ឡើងថ្លៃមកវិញមិនទាន់បានស្រួលបួលផង
ស្រប់តែថ្ងៃនេះប្រាក់ដុល្លារបានធ្លាក់ថ្លៃទៅវិញ
ធៀបទៅនឹងលុយយ៉េនរបស់ជប៉ុន
ដោយសារតែមានសម្ពាធទៅនឹងភាពតានតឹងភូមិសាស្ត្រនយោបាយនៅក្នុងតំបន់ឧបទ្វីបកូរ៉េ
និងសារនានាចេញពីធនាគារកណ្តាលអាមេរិកជុំវិញការព្រួយបារម្ភទៅនឹងកំណើនអតិផរណារបស់អាមេរិក។
ការជួញដូរប្រាក់ដុល្លារនៅព្រឹកនេះវាបានធ្លាក់ថ្លៃអស់ ០,២%
ត្រូវបានជួញដូរក្នុងតម្លៃ ១០៨,៦០ យ៉េនក្នុងមួយដុល្លារ
និងបានស្គាល់រសជាតិជួញដូរក្នុងតម្លៃ ១០៨,៥០ យ៉េនក្នុងមួយដុល្លារ
កៀកទៅនឹងតម្លៃជួញដូរ ១០៨,២៦៥ យ៉េនក្នុងមួយដុល្លារកាលពីថ្ងៃទី ២៨
សីហាកន្លងទៅ។
កាលពីថ្ងៃច័ន្ទកន្លងទៅមន្ត្រីការទូតកំពូលរបស់កូរ៉េខាងជើងបានព្រមានថា
រដ្ឋាភិបាលលោកកំពុងរៀបចំរួចហើយនូវអំណោយមួយបន្ថែមទៀតផ្ញើជូនឲ្យអាមេរិកខណៈដែលមហាអំណាចពិភពលោកមួយនេះបានតស៊ូដើម្បីស្វែងរកការគាំទ្រឆ្លើយតបទៅនឹងការធ្វើតេស្តអាវុធនុយក្លេអ៊ែរចុងក្រោយរបស់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង។
យ៉ាងណាមិញភាពតានតឹងនៃភូមិសាស្ត្រនយោបាយនេះគឺជា ឱកាសល្អសម្រាប់ទីផ្សារជួញដូរលុយយ៉េន
និង
ហ្រ្វង់ស្វីសរបស់ស្វីសដែលកំពុងមានប្រជាប្រិយភាពខ្លាំងនៅក្នុងសប្តាហ៍នេះ
ពោលរូបិយប័ណ្ណទាំងពីរសុទ្ធតែបានឡើងថ្លៃដូចគ្នា។
កាលៈទេសៈនេះលុយយ៉េនឡើងថ្លៃនៅពេលដែលជួញដូរព្យាយាមកាត់បន្ថយការប្រឈមនឹងហានិភ័យពីព្រោះរូបិយប័ណ្ណមួយនេះជាទូទៅគេបានប្រើប្រាស់ជាញឹកញាប់ដើម្បីទប់ទល់ទៅនឹងស្ថានការណ៍ជ្រួលច្របល់នៅលើទីផ្សារ។
ងាកទៅមើលលុយហ្រ្វង់ស្វីសវិញ បានឡើងថ្លៃ ០,១% បន្ថែមទៀត
ត្រូវបានជួញដូរក្នុងតម្លៃ ០៩៥៣៨ ហ្វ្រង់ស្វីសក្នុងមួយដុល្លារ
ដែលនេះបានធ្វើឲ្យវាឡើងថ្លៃសរុបបាន ១,១%
ហើយគិតត្រឹមថ្ងៃច័ន្ទដើមសប្តាហ៍នេះមក។
ជាការដាក់សម្ពាធបន្ថែមទៀតដល់ការជួញដូរប្រាក់ដុល្លារ
ទេសាភិបាលធនាគារកណ្តាលអាមេរិកលោក Lael Brainard
បានថ្លែងកាលពីម្សិលមិញថា
