១០ ចំណុច​ដែលលោក​​អ្នក​​អាច​មិន​បាន​ដឹង​​ពី​​ទីផ្សារភាគហ៊ុន​សាកលលោក (World Stock Exchange) - channyfx

ការជួញដូរនៅទីផ្សារហាងឆេងប្តូរប្រាក់បរទេស និង​មាស

Hot

Post Top Ad

Friday, August 25, 2017

១០ ចំណុច​ដែលលោក​​អ្នក​​អាច​មិន​បាន​ដឹង​​ពី​​ទីផ្សារភាគហ៊ុន​សាកលលោក (World Stock Exchange)

ទីផ្សារ​ភាគហ៊ុន​គឺ​ជា​វិស័យ​មួយ​ដែល​​មាន​ប្រជាប្រិយភាព​បំផុត​អស់​រយៈកាល​រាប់​ទសវត្ស​មក​ហើយ។ ក៏ប៉ុន្តែ​បើ​ទោះបី​ជា​លោក​អ្នក​ធ្លាប់​បាន​ដឹង​ច្បាស់ បាន​ប្រឡូក​ ឬ ធ្លាប់​​ឮ​ពី​វា​យ៉ាងណា​ក្តី លោក​អ្នក​អាច​មិន​ទាន់​ស្គាល់​ច្បាស់​ពី​ស្ថានភាព​ទូទៅ​នៃ​​ទីផ្សារ​ភាគហ៊ុន​​នេះ​មាន​ការ​ប្រែប្រួល​​យ៉ាងណា​ខ្លះ​​​នៅ​ឡើយ​ទេ។ ម្ល៉ោះហើយ​ដើម្បី​ផ្តល់​ចំណេះដឹង​បន្ថែម​ទៀត​ដល់​លោកអ្នក សូម​បង្ហាញ​ជូន​នូវ​ពី​​ទិដ្ឋភាព​ខ្លះៗ​នៅ​ក្នុង​វិស័យ​នេះ​ដូច​តទៅ៖ ​​​​​
១.ផ្សារភាគហ៊ុន​​ណា​​មួយ​ដែល​មាន​វ័យ​ចំណាស់​​ជាងគេ​បំផុត? ​
ផ្សារភាគហ៊ុន Euronext Amsterdam ដែល​ពី​មុន​គេ​ហៅ​ថា  Amsterdam Stock Exchange ​ត្រូវ​បាន​គេ​​ទទួល​ស្គាល់​ថា​ គឺ​ជា​ផ្សារភាគហ៊ុន​​​មួយ​មាន​វ័យ​ចំណាស់​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក។ ស្ថិតនៅ​ទីក្រុង  Amsterdam ប្រទេស​ហុឡង់ដ៍ ផ្សារភាគហ៊ុន​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ជា​លើក​ដំបូង​នៅ​​ក្នុង​ឆ្នាំ ១៦០២ ពោល​គឺ​មាន​​អាយុកាល ៤១៥ ឆ្នាំ​មក​ហើយ​គិត​មកទល់​នឹង​ពេល​នេះ​។ បច្ចុប្បន្ន​គេ​ហៅ​​ផ្សារភាគហ៊ុន​នេះ​ថា ផ្សារភាគហ៊ុន​អឺរ៉ុប​  Euronext នេះ​​ឯង​ចាប់​តាំង​ពី​ឆ្នាំ ២០០០ មក។
២.ផ្សារភាគហ៊ុន​​​ណា​មួយ​ដែល​ធំ​ជាងគេ​បំផុត? 
 New York Stock Exchange របស់​អាមេរិក ត្រូវ​បាន​គេ​ទទួលស្គាល់​ថា គឺ​ជា​ផ្សារភាគហ៊ុន​តែមួយគត់​ដែល​មាន​ទំហំ​ធំ​ជាងគេ​នៅ​ក្នុង​ចំណោម​ផ្សារភាគហ៊ុន​នានា​នៅ​ជុំវិញ​សាកលលោក។ បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ ១៧៩២ (មាន​អាយុកាល ២២៥​ឆ្នាំ) បច្ចុប្បន្ន​ផ្សារភាគហ៊ុន​នេះ​មាន​ទំហំ​ទឹកប្រាក់​នៅ​លើ​ទីផ្សារ​ (Market Capitalization) ចំនួន ២១,៣ ពាន់​ពាន់​លាន​ដុល្លារ គិត​ត្រឹម​ខែ មិថុនា ឆ្នាំ ២០១៧​កន្លង​ទៅ​នេះ និង​មាន​ក្រុមហ៊ុន​ចុះ​ឈ្មោះ​ទិញ​លក់​ភាគហ៊ុន​ចំនួន ២ ៤០០ ក្រុមហ៊ុន។

