ដុល្លារ​ឡើង​ថ្លៃ​ដល់​តម្លៃ​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅ​ក្នុង​រយៈពេល​៧​សប្តាហ៍​កន្លង​ទៅ​នេះ - channyfx

ការជួញដូរនៅទីផ្សារហាងឆេងប្តូរប្រាក់បរទេស និង​មាស

Hot

Post Top Ad

Friday, October 6, 2017

ដុល្លារ​ឡើង​ថ្លៃ​ដល់​តម្លៃ​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅ​ក្នុង​រយៈពេល​៧​សប្តាហ៍​កន្លង​ទៅ​នេះ

ការ​ជួញដូរ​ប្រាក់​ដុល្លារ​នៅ​ថ្ងៃ​នេះ​បាន​ស្គាល់​រសជាតិ​ឡើង​ថ្លៃ​ដល់​តម្លៃ​ខ្ពស់​បំផុត​មិន ធ្លាប់​មាន​នៅ​ក្នុង​រយៈពេល​៧​សប្តាហ៍​កន្លង​ទៅ នៅ​មុន​ពេល​របាយការណ៍​ការងារ​ប្រចាំ​ខែ​កញ្ញា​ត្រូវ​បាន​ចេញ​ផ្សាយ​នៅ​យប់​នេះ ជា​មួយ​នឹង​ក្តី​សង្ឃឹម​លើ​​ការ​វិវត្ត​ទៅ​មុខ​នៃ​កម្មវិធី​ពន្ធដារ​ថ្មី។

ការ​ជួញដូរ​ចុងក្រោយ​បាន​បង្ហាញ​ថា សន្ទស្សន៍​ជួញដូរ​ប្រាក់​ដុល្លារ​គោល​ធៀប​ទៅ​នឹង​រូបិយប័ណ្ណ​សំខាន់ៗ​ចំនួន​៦ ត្រូវ​បាន​ជួញដូរ​ក្នុង​ទីតាំង​តម្លៃ ៩៣,៩៥៥។ យ៉ាងណាក៏ដោយ នៅ​ថ្ងៃ​សុក្រ​នេះ​វា​បាន​ហក់​ដល់​ទីតាំង​តម្លៃ ៩៤,០១៦ ​ដែល​ជា​តម្លៃ​ជួញដូរ​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​គិត​ចាប់​តាំង​ពី​ថ្ងៃ​ទី ១៧ សីហា​មក។
ធៀប​ទៅ​នឹង​លុយ​យ៉េន​ ប្រាក់​ដុល្លារ​បាន​ឡើង​ថ្លៃ ០,១% ស្ថិត​ក្នុង​តម្លៃ​ជួញដូរ ១១២,៨៩ យ៉េន​ក្នុង​មួយ​ដុល្លារ។ ធៀប​ទៅ​នឹង​លុយ​អឺរ៉ូ​វិញ វា​ហាក់​មិន​មាន​ការ​ប្រែប្រួល​ខ្លាំង​នោះ​ទេ ដោយ​ត្រូវ​បាន​ជួញដូរ​ត្រឹម​តម្លៃ ១,១៧០៨ ដុល្លារ បន្ទាប់​ពី​ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ១,១៦៩៥៥ ដុល្លារ​ម្តង​រួច​មក​ហើយ​កាល​ពី​ថ្ងៃ​អង្គារ ដែល​ជា​តម្លៃ​ជួញដូរ​ទាប​បំផុត​មិន​ធ្លាប់​មាន​គិត​ចាប់​តាំង​ពី ខែ​សីហា​មក។
ងាក​មក​មើល​លុយ​ផោន​អង់គ្លេស​វិញ​នៅ​តែ​មាន​សម្ពាធ​ និង​ធ្លាក់​ថ្លៃ​​ដល់​តម្លៃ​ទាប​បំផុត​មិន​ធ្លាប់​មាន​នៅ​ក្នុង​រយៈពេល​៤​សប្តាហ៍​កន្លង​ទៅ​នៅ​ថ្ងៃ​សុក្រ​នេះ។ ការ​ធ្លាក់​ថ្លៃ​ដោយសារតែ​មាន​ភាព​ចម្រូងចម្រាស​នៅ​ក្នុង​ក្បាល​ម៉ាស៊ីន​ដឹកនាំ​ក្នុង​ជូរ​នយោបាយ​របស់​ប្រទេស​នេះ ខណៈ​ដែល​ការ​ចរចា​ចាកចេញ​ពី​សហភាព​អឺរ៉ុប​នៅ​តែ​បន្ត​ជា​បញ្ហា​នៅ​ឡើយ។ 
នៅ​ព្រឹក​នេះ លុយ​ផោន​ធ្លាក់​ថ្លៃ​អស់ ០,២% ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ១,៣០៩៩ ដុល្លារ។ នៅ​ព្រឹក​នេះ​វា​បាន​ធ្លាក់​ថ្លៃ​ម្តង​ដែរ​ទៅ​កាន់​តម្លៃ ១,៣០៨៨ ដែល​ជា​តម្លៃ​ជួញដូរ​ទាប​បំផុត​មិន​ធ្លាប់​មាន​គិត​ចាប់​តាំង​ពី​ថ្ងៃ​ទី ៧ កញ្ញា​មក និង​បាន​ធ្លាក់​ថ្លៃ​សរុប​អស់ ២,២% នៅ ក្នុង​សប្តាហ៍​នេះ ដែល​ជា​សប្តាហ៍​ជួញដូរ​ធ្លាក់​ថ្លៃ​ដ៏​ច្រើន​បំផុត​មិន​ធ្លាប់​មាន​គិត​ចាប់​តាំង​ពី​ខែ​តុលា​ឆ្នាំ ២០១៦​មក។ 
ងាក​ទៅ​មើល​នយោបាយ​អាមេរិក កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ សមាជិក​សភា​គណបក្ស​សាធារណរដ្ឋ​បាន​​បង្ហាញ​ជំហាន​ផ្លាស់ប្ដូរ​​មួយ​ដើម្បី​ពន្លឿន​​លើ​​ក្រម​ស្ដីពី​កំណែទម្រង់​ពន្ធដារ​ថ្មី និង​ទទួល​បាន​ការ​អនុម័