ថ្ងៃ​នេះ​ប្រាក់​ដុល្លារ​​បន្ត​ធ្លាក់​ថ្លៃ​​កាន់តែ​ខ្លាំង បន្ទាប់​ពី​កូរ៉េខាងជើង​បាញ់​មីស៊ីល​ជា​ថ្មី - channyfx

ការជួញដូរនៅទីផ្សារហាងឆេងប្តូរប្រាក់បរទេស និង​មាស

Hot

Post Top Ad

Tuesday, August 29, 2017

ថ្ងៃ​នេះ​ប្រាក់​ដុល្លារ​​បន្ត​ធ្លាក់​ថ្លៃ​​កាន់តែ​ខ្លាំង បន្ទាប់​ពី​កូរ៉េខាងជើង​បាញ់​មីស៊ីល​ជា​ថ្មី

ប្រៀបធៀប​ទៅ​នឹង​លុយ​យ៉េន ការ​ជួញដូរ​ប្រាក់​ដុល្លារ​នៅ​ថ្ងៃ​អង្គារ​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា បាន​ធ្លាក់​ថ្លៃ​កាន់តែ​ខ្លាំង​មក​ដល់​តម្លៃ​ទាប​បំផុត​មួយ​មិន​ធ្លាប់​មាន​​នៅ​ក្នុង​រយៈពេល​៤​ខែ​កន្លង​ទៅ​បន្ទាប់​ពី​មាន​ព័ត៌មាន​​កូរ៉េខាងជើង​​បាញ់​មីស៊ីល​ជា​ថ្មី​​ ឆ្លងកាត់​ភាគ​ខាងជើង​ទឹកដី​ជប៉ុន។