៣.ផ្សារភាគហ៊ុន​​ណា​មួយ​ដែល​មាន​ក្រុមហ៊ុន​ចុះ​ឈ្មោះ​ជួញដូរ​ភាគហ៊ុន​ច្រើន​ជាងគេ​បំផុត? 
ផ្សារភាគហ៊ុន  Bombay Stock Exchange របស់​ឥណ្ឌា គឺ​ជា​ផ្សារភាគហ៊ុន​មួយ​ដែល​គេ​បាន​រក​ឃើញ​ថា មាន​ចុះ​ឈ្មោះ​ក្រុមហ៊ុន​ទិញ​លក់​ភាគហ៊ុន​ច្រើន​ជាងគេ​បំផុត​ក្នុង​លោក។ ស្ថិត​នៅក្នុង​ទីក្រុង Mumbai ផ្សារភាគហ៊ុន​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ជា​លើក​ដំបូង​ក្នុង​ឆ្នាំ ១៨៧៥ (មាន​​អាយុកាល​ ១៤២ ឆ្នាំ) ហើយ​មាន​ក្រុមហ៊ុន​ចំនួន ៥ ៧៤៩ បាន​ចុះ​ឈ្មោះ​នៅ​ផ្សារភាគហ៊ុន​នេះ។ 
៤.ក្រុមហ៊ុន​​ណា​ដែល​មាន​ភាគហ៊ុន​​​ថ្លៃ​ជាងគេ​ក្នុង​លោក​នៅ​​​ឆ្នាំ ២០១៧​នេះ? ​
នៅ​ក្នុង​ឆ្នាំ ២០១៧ នេះ ក្រុមហ៊ុន​ដែល​មាន​ភាគហ៊ុន​ថ្លៃ​ជាងគេ​គឺ​ភាគហ៊ុន​​ក្រុមហ៊ុន Berkshire Hathaway >  របស់​មហាសេដ្ឋី​អាមេរិក Warren Buffett។ បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ ១៨៣៩ (មាន​អាយុកាល ១៧៨ ឆ្នាំ) មួយ​ហ៊ុន ( Share Price ) របស់​​ក្រុមហ៊ុន​នេះ​មានតម្លៃ ២៤៧ ១៦០,០០ ដុល្លារ គិត​ត្រឹម​ខែ​​មិថុនា​កន្លង​ទៅ។
៥.ផ្សារភាគហ៊ុន​ណា​មួយ​​ដែល​​​តូច​ជាងគេ​បំផុត​ក្នុង​លោក? 
ផ្សារភាគហ៊ុន​របស់​ Seychelles គឺ Trop-X (Seychelles) Limited ដែល​ជា​ប្រទេស​ដែន​កោះ​​តូច​មួយ​នៅ​មហាសមុទ្រ​ឥណ្ឌា ត្រូវ​បាន​គេ​ចាត់ទុក​ថា ជា​ផ្សារភាគហ៊ុន​តូច​ជាងគេ​បំផុត​ក្នុង​លោក។ បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ ២០១៣ ថ្មីៗ​កន្លង​ទៅ​នេះ Trop-X មាន​ទំហំ​ទឹកប្រាក់​លើ​ទីផ្សារ (Market Cap) ត្រឹមតែ ៤៣ លាន​ដុល្លារ​ប៉ុណ្ណោះ។ ឯ​ផ្សារភាគហ៊ុន​តួច​ជាងគេ​បំផុត​លំដាប់​ទីពីរ​គឺ​ផ្សារភាគហ៊ុន​​កម្ពុជា Cambodia Stock Exchange ឬ CSX (Cambodia Securities Exchange-ក្រុមហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា)។ ដោយ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០១៤ ​ផ្សារភាគហ៊ុន​នេះ​មាន​ទំហំ​ទឹកប្រាក់ ១៧៦ លាន​ដុល្លារ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​គេហទំព័រ investmentfrontier។
៦.រដូវ​ណា​ដែល​ផ្សារភាគហ៊ុន​ស្ងប់ស្ងាត់ និង​​គ្រោះថ្នាក់​បំផុត​? 
