អ្នកវិនិយោគកំពុងមានទំនុកចិត្តឡើងវិញ
ក្រោយលទ្ធផលបោះឆ្នោតជ្រើសរើសប្រធានាធិបតីរបស់បារាំងបានបង្ហាញថា
លោក Emmanuel Macron
បានក្លាយជាបេក្ខភាពប្រធានាធិបតីមានសម្លេងឆ្នោតដឹកមុខគេនៅក្នុងជុំទី១នេះ។
ស្ថានីយបោះឆ្នោតប្រមាណ ៩៦% នៅទូទាំងប្រទេស
បានបង្ហាញសម្លេងឆ្នោតថា លោក Emmanuel Macron
ដែលជាអតីតរដ្ឋមន្រ្តីសេដ្ឋកិច្ចបារាំងបានទទួលបានសម្លេងគាំទ្រដឹកមុខគេក្នុងចំនួន
២៣,៧% ខណៈដែលលោកស្រី Marine Le Pen
ទទួលបានសម្លេងឆ្នោតគាំទ្រប្រកៀកប្រកិតគ្នាក្នុងចំនួន ២១,៨%។
ការបោះឆ្នោតជុំទី២នឹងធ្វើឡើងនៅថ្ងៃទី ៧ ខែឧសភាខាងមុខនេះ។
បើកការជួញដូរនៅលើទីផ្សារអាស៊ីព្រឹកនេះ
ប្រាក់អឺរ៉ូបានឡើងថ្លៃ បើធៀបទៅនឹងប្រាក់ដុល្លារ
ខណៈដែលអ្នកវិនិយោគបានព្យាករណ៍ថា
ឱកាសនៃក្លាយជាប្រធានាធិបតីរបស់លោកស្រី Le Pen
គឺទំនងមិនអាចទៅរួចនោះឡើយ។ លោកស្រី
គឺជាបេក្ខភាពប្រធានាធិបតីមួយរូបដែលជារឿយៗបានសន្យាថា
បើលោកស្រីឈ្នះឆ្នោត
លោកស្រីនឹងដឹកនាំបារាំងឲ្យងាកចេញពីតំបន់អឺរ៉ុប
ដូចអង់គ្លេសដែរ។
ការឃោសនារបស់លោកស្រីនេះហើយដែលធ្វើឲ្យអ្នកវិនិយោគមានការបារម្ភទៅនឹងជ័យជំនះរបស់លោកស្រី។
ធៀបទៅនឹងដុល្លារ ប្រាក់អឺរ៉ូត្រូវបានជួញដូរដល់តម្លៃ ១,០៨៣៨
ដុល្លារ ដែលជាតម្លៃមួយល្អបំផុតបើធៀបទៅនឹងថ្ងៃ
សុក្រកន្លងទៅដែលវាត្រូវបានជួញដូរត្រឹមតែ ១,០៧២ ដុល្លារប៉ុណ្ណោះ។
បើធៀបទៅនឹងលុយយ៉េនវិញ
ប្រាក់អឺរ៉ូត្រូវបានជួញដូរក្នុងតម្លៃឡើងថ្លៃដែរ ពោលគឺ ១១៩,២០
យ៉េន៕
ប្រភព៖ cnbc
No comments:
Post a Comment