ប្រេង​ឡើង​ថ្លៃ ឬ ធ្លាក់​ថ្លៃ​ដោយសារ​អ្វី? - channyfx

ការជួញដូរនៅទីផ្សារហាងឆេងប្តូរប្រាក់បរទេស និង​មាស

Hot

Post Top Ad

Monday, April 10, 2017

ប្រេង​ឡើង​ថ្លៃ ឬ ធ្លាក់​ថ្លៃ​ដោយសារ​អ្វី?

កាល​ពី​ថ្ងៃ​មុន Askap ធ្លាប់​បាន​លើក​យក​អន្យបទ​មួយ​រួច​មក​ហើយ​ដែល​ស្តី​អំពី​មូលហេតុ​នៅ​ពីក្រោយ​តម្លៃ​​មាស​ឡើង​ថ្លៃ ឬ ធ្លាក់​ថ្លៃ។ នៅ​ថ្ងៃ​នេះ យើង​សូម​បង្វែរ​ចំណាប់អារម្មណ៍​លោក​អ្នក​ មក​ស្វែង​យល់​មូលហេតុ​នៅ​ពីក្រោយ​តម្លៃ​ប្រេង​ឡើង​ថ្លៃ ឬ ចុះ​ថ្លៃ​វិញ​ម្តង ថា​តើ​មាន​កត្តា​អ្វី​ខ្លះ​ទៅ?