ជា​ប្រវត្តិសាស្ត្រ​នៅ​ក្នុង​ទីផ្សារ​ភាគហ៊ុន​ រដូវ​ក្តៅ​​ជា​ពិសេស​នៅ​ខែ សីហា និង ខែ​កញ្ញា ​ជា​អំឡុង​ពេល​មួយ​ដែល​ទីផ្សារ​ភាគហ៊ុន​ស្ងប់ស្ងាត់ និង​អាច​​​​ប្រឈម​ទៅ​នឹង​គ្រោះថ្នាក់​ខ្លាំង​ជាងគេ​​​​​បំផុត​។ ហេតុផល​ចម្បង​មួយ​គឺ​ថា នៅ​អំឡុង​ពេល​នេះ ប្រជាជន​នៅ​លោក​ខាងលិច​ហាក់​​ដក​ខ្លួន​ច្រើន​ចេញ​ពី​ទីផ្សារ​ភាគហ៊ុន​​មិន​ដូច​សប​មួយដង​ដើម្បី​យក​ពេល​វេលា​ទៅ​លំហែកាយ​ក្រោយ​បំពេញ​ការងារ​អស់​រយៈពេល​មួយ​ឆ្នាំ​របស់​ពួកគេ។ 
៧.តើ​​ទំហំ​ទឹកប្រាក់​​ (Market Capitalization) របស់​ផ្សារភាគហ៊ុន​សាកលលោក​ទាំងមូល​មាន​ចំនួន​ប៉ុន្មាន​ហើយ?
គិត​ត្រឹម​ឆ្នាំ ២០០៣ ដល់​ឆ្នាំ ២០១៦ កន្លង​ទៅ ទំហំ​ទឹកប្រាក់​នៅ​​លើ​ទីផ្សារ​ភាគហ៊ុន​សាកលលោក​​បាន​កើន​ឡើង​ច្រើន​ជាង​ទ្វេដង​ដែល​មួយ​ភាគ​ធំ​​បាន​​មក​ពី​ចំណែក​ទីផ្សារ​ភាគហ៊ុន​របស់​អាស៊ី។ ទឹក​ប្រាក់​​នេះ​បាន​កើន​ឡើង​ពី​ចំនួន ២៨,១ ពាន់​ពាន់​លាន​​ដុល្លារ​នៅ​ក្នុង​ឆ្នាំ ២០០៣ មក​​ចំនួន ៦៥,៦ ពាន់​ពាន់​លាន​ដុល្លារ​កាល​ពី​ឆ្នាំ ២០១៦​កន្លង​ទៅ។
៨.ផ្សារភាគហ៊ុន​ណា​ខ្លះ​ដែល​​កំពុង​មាន​សន្ទុះ​ខ្លាំងក្លា​ជាងគេ​​​នៅ​ក្នុង​រយៈពេល​ជាង​១​ទសវត្ស​ចុងក្រោយ​នេះ?
លើកលែង​តែ​ជប៉ុន​ចេញ ផ្សារភាគហ៊ុន​នៅ​ក្នុង​តំបន់​អាស៊ី​កំពុង​ឡើង​កូដ​ខ្លាំង​ដូច​ជា​មហាយក្ស​ចិន និង ឥណ្ឌា​ជា​ដើម។ ចិន​កំពុង​ឈរ​នៅ​លេខ​២​មាន​ទំហំ​ទឹកប្រាក់​ក្នុង​ផ្សារភាគហ៊ុន​ច្រើន​ជាងគេ​បន្ទាប់​ពី​អាមេរិក​ដែល​មាន​ចំនួន ៦,៦ ពាន់​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ ២០១៦ ​កន្លង​ទៅ ឬ កើន​ឡើង ១ ៤៧៩% គិត​​ត្រឹម​ឆ្នាំ ២០០៣​មក។ រីឯ​ឥណ្ឌា​ថ្វីត្បិត​តែ​ទំហំ​ទឹកប្រាក់​មាន​ចំនួន​តិច តែ​​នៅ​ក្នុង​រយៈពេល​ដូចគ្នា​នេះ វា​បាន​កើន​ឡើង​ដល់​ទៅ ៦៣៩% ដែល​ជា​កំណើន​ដ៏​ឆាប់រហ័ស​បំផុត​ក្នុង​លោក​​​​លំដាប់​ទី២​បន្ទាប់​ពី​ចិន។ ទោះបី​ជា​​​ទំហំ​ទឹកប្រាក់​​គិត​ជា % សម្រាប់​ជួញដូរ​ក្នុង​ទីផ្សារ​ភាគហ៊ុន​ជប៉ុន​បាន​ធ្លាក់​​ចុះ​អស់ ៣% តាំង​ពី​ឆ្នាំ ២០០៣​មក ក៏​គេ​នៅ​តែ​ទទួល​ស្គាល់​ថា ផ្សារភាគហ៊ុន​អាស៊ី​គឺ​ជា​ទីផ្សារ​ភាគហ៊ុន​​ចំណូល​ថ្មី​មាន​ទំហំ​ទឹកប្រាក់​ជួញដូរ​ច្រើន​ជាង​​គេ​នៅ​ក្នុង​ចំណោម​ផ្សារភាគហ៊ុន​​នានា​ក្នុង​សាកលលោក​។
.ចុះ​ផ្សារភាគហ៊ុន​ណា​ខ្លះ​កំពុង​បាត់បង់​ប្រជាប្រិយភាព?