កំណើនអតិផរណាមិនទាន់មានកំណើនស្របទៅតាមគោលដៅរបស់ធនាគារកណ្តាលនៅឡើយទេ។
លោកបានបន្ថែមថា ដូច្នេះ
ស្ថាប័ននេះនៅមានការប្រុងប្រយ័ត្ននៅឡើយមុននឹងសម្រេចចិត្តដំឡើងអត្រាការប្រាក់ជាថ្មីម្តងទៀតនៅចុងឆ្នាំនេះ។
សារខាងលើនេះបានធ្វើឲ្យអ្នកវិភាគនានាយល់ឃើញថា
ធនាគារកណ្តាលហាក់នៅមានភាពស្ទាក់ស្ទើរនៅឡើយក្នុងការសម្រេចចិត្តដំឡើងអត្រាការប្រាក់របស់ខ្លួន។
ជាមួយគ្នានេះកាលពីពេលថ្មីៗកន្លងទៅ សមាជិកគណៈកម្មការ
របស់ធនាគារកណ្តាលក៏បានស្នើឲ្យមានការពន្យារពេលលើការដំឡើងអត្រាការប្រាក់នេះផងដែរ
ដោយរង់ចាំមើលលទ្ធផលកំណើនអតិផរណាជាមុនសិន។
ដោយឡែកការជួញដូរប្រាក់អឺរ៉ូវិញ នៅព្រឹកនេះវាបានឡើងថ្លៃ ០,១%
ត្រូវបានជួញដូរក្នុងតម្លៃ ១,១៩២៣ ដុល្លារក្នុងមួយអឺរ៉ូ។
ប៉ុន្តែតម្លៃនេះវានៅស្ថិតនៅក្រោមតម្លៃឡើងថ្លៃខ្ពស់បំផុត ១,២៧០
ដុល្លារកាលពីសប្តាហ៍មុន
ខណៈដែលអ្នកជួញដូរកំពុងរង់ចាំលទ្ធផលកិច្ចប្រជុំរបស់ធនាគារកណ្តាលអឺរ៉ុបនៅថ្ងៃស្អែកនេះលើគោលនយោបាយរូបិយវត្ថុរបស់ខ្លួន។
រីឯការជួញដូរប្រាក់ដុល្លារកាណាដាវិញ
តម្លៃជួញដូរចុងក្រោយស្ថិតនៅក្នុងតម្លៃ ១,២៣៦៩
ដុល្លារកាណាដាក្នុងមួយដុល្លារ
បន្ទាប់ពីបានហក់ឡើងថ្លៃដល់តម្លៃខ្ពស់បំផុតមួយ ពោលគឺ ១,២៣៣៦
ដុល្លារកាណាដាក្នុងមួយដុល្លារកាលពីថ្ងៃអង្គារម្សិលមិញ។
ការឡើងថ្លៃនេះបានកើតមានឡើងនៅមុនកិច្ចប្រជុំដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលរបស់ខ្លួនដែលនឹងធ្វើឡើងនៅថ្ងៃពុធយប់នេះ។
ដុល្លារកាណាដាបានឡើងហក់ឡើងថ្លៃខ្លាំងជាបន្តបន្ទាប់នេះគឺដោយសារតែទិន្នន័យកាលពីសប្តាហ៍មុនបានបង្ហាញថា
សេដ្ឋកិច្ចរបស់ប្រទេសនេះមានកំណើនខ្ពស់បំផុតមួយមិនធ្លាប់មាននៅក្នុងរយៈពេល៦ឆ្នាំកន្លងទៅនៅត្រីមាសឆ្នាំ
២០១៧នេះ។ លទ្ធផលនេះនាំឲ្យគេព្យាករណ៍ថា
ធនាគារកណ្តាលរបស់ខ្លួននឹងដំឡើងអត្រាការប្រាក់ជាមិនខាន៕
ប្រភព៖ cnbc
No comments:
Post a Comment