១.តម្រូវ​ការ​​ផ្គត់ផ្គង់​នៅ​លើ​ទីផ្សារ​​ប្រើប្រាស់​ប្រេង​ពិភពលោក​ (Supply and Demand)
ជា​ទូទៅ​ទំនិញ​មួយ​ដែល​មាន​ការ​ផ្គត់ផ្គង់​លើស​តម្រូវ​ការ វា​នឹង​ចុះ​ថោក។ ផ្ទុយ​ទៅ​វិញ​បើ​តម្រូវ​ការ​មាន​ច្រើន​ជាង​ការ​​ផ្គត់ផ្គង់ ទំនិញ​នោះ​នឹង​ឡើង​ថ្លៃ​ជា​មិន​ខាន។ ប្រេង​ក៏​ដូច្នេះ​ដែរ បើ​គេ​សង្កេត​ឃើញ​ថា ការ​ផលិត​ប្រេង និង ការ​ស្តុក​ប្រេង​​មាន​ច្រើន​ជាង​មុន​លើស​តម្រូវ​ការ​ប្រេង​នៅ​លើ​ទីផ្សារ​​សាកល នោះ​តម្លៃ​ប្រេង​នឹង​ចុះ​ថោក​ជា​មិន​ខាន។ ប៉ុន្តែ​បើ​​ការ​ផលិត​ប្រេង ឬ ស្តុក​ប្រេង​ទុក​វា​ទាប​ជាង​តម្រូវ​ការ នោះ​ប្រេង​នឹង​​ឡើង​ថ្លៃ។
ជា​ឧទាហរណ៍​ជាក់​ស្តែង នៅ​ក្នុង​ឆ្នាំ ២០១៦ នេះ តម្លៃ​ប្រេង​បាន​ធ្លាក់​ថ្លៃ​ដល់​ទៅ​ក្រោម ៣០ ដុល្លារ​កាល​ពី​​ខែ​កុម្ភៈ ដោយសារ​តែ​គេ​មើល​ឃើញថា ​ជា​ផ្នែក​មួយ​បណ្តាល​មក​​ពី​ការ​ផលិត​ប្រេង និង ការ​ស្តុក​ប្រេង​​របស់​អាមេរិក​ដែល​ជា​អ្នក​ផ្គត់ផ្គង់​ប្រេង​ធំ​ជាងគេ​បំផុត​មួយ​នៅ​លើ​ពិភពលោក​បាន​កើន​ឡើង​ទ្វេដង​លើស​តម្រូវ​ការ​នៅ​លើ​ទីផ្សារ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។ 
ទន្ទឹម​នឹង​នេះ ប្រទេស​អង្គការ​នាំ​ប្រេង​ចេញ OPEC និង រុស្ស៊ី​ជា​ដើម​បាន​បង្កើន​ការ​ផលិត​ច្រើន​ជាង​មុន ខណៈ​ដែល​តម្រូវ​ការ​ប្រេង​ធ្លាក់​ចុះ​នៅ​ប្រទេស​ចិន​ដោយសារ​តែ​វិបត្តិ​សេដ្ឋកិច្ច​ធ្លាក់​ចុះ បាន​ធ្វើ​ឲ្យ​តម្លៃ​ប្រេង​ចុះ​ថោក​ទៅ។ នេះ​ជា​​ឫសគល់​​សំខាន់​មួយ​ដែល​ធ្វើ​ឲ្យ​តម្លៃ​ប្រេង​ប្រែប្រួល​ឡើង​ចុះ​អាស្រ័យ​លើ​តម្រូវ​ការ​ផ្គត់ផ្គង់​នេះ។ ​​
២.វិបត្តិ​​នយោបាយ​សាកលលោក
វិបត្តិ​សាកលលោក​ដូច​ជា​សង្គ្រាម អំពើ​ហិង្សា ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ និង​ការ​វាយប្រហារ​នានា​នឹង​ធ្វើ​ឲ្យ​តម្លៃ​ប្រេង​មាន​ការ​ប្រែប្រួល​ ពោល​គឺ​បាន​ឡើង​ថ្លៃ​ជា​ពិសេស​បើ​បញ្ហា​ទាំង​នេះ​កើត​មាន​ឡើង​នៅ​ក្នុង​ប្រទេស​ផលិត​ប្រេង​ដូច​ជា នៅ​អ៊ីរ៉ង់ អ៊ីរ៉ាក់​ និង លីប៊ី ​ជា​ដើម​។ 
ឧទាហរណ៍​ដូច​ជា​​សង្គ្រាម​​នៅ​ប្រទេស​ដឹកនាំ​ដោយ​អង្គការ​ NATO បាន​វាយប្រហារ​ទៅ​លើ​ប្រទេស​​លីប៊ី​កាល​ពី​ឆ្នាំ ២០១១ គឺ​ជា​ផ្នែក​មួយ​បាន​ធ្វើ​​ឲ្យ​តម្លៃ​ប្រេង​ឡើង​ថ្លៃ។ ប្រេង​ឡើង​ថ្លៃ​ដោយសារ​តែ​​លីប៊ី​ជា​ប្រទេស​ផលិត​ប្រេង​ដ៏​ធំ​មួយ​ដែរ ដូច្នេះ​ការ​វាយប្រហារ​នេះ​បាន​ធ្វើ​ឲ្យ​ការ​ផ្គត់ផ្គង់​ប្រេង​ចេញ​ពី​ប្រទេស​នេះ​ទៅ​ទី​ផ្សារ​សាកលលោក​បាន​ធ្លាក់​ចុះ ព្រោះ​វា​ប៉ះពាល់​ដល់​​ការ​ផលិត។
​​
​វិបត្តិ​ទាំង​នេះ​ក៏​​បាន​កើត​មាន​ឡើង​នៅ​បណ្តា​ប្រទេស​ផ្សេង​ទៀត​ដែរ​ ​ដូច​ជា​នៅ​នីហ្សេរីយ៉ា​ទ្វីប​អាហ្រ្វិក​ដែល​ជា​រឿយៗ​រង​ការ​វាយប្រហារ​ដោយ​ក្រុម​ឧទ្ទាម​ទៅ​លើ​អណ្តូង​ប្រេង​កាត​របស់​ខ្លួន។ ដូច្នេះ បើ​អណ្តូង​ប្រេង​កាត​ទាំង​​នោះ​ត្រូវ​រាំង​ខ្ទប់ ការ​ផលិត​ប្រេង​នឹង​ថយ​ចុះ នោះ​នឹង​ធ្វើ​ឲ្យ​តម្លៃ​ប្រេង​ឡើង​ថ្លៃ​ដែរ​។ 
៣.គ្រោះមហន្តរាយ​ផ្សេងៗ
ចំណុច​ចុងក្រោយ​ទាក់ទិន​ទៅ​នឹង​គ្រោះ​មហន្តរាយ​ដែល​មិន​អាច​ព្យាករណ៍​ទុក​ជា​មុន​បាន ដូច​ជា​គ្រោះ​មហន្តរាយ​ទឹក​ជំនន់ ខ្យល់ព្យុះ ការរញ្ជួយដី ភ្លើង​ឆេះ​ព្រៃ​ ជា​ដើម មាន​ឥទ្ធិពល​ទៅ​លើ​តម្លៃ​ប្រេង។ 
ឧទាហរណ៍​កាល​ពី​ឆ្នាំ ២០០៥ នៅ​ពេល​ដែល​អាមេរិក​ជួប​គ្រោះ​មហន្តរាយ​ខ្យល់ព្យុះ Hurricane Katrina  កាល​ពី​ឆ្នាំ ២០០៥ ដែល​បាន​បណ្តាល​ឲ្យ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ជា​ច្រើន​ដែល​រួម​មាន​ទាំង​រោងចក្រ​ផលិត​ប្រេង​ត្រូវ​បំផ្លិចបំផ្លាញ បាន​ធ្វើ​ឲ្យ​តម្លៃ​ប្រេង​ឡើង​ថ្លៃ​ភ្លាមៗ។ កត្តា​នេះ​ដោយសារ​តែ​រោងចក្រ​ផលិត​ប្រេង​ផ្អាក​ដំណើរការ​ផលិត និង មិន​អាច​ផ្គត់ផ្គង់​តាម​តម្រូវ​ការ​​ភ្លាមៗ​បាន ធ្វើ​ឲ្យ​ប្រេង​ឆក់​ឱកាស​ឡើង​ថ្លៃ​លើ​ទីផ្សារ​អន្តរជាតិ។
សម្រាប់​អ្នក​ជួញដូរ​ប្រេង​នៅ​លើ​ទីផ្សារ​​អន្តរជាតិ គេ​បាន​កំណត់​ការ​ជួញដូរ​តម្លៃ​ប្រេង​ក្នុង​តម្លៃ​​ណា​មួយ​គឺ​ផ្អែក​លើ​ស្ថានភាព​ទាំង​នេះ​ ទុក​ធ្វើ​ជា​មូលដ្ឋាន​សម្រាប់​ជួញដូរ​ប្រចាំ​ថ្ងៃ៕
ប្រភព៖ thebalance & oilprice

No comments:

Post a Comment

Post Top Ad