ទីផ្សារប្រេងឆៅកំពុងមានប្រជាប្រិយភាពកាន់តែខ្លាំងនៅថ្ងៃពុធនេះ
ដោយសារមានការធ្លាក់ចុះនៃការផលិតប្រេងរបស់អាមេរិក
និងការព្រួយបារម្ភថា
ភាពតានតឹងនៅក្នុងតំបន់មជ្ឈឹមបូព៌ាអាចបង្អាក់ដល់ការផ្គត់ផ្គង់ប្រេងនៅលើទីផ្សារអន្តរជាតិ។
តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិបានឡើងថ្លៃដល់តម្លៃ ៥៨,២៧
ដុល្លារក្នុងមួយបារ៉ែល ពោលគឺបានឡើងថ្លៃបាន ៣៩ សេន ឬស្មើនឹង ០,៧%
ពីតម្លៃបិទការជួញដូរចុងក្រោយកាលពីម្សិលមិញ។ តម្លៃនេះ
គឺជាតម្លៃជួញដូរខ្ពស់បំផុតជាលើកទី៣នៅក្នុងឆ្នាំនេះ។
ចំណែកទីផ្សារជួញដូរប្រេងឆៅរបស់អាមេរិក West Texas Intermediate (WTI)
មានតម្លៃ ៥២,០៨ ដុល្លារក្នុងមួយបារ៉ែល ឡើងថ្លៃបាន ២០ សេន
ឬស្មើនឹង ០,៤%។
អ្នកជួញដូរនានាបានលើកឡើងថា
ទីផ្សារប្រេងឡើងថ្លៃនេះគឺដោយសារតែមានការរុញច្រានពីទិន្នន័យធ្លាក់ចុះនៅក្នុងទីផ្សារផលិតប្រេងរបស់អាមេរិក
រួមទាំងទាំងការព្រួយបារម្ភទៅ
នឹងព័ត៌មានវាយប្រយុទ្ធគ្នានៅអ៊ីរ៉ាក់
និងការប្រឈមមុខដាក់គ្នារវាងអាមេរិក
និងអ៊ីរ៉ង់ដែលនឹងអាចប៉ះពាល់ដល់ការផ្គត់ផ្គង់ប្រេងឆៅនៅលើទីផ្សារសាកល។
វិទ្យាស្ថានប្រេងឥន្ធនៈអាមេរិក (API)
បានរាយការណ៍កាលពីថ្ងៃអង្គារម្សិលមិញថា
ការស្តុកប្រេងឆៅរបស់ខ្លួនបានធ្លាក់ចុះអស់ ៧,១
លានបារ៉ែលក្នុងសប្តាហ៍ថ្ងៃទី១៣
ខែតុលាកន្លងទៅនេះមកត្រឹមចំនួនសរុប ៤៦១,៤ លានបារ៉ែលប៉ុណ្ណោះ។
ក្រៅពីនេះ
ទិន្នន័យស្តីពីការស្តុកប្រេងឥន្ធនៈផ្លូវការរបស់អាមេរិកនឹងត្រូវចេញផ្សាយជាសាធារណៈផងដែរនៅយប់នេះ។
បន្ថែមពីលើសម្ពាធផលិតប្រេងឆៅក្នុងទីផ្សារអាមេរិក
ការកើនឡើងនៃភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ាមានន័យថា
ជាសញ្ញាណវិជ្ជមានមួយសម្រាប់ធ្វើឲ្យទីផ្សារប្រេងឆៅងើបឡើងវិញ។
កាលពីដើមសប្តាហ៍នេះ
កងកម្លាំងរដ្ឋាភិបាលអ៊ីរ៉ាក់បានដណ្តើមបានទីក្រុងប្រេង Kirkuk
មកវិញ ដែលកាន់កាប់ដោយជនជាតិ
ឃឺដក្រោយពួកគេបានធ្វើប្រជាមតិប្រកាសឯករាជ្យផ្តាច់ខ្លួន
ដែលសកម្មភាពនេះធ្វើឲ្យរាំងស្ទះដល់ការផ្គត់ផ្គង់ប្រេងឆៅ។
ក្រៅពីនេះ
ភាពតានតឹងនៃការប្រឈមមុខដាក់គ្នារវាងរដ្ឋាភិបាលអាមេរិក
និងអ៊ីរ៉ង់បានដាក់សម្ពាធថ្មីកាន់តែខ្លាំងឡើងដល់ទីផ្សារប្រេងឆៅ។
កាលពីថ្ងៃសុក្រកន្លងទៅ លោក Donald Trump
បានបដិសេធមិនព្រមបញ្ជាក់ពីការជំហររបស់អ៊ីរ៉ង់លើការអនុវត្តិកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលបានទុកពេលឲ្យ៦០ថ្ងៃទៀត
ដើម្បីសម្រេចចិត្តថា
នឹងធ្វើសកម្មភាពអ្វីបន្ថែមទៀតប្រឆាំងទៅនឹងប្រទេសនេះ៕
ប្រភព៖ cnbc
No comments:
Post a Comment