នៅថ្ងៃនេះ ការជួញដូរនៅលើផ្សារភាគហ៊ុនអាស៊ី
បានធ្លាក់ចុះបន្ទាប់ពីផ្សារភាគហ៊ុនអាមេរិកបានបិទបញ្ចប់ទៅក្នុងតម្លៃ
ធ្លាក់ថ្លៃដែរកាលពីយប់មិញ ក្រោយមានទិន្នន័យបង្ហាញថា
ភាគហ៊ុនរបស់ក្រុមហ៊ុនហិរញ្ញវត្ថុធំៗមានការធ្លាក់ចុះដែរ។
ការធ្លាក់ចុះនេះបានកើតមានឡើងនៅស្របពេលដែលភូមិសាស្ត្រនយោបាយនៅក្នុងតំបន់ឧបទ្វីបកូរ៉េមានភាពតានតឹងខ្លាំងនៃការប្រឈមមុខដាក់គ្នារវាងអាមេរិក
និងកូរ៉េខាងជើង។ ផ្សារភាគហ៊ុនជប៉ុន Nikkei បានធ្លាក់ថ្លៃអស់០,១៨%
ដូចទៅនឹងផ្សារភាគហ៊ុន Topix
របស់ខ្លួនដែរដែលបានធ្លាក់ថ្លៃក្នុងចំនួនដូចគ្នា។
នៅអូស្ត្រាលី ផ្សារភាគហ៊ុន S&P/ASX 200
បានធ្លាក់ថ្លៃខ្ពស់ជាងដល់ទៅ ០,៤៣% ខណៈដែលផ្សារភាគហ៊ុនហុងកុង
Hang Seng បានធ្លាក់ថ្លៃខ្ពស់ជាងបន្តិចដល់ទៅ ០,៤៧%។ នៅចិនដីគោក
ផ្សារភាគហ៊ុន សៀងហៃបានធ្លាក់ថ្លៃអស់ ០,៣៧% និង ផ្សារភាគហ៊ុន Shenzhen
បានធ្លាក់ថ្លៃទាបជាងត្រឹម ០,៣៤%។
ងាកទៅមើលកូរ៉េខាងត្បូង ផ្សារភាគហ៊ុន Kospi បានធ្លាក់ថ្លៃអស់០,៣៦%
ដោយសារតែអ្នកជួញដូរកំពុងមានការបារម្ភទៅនឹងស្ថានភាពនយោបាយនៅក្នុងតំបន់ដែលកំពុងតានតឹងឡើងវិញ
ក្រោយអាមេរិកបានបញ្ជូននាវាចម្បាំងចូលមកក្នុងតំបន់
ដើម្បីត្រៀមទប់ទល់ទៅនឹងការវាយប្រហារណាមួយរបស់កូរ៉េខាងជើង។
នៅក្នុងខណៈនេះ ភាគហ៊ុនរបស់ក្រុមហ៊ុនធនាគារនៅជប៉ុន កូរ៉េខាងត្បូង
ហុងកុង ចិន និង អូស្ត្រាលីជាដើម
សុទ្ធតែបានបង្ហាញសញ្ញាណអវិជ្ជមានដោយសារតែភាពតានតឹងនៃជម្លោះនយោបាយនៅក្នុងតំបន់។
នៅតំបន់អឺរ៉ុប
អ្នកវិនិយោគកំពុងបារម្ភផងដែរលើព្រឹត្តិការណ៍បោះឆ្នោតនៅបារាំងនៅចុងសប្តាហ៍នេះ
និង ការចរចាផ្តាច់ខ្លួនរបស់អង់គ្លេសចេញពីសហភាពអឺរ៉ុប
ដែលកំពុងបង្កភាពស្មុគស្មាញនៅក្នុងតំបន់៕
ប្រភព៖ cnbc
No comments:
Post a Comment