ទីផ្សារជួញដូរប្រាក់ដុល្លារនៅព្រឹកនេះត្រូវបានគេមើលឃើញថា
បានធ្លាក់ថ្លៃជាថ្មីទៀតពីតម្លៃជួញដូរឡើងថ្លៃមិនធ្លាប់មាននៅក្នុងរយៈពេល១០សប្តាហ៍កន្លងទៅជុំវិញភាពមន្ទិលសង្ស័យទៅនឹងការបរាជ័យនៃគោលនយោបាយពន្ធដាររបស់លោក
Trump
និងការឡើងថ្លៃនៃប្រាក់អឺរ៉ូបានដាក់សម្ពាធបន្ថែមទៀតដល់ប្រាក់ដុល្លារ។
នៅថ្ងៃនេះប្រាក់អឺរ៉ូបានឡើងថ្លៃ ០,១៥% ស្ថិតនៅតម្លៃជួញដូរ
១,១៨២៤
ដុល្លារបន្ទាប់ពីបានឡើងថ្លៃម្តងរួចមកហើយកាលពីយប់មិញក្នុងតម្លៃជួញដូរ
១,១៨២៨ ដុល្លារ។ តម្លៃនេះហើយដែលគេយល់ឃើញថា ជាតម្លៃឡើងថ្លៃ
ខ្ពស់បំផុតមិនធ្លាប់មានគិតចាប់តាំងពីថ្ងៃទី ១៩ កញ្ញាមក
បន្ទាប់ពីវាបានធ្លាក់ថ្លៃដល់តម្លៃ ១,១៦៦៩
ដុល្លារកាលពីថ្ងៃសុក្រកន្លងទៅនៅពេលមានរបាយការណ៍ល្អលើកំណើនប្រាក់ឈ្នួលលើថ្លៃពលកម្មរបស់ពលរដ្ឋអាមេរិក។
គេសង្កេតឃើញថា
ប្រាក់អឺរ៉ូបានស្ទុះងើបឡើងវិញចាប់តាំងពីមានការគាំទ្រដោយភាពសុទិដ្ឋិនិយមលើកំណើនសេដ្ឋកិច្ចតំបន់ចាយប្រាក់អឺរ៉ូ
និងភាពធូរស្រាលឡើងវិញនៃវិបត្តិនយោបាយក្នុងតំបន់ Catalonia
ដែលបានទាមទារផ្តាច់ខ្លួនចេញពីអេស្ប៉ាញ។ ទន្ទឹមនឹងនេះ
ទិន្នន័យសេដ្ឋកិច្ចរបស់អាល្លឺម៉ង់កាលពីថ្ងៃអង្គារម្សិលមិញបានបង្ហាញថា
ការនាំចេញរបស់ខ្លួនបានកើនឡើងកាលពីខែសីហាកន្លងទៅ
ដែលជាផ្នែកមួយធ្វើឲ្យទីផ្សារប្រាក់អឺរ៉ូមានសង្ឃឹមឡើងវិញ។
ចំពោះការជួញដូរប្រាក់ដុល្លារធៀបទៅនឹងប្រាក់អឺរ៉ូវិញ
វាកំពុងបង្ហាញសញ្ញាណអវិជ្ជមានជុំវិញភាពមិនប្រាកដប្រជានៃគោលនយោបាយពន្ធដាររបស់លោក
Trump ដែលហាក់មិនបានបង្ហាញលទ្ធផលផ្លែផ្កាអ្វីសោះ។
ភាពខ្វែងគំនិតគ្នាជាសាធារណៈរបស់លោក Trump
ជាមួយសមាជិកព្រឹទ្ធសភាលោក Bob Corker មកពីរដ្ឋTennessee
បានលើកឡើងពីការព្រួយបារម្ភថា
ការជួយពន្លឿនលើកម្មវិធីពន្ធដារថ្មីរបស់លោកអាចនឹងត្រូវទទួលរងផលប៉ះពាល់។
សារនេះហើយដែលជាលទ្ធផលធ្វើឲ្យប្រាក់ដុល្លារជួញដូរធ្លាក់ថ្លៃ
ធៀបទៅនឹងលុយយ៉េនរបស់ជប៉ុន ពោលគឺ ០,១៥% សម្រាប់ថ្ងៃ នេះ
ត្រូវបានជួញដូរក្នុងទីតាំងតម្លៃ ១១២,៣០០ យ៉េនក្នុងមួយដុល្លារ
បន្ទាប់ពីបានធ្លាក់ថ្លៃដល់តម្លៃ ១១១,៩៩០
យ៉េនក្នុងមួយដុល្លារកាលពីយប់មិញ។ កាលពីថ្ងៃសុក្រកន្លងទៅ
ទីផ្សារប្រាក់ដុល្លារបានហក់ឡើងដល់តម្លៃ ១១៣,៤០ យ៉េន
ប៉ុន្តែបានធ្លាក់ថ្លៃវិញ
នៅពេលភាពតានតឹងភូមិសាស្ត្រនយោបាយនៅឧបទ្វីបកូរ៉េកើនកម្តៅឡើងវិញ។
ងាកទៅមើលទីផ្សារប្រាក់ដុល្លារអូស្ត្រាលីវិញ បានឡើងថ្លៃ ០,៣%
ស្ថិតនៅក្នុងតម្លៃជួញដូរ ០,៧៨០២ ដុល្លារ។
ចំណែកទីផ្សារប្រាក់ដុល្លារនូវែលហ្សេឡង់បានឡើងថ្លៃខ្ពស់ជាងបន្តិច
ពោលគឺ ០,៤% ត្រូវបានជួញដូរក្នុងតម្លៃ ០,៧០៧៩ ដុល្លារ
ដោយបានងើបឡើងវិញពីតម្លៃជួញដូរទាបបំផុត ០,៧០៥២ ដុល្លារ
កាលពីថ្ងៃច័ន្ទកន្លងទៅ
នៅពេលស្ថានភាពនយោបាយរបស់ខ្លួនកំពុងស្ថិតនៅភាពប្រទាញប្រទង់នៅឡើយក្រោយការបោះឆ្នោតបានបញ្ចប់ទៅថ្មីៗនេះ៕
ប្រភព៖ cnbc
No comments:
Post a Comment