តម្លៃ​​ជួញដូរ​ប្រាក់​ដុល្លារ​បាន​បន្ត​ធ្លាក់​ថ្លៃ​អស់ ០,៥៥% ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ១០៨,៦៦០ យ៉េន​ក្នុង​មួយ​ដុល្លារ​ បន្ទាប់​ពី​​ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ១០៨,៣៣០ យ៉េន​ក្នុង​មួយ​​ដុល្លារ​ក្រោយ​ពេល​ទទួល​បាន​ព័ត៌មាន​នៃ​ការ​​បាញ់មីស៊ីល​ភ្លាមៗ​ពី​កូរ៉េខាងជើង។ តម្លៃ​នេះ​គឺ ជា​តម្លៃ​ជួញដូរ​ទាប​បំផុត​មិន​ធ្លាប់​មាន​​គិត​ចាប់​តាំង​ពី​ខែ​មេសា​​ឆ្នាំ ២០១៧​មក។
ការ​បាញ់​មីស៊ីល​ជា​ថ្មី​​ធ្វើ​ឡើង​ដោយ​ទីក្រុង​ព្យុងយ៉ាង​នេះ​ បាន​ធ្វើ​​នៅ​ព្រឹក​​ថ្ងៃ​អង្គការ​នេះ​ ហើយ​វា​បាន​ហោះ​ឆ្លង​​កាត់​​ពី​លើ​ទឹកដី​ជប៉ុន​​ឆ្ពោះ​ទៅ​កាន់​​ដែន​សមុទ្រ​ប៉ាស៊ីហ្វិក​ ហើយ​បាន​ធ្លាក់​នៅ​​ភាគ​ខាងជើង​កោះ​ហុកកៃដូ​​​។ ព័ត៌មាន​ដ៏​ស្រួចស្រាល់​នេះ​ក៏​បាន​ឲ្យ​ទីផ្សារ​​ភាគហ៊ុន​របស់​ជប៉ុន​ Nikkei ធ្លាក់​ថ្លៃ​​ភ្លាមៗ​ដល់​តម្លៃ​ទាប​បំផុត​មិន​ធ្លាប់​មាន​នៅ​ក្នុង​រយៈពេល​៤​ខែ​កន្លង​ទៅ​ដែរ។ 
ជា​ទូទៅ​គេ​សង្កេត​ឃើញ​ថា ប្រាក់​យ៉េន​មាន​ទំនោរ​​ឆក់​ចាប់​យក​​​ប្រយោជន៍​នៅ​អំឡុង​ពេល​​មាន​ភាព​តានតឹង​ខាង​ភូមិសាស្ត្រ​នយោបាយ  ឬ​វិបត្តិ​ហិរញ្ញវត្ថុ   ខណៈ​​ជប៉ុន​គឺ​ជា​ម្ចាស់​បំណុល​​ដ៏​ធំ​បំផុត​នៅ​លើ​ពិភពលោក ហើយ​មាន​ការ​​ព្យាករណ៍​ទុក​ជា​មុន​ថា វិនិយោគិន​ជប៉ុន​​ជា​រឿយៗ​នឹង​ធ្វើ​មាតុភូមិ​និវត្តន៍​ប្រសិន​បើ​វិបត្តិ​​ណា​មួយ​កើត​​មាន​ឡើង​។
កាល​ពី​ឆ្នាំ ២០០៩ កន្លង​ទៅ រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង​ធ្លាប់​បាញ់​មីស៊ីល​ហោះ​រំលង​ទឹកដី​ជប៉ុន​ម្តង​រួច​ទៅ​ហើយ ដែល​កាល​នោះ​នាំ​ឲ្យ​កូរ៉េខាងត្បូង​ និង​​ជប៉ុន​បាន​ចាត់ទុក​ការ​បាញ់​បង្ហោះ​មីស៊ីល​នោះ​​ថា គឺ​ជា​ការ​សាកល្បង​​ធ្វើ​តេស្ត​មីស៊ីល​ផ្លោង​ដ៏​ធំ​មួយ​បង្ក​ឲ្យ​មាន​ភាព​តានតឹង​នៅ​ក្នុង​តំបន់។ ក៏ប៉ុន្តែ​ អ្នកនាំពាក្យ​យោធា​កូរ៉េខាងជើង​បាន​និយាយ​ថា  ​នោះគ្រាន់តែ​ជា​​គ្រាប់​រ៉ុក្កែត​ដឹក​ជញ្ជូន​ផ្កាយរណប​គមនាគមន៍​​​​​ទៅ​កាន់​តារាវិថី​តែប៉ុណ្ណោះ​។
ងាក​មក​មើល​លុយ​ហ្រ្វង់​ស្វីស​វិញ កំពុង​បន្ត​ឡើង​ថ្លៃ​ទៀត ស្ថិ​តនៅ​ក្នុង​តម្លៃ​ជួញដូរ ០,៩៤៩៧ ដុល្លារ​​មុន​នឹង​ហក់​ឡើង​មក​តម្លៃ​ជួញដូរ ០,៩៥៣២ ដុល្លារ​​។ ចំណែក​ប្រាក់​អឺរ៉ូ បាន​ធ្លាក់​ថ្លៃ​អស់ ០,៦% ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ១៣០,០៤០ យ៉េន​ក្នុង​មួយ​អឺរ៉ូ ដោយ​បាន​ទាញ​ទម្លាក់​ពី​តម្លៃ​ឡើង​ថ្លៃ​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន ១៣០,៩៦៥ យ៉េន​​កាល​ពី​យប់មិញ។
ធៀប​ទៅ​នឹង​ប្រាក់​ដុល្លារ​វិញ ប្រាក់​អឺរ៉ូ​បាន​ធ្លាក់​ថ្លៃ​បន្តិច​​ត្រឹម​ចំនួន ០,១% ស្ថិ​ត​នៅ​ក្នុង​តម្លៃ​ជួញដូរ ១,១៩៦៥ ដុល្លារ​ក្រោយ​វា​ឡើង​ថ្លៃ​ដល់ ១,១៩៨៦ ដុល្លារ​​ដែល​ជា​តម្លៃ​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​គិត​ចាប់​តាំង​ពី​ខែ​មករា​ឆ្នាំ ២០១៥​មក។ យ៉ាងណាក៏ដោយ ប្រាក់​ដុល្លារ​ត្រូវ​បាន​ជួញដូរ​ក្នុង​​ស្ថានភាព​ការពារ​ធៀប​នឹង​ប្រាក់​អឺរ៉ូ បន្ទាប់​ពី​ប្រមុខ​ធនាគារ​កណ្តាល​អាមេរិក​គឺ​លោក​ស្រី Janet Yellen និង ប្រមុខ​ធនាគារ​កណ្តាល​អឺរ៉ុប លោក​Mario Draghi មិន​បាន​បញ្ជាក់​អ្វី​សោះ​ពី​​គោលនយោបាយ​ហិរញ្ញវត្ថុ​របស់​ខ្លួន​​នៅ​ក្នុង​កិច្ចប្រជុំ Jackson Hole កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ។ ​
បន្ថែម​ពី​លើ​នេះ​ទៀត​ប្រាក់​ដុល្លារ​កំពុង​ប៉ះទង្គិច​ខ្លាំង​ពី​សម្ពាធ​​​​​ខ្យល់ព្យុះ Harvey ដែល​បាន​បោកបក់​ចូល​ទីក្រុង  Houston ក្នុង​រដ្ឋTexas កាល​ពី​ចុង​សប្តាហ៍​នេះ​ ហើយ​បាន​បណ្តាល​ឲ្យ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ត្រូវ​ទទួល​រង​ការ​បំផ្លិចបំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ។ គេ​បាន​វាយតម្លៃ​ថា ព្យុះ​នេះ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​រដ្ឋ Texas ទាំងមូល និង សេដ្ឋកិច្ច​អាមេរិក​ផង​ដែរ៕
ប្រភព៖ cnbc

No comments:

Post a Comment

Post Top Ad