ចម្លើយ​គឺ​ផ្សារភាគហ៊ុន​​របស់​បណ្តា​ប្រទេស​នៅ​តំបន់​អឺរ៉ុប និង អាមេរិក។ ថ្វីត្បិត​តែ​ទំហំ​ទឹកប្រាក់​នៅ​លើ​ផ្សារភាគហ៊ុន​អាមេរិក (Market Capitalization) ​នៅ​ពេល​បច្ចុប្បន្ន​មាន​ការ​កើន​ឡើង​ក៏​​ពិត​មែន ក៏ប៉ុន្តែ​​​ការ​ក្តោប​ក្តាប់​គិត​ជា ​% លើ​ចំណែក​​ទឹកប្រាក់​​ជួញដូរ​នៅ​លើ​ទីផ្សារ​នេះ​​បាន​ធ្លាក់​ចុះ​មក​ត្រឹម ៣៦% នៅ​ក្នុង​ឆ្នាំ ២០១៦ ពី​​ចំនួន​ ៤៥% កាល​ពី​ឆ្នាំ ២០០៣ កន្លង​ទៅ​នៅក្នុង​ចំណោម​ទឹកប្រាក់​សរុប​នៅ​លើ​ទីផ្សារ​ភាគហ៊ុន​ទាំងមូល។ រីឯ​បណ្តា​ប្រទេស​​ផ្សេងៗ​ទៀត​នៅ​អឺរ៉ុប ដូច​ជា​បារាំង អាល្លឺម៉ង់ និង​ស្វីស​ជា​ដើម ទំហំ​​% នៃ​ការ​កាន់កាប់​ទឹកប្រាក់​ជួញដូរ​នៅ​លើ​ទីផ្សារ​​ភាគហ៊ុន​សាកលលោក​ក៏​កំពុង​ធ្លាក់​ចុះ​ផង​ដែរ បើ​ធៀប​ទៅ​នឹង​ចិន ឥណ្ឌា និង​ មហាអំណាច​ចូល​ថ្មី​មួយ​ចំនួន​ទៀត។
១០. តើ​សញ្ញាណ​ទាំង​នេះ​បាន​ប្រាប់​ទៅ​កាន់​ពិភពលោក​យ៉ាង​ដូចម្តេច​ខ្លះ​ពី​ស្ថានភាព​ទីផ្សារ​ភាគហ៊ុន​សាកលលោក​នៅ​ពេល​បច្ចុប្បន្ន​?
នេះ​ជា​​សូចនាករ​មួយ​ដែល​កំពុង​ចង្អុល​ទៅ​កាន់​ពិភពលោក​ថា ចំណែក​ទីផ្សារ​ភាគហ៊ុន​ដែល​ធ្លាប់​កាន់កាប់​​ដោយ​បណ្តា​មហាអំណាច​នៅ​តំបន់​អឺរ៉ុប និង​អាមេរិក​អស់​រយៈពេល​ជា​ច្រើន​ទសវត្ស​មក​ហើយ​នោះ​ កំពុង​ល្អៀង​បន្តិច​ម្តងៗ ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ទិស​ខាងកើត ដែល​នោះ​គឺ ទ្វីប​អាស៊ី។ មូលហេតុ​ដ៏​សំខាន់​មួយ​នោះ​គឺ​ថា សេដ្ឋកិច្ច​របស់​បណ្តា​ប្រទេស​ជឿនលឿន​នៅ​លោក​ខាងលិច​​កំពុង​ត្រដាបត្រដួស​ខ្លាំង ខណៈ​ដែល​បណ្តា​ប្រទេស​នៅ​តំបន់​អាស៊ី​កំពុង​​មាន​សន្ទុះ​​កំណើន​សេដ្ឋកិច្ច​ខ្លាំងក្លា។ 
អាមេរិក​នៅ​តែ​ជា​មហាអំណាច​​សេដ្ឋកិច្ច​ដដែល តែ​អឺរ៉ុប​វិញ​កំពុង​បាត់បង់​ឥទ្ធិពល​បន្តិច​ម្តងៗ​ហើយ។ ប៉ុន្តែ​អ្វី​ដែល​មិន​អាច​ប្រកែក​បាន​នោះ​គឺ​ថា ចិន និង ឥណ្ឌា នឹង​ក្លាយ​ជា​មហាអំណាច​ពិភពលោក​ថ្មី​​នៅក្នុង​រយៈពេល​ប៉ុន្មាន​​ទសវត្ស​ខាងមុខ​​​ ហើយ​នៅ​ពេល​នោះ​ហើយ​ដែល​អាស៊ី គឺ​ជា​តំបន់​មាន​សក្ដានុពល​ខ្លាំងក្លា​ដូច​អ្វី​ដែល​​អាមេរិក និង អឺរ៉ុប​ធ្លាប់​គ្រង​តំណែង​នៅ​ពេល​កន្លង​មក៕
ប្រភព៖ Businessinsider & finmarketguru & marketwatch​

No comments:

Post a Comment

Post Top Ad