំ
២០១៦ មក។ ចំណែកទីផ្សារមាសរបស់អាមេរិកវិញ បានឡើងថ្លៃ ០,៥%
ដែរត្រូវបានជួញដូរក្នុងតម្លៃ ១ ៣២២,២០ ដុល្លារក្នុងមួយអោន។
កាលពីយប់មិញ ផ្សារភាគហ៊ុនអាមេរិកមានសម្ពាធច្រើន
ខណៈដែលផ្សារភាគហ៊ុនអាស៊ីក៏កំពុងត្រដាបត្រដួសខ្លាំងដែរនៅព្រឹកនេះ។
រីឯប្រាក់យ៉េនកំពុងឆ្មក់ឱកាសឡើងថ្លៃជាមួយនឹងប្រាក់ហ្រ្វង់ស្វីសធៀបទៅនឹងប្រាក់ដុល្លារដែលកំពុងរងសម្ពាធខ្លាំងបន្ទាប់ពីលេចឮព័ត៌មានបាញ់មីស៊ីលជាថ្មីរបស់កូរ៉េខាងជើងហោះឆ្លងកាត់ភាគខាងជើងទឹកដីជប៉ុននៅព្រឹកថ្ងៃអង្គារនេះ។
កូរ៉េខាងត្បូង និងជប៉ុនបាននិយាយថា
មីស៊ីលដែលកូរ៉េខាងជើងបានចាប់ផ្តើមបាញ់ចេញពីតាំងរបស់ខ្លួននៅព្រឹកថ្ងៃអង្គារនេះ
បានហោះធ្លាក់ចូលទៅក្នុងដែនទឹកមហាសមុទ្រប៉ាស៊ីហ្វិកនៅភាគខាងកើតដែនកោះហុកកៃដូ
បន្ទាប់ពីបានហោះរំលងភាគខាងជើងដែនដីជប៉ុនរួចមក។
ប្រទេសទាំងពីរបានចាត់ទុកសកម្មភាពរបស់ទីក្រុងព្យុងយ៉ាងនៅពេលនេះថា
គឺជាចេតនាបង្កឲ្យមានភាពតានតឹង និង
ការប្រឈមមុខដាក់គ្នានៅក្នុងតំបន់។
ងាកទៅមើលស្ថានភាពនយោបាយអាមេរិកវិញ លោកប្រធានាធិបតី Donald Trump
បានមានប្រសាសន៍កាលពីថ្ងៃចន្ទម្សិលមិញថា
ការបិទទ្វាររបស់រដ្ឋាភិបាលនឹងមិនចាំបាច់ធ្វើឡើងដោយសារតែការទាមទាររបស់លោកដែលបានស្នើឲ្យដាក់កញ្ចប់ថវិកាបន្ថែមសម្រាប់សាងសង់ជញ្ជាំងនៅតាមបណ្ដោយព្រំដែនជាមួយនឹងម៉ិកស៊ិកនោះទេ។
រីឯស្ថានភាពសេដ្ឋកិច្ចវិញ
ឱនភាពពាណិជ្ជកម្មរបស់អាមេរិកត្រូវបានគេបញ្ចេញរបាយការណ៍ថា
បានកើនឡើងនៅក្នុងខែកក្កដាកន្លងទៅដោយសារការនាំចេញបានធ្លាក់ចុះ។
នេះបានបង្ហាញថា
ពាណិជ្ជកម្មរបស់ខ្លួននឹងរួមចំណែកតិចតួចប៉ុណ្ណោះដល់កំណើនសេដ្ឋកិច្ចនៅត្រីមាសទី៣ខាងមុខ។
នៅតំបន់អឺរ៉ុបវិញ
ប្រធានទទួលបន្ទុកលើការចរចារបស់សហភាពអឺរ៉ុបលោក Michel Barnier
បានមានប្រសាសន៍កាលពីថ្ងៃចន្ទម្សិលមិញថា
លោកមានការព្រួយបារម្ភទៅនឹងដំណើរការដ៏យឺតយ៉ាវនៃកិច្ចចរចា
ដកខ្លួនរបស់អង់គ្លេស (Brexit) ខណៈសមភាគីរបស់ប្រទេសនេះគឺលោក
David Davis បានអំពាវនាវឱ្យមានភាពបត់បែន
និងក្តីស្រមៃរួមគ្នាមួយសម្រាប់កិច្ចចរចានេះ៕
ប្រភព៖ cnbc
No comments:
Post a Comment