ស្ថានភាពទីផ្សារជួញដូរប្រេងឆៅនៅព្រឹកនេះ
ហាក់មិនមានការប្រែប្រួលនោះឡើយ ខណៈដែលអង្គការ OPEC បាននិយាយថា
សញ្ញាណដ៏ច្បាស់មួយនឹងលេចរូបរាងឡើងដើម្បីធ្វើឲ្យទីផ្សារប្រេងឆៅមានតុល្យភាព
ទន្ទឹមនឹងផលិតកម្មប្រេងឆៅរបស់អាមេរិកនៅតែមិនទាន់ដំណើរការជាប្រក្រតីនៅឡើយទេ
ក្រោយទទួលរងខ្យល់ព្យុះចំនួន២កាលពីខែកញ្ញាកន្លងទៅ។
នៅព្រឹកនេះ
ទីផ្សារប្រេងឆៅរបស់អាមេរិកត្រូវបានជួញដូរក្នុងតម្លៃ ៤៩,៦៦
ដុល្លារក្នុងមួយបារ៉ែល ពោលគឺបានឡើងថ្លៃ ៨ សេន ឬស្មើនឹង ០,១៦%
ពីតម្លៃជួញដូរចុងក្រោយ។ ចំណែកទីផ្សារប្រេងឆៅ
នៅលើទីផ្សារអន្តរជាតិវិញ ត្រូវបានជួញដូរក្នុងតម្លៃ ៥៥,៨៤
ដុល្លារក្នុងមួយបារ៉ែល។
ទាក់ទងទៅនឹងប្រេងឆៅនៅតែត្រូវបានជួញដូរក្នុងតម្លៃខ្ពស់នេះ
អ្នកជួញដូរនានាបាននិយាយថា តម្លៃប្រេងឆៅហក់ឡើងនៅពេលកន្លងមកនេះ
ដោយសារតែវាទទួលបានការគាំទ្រពីសេចក្ដីថ្លែងការណ៍របស់អង្គការ OPEC
ដែលបានលើកឡើងថា
នឹងធ្វើឱ្យតម្លៃប្រេងឆៅមានតុល្យភាពឡើងវិញបន្ទាប់ពីជួបឧបសគ្គអស់រយៈពេល២ឆ្នាំកន្លងទៅដែលបណ្តាលមកពីការផ្គត់ផ្គង់លើសតម្រូវការ។
ជាការឆ្លើយតបទៅនឹងអ្វីដែលខ្លួនសន្យា
ស្ថាប័ននេះកំពុងអនុវត្តកិច្ចព្រមព្រៀងកាត់បន្ថយការផលិតប្រេងជាបន្តបន្ទាប់ទាំងនៅក្នុងចំណោមសមាជិក
និងមិនមែនជាសមាជិករបស់អង្គការនេះដូចជា
រុស្ស៊ីជាដើមចាប់តាំងពីដើមឆ្នាំ ២០១៧មក
ដើម្បីទប់ស្កាត់ការផលិតប្រេងឆៅដ៏ច្រើនលើសលប់។
នេះជាការខិតខំប្រឹងប្រែងមួយដ៏សំខាន់ដើម្បីជួយរក្សាតុល្យភាពតម្លៃប្រេងឲ្យស្ថិតនៅក្នុងតម្លៃមួយមិនក្រោម
៤០ ដុល្លារក្នុងមួយបារ៉ែលដូចជានៅពេលបច្ចុប្បន្ននេះ។
អ្នកវិភាគជាច្រើនបានលើកឡើងថា
ការកាត់បន្ថយការផលិតប្រេងឆៅរបស់អង្គការ OPEC
បូករួមទាំងតម្រូវការមានការកើនឡើងនៅលើទីផ្សារអន្តរជាតិ
ទំនងជួយគាំទ្រឲ្យវាបន្តឡើងថ្លៃទៀតក្នុងសញ្ញាណមួយដ៏ល្អនៅចុងឆ្នាំនេះ។
ក្រៅពីនេះ ការប្រឈមមុខដាក់គ្នាផ្នែកនយោបាយរវាងអាមេរិក
និងអ៊ីរ៉ង់ក៏ជាផ្នែកមួយដ៏សំខាន់ផ្តល់ឱកាសឲ្យទីផ្សារប្រេងឆៅបន្តវត្តមានឡើងថ្លៃតទៅទៀត។
យ៉ាងណាមិញ
ការហក់ឡើងនូវទីផ្សារប្រេងឆៅនៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះក៏ដោយសារតែមានការរួមចំណែកពីទីផ្សារផលិតប្រេងរបស់អាមេរិកដែរ។
គេសង្កេតឃើញថា ក្រុមហ៊ុនបូមប្រេងនានាចំនួន ៨៥% ឬ
ដែលមានសមត្ថភាពផលិតប្រេងបាន ១,៤៩ លានបារ៉ែលក្នុងមួយថ្ងៃនៅ
ក្នុងឈូងសមុទ្រម៉ិកស៊ិកបានផ្អាកអាជីវកម្មរបស់ខ្លួន
ដោយសារតែទទួលរងផលប៉ះពាល់ពីព្យុះ Harvey និងព្យុះ Irma
នៅពេលកន្លងមក។
នេះមានន័យថា ជោគវាសនាទីផ្សារប្រេងឆៅយ៉ាងណានោះ
គឺវាអាស្រ័យលើស្ថានភាពផលិតប្រេងរបស់អាមេរិក និងការខិតខំ
ប្រឹងប្រែងរបស់អង្គការ OPEC រួមបញ្ចូលគ្នា៕
ប្រភព៖ cnbc
No comments:
Post a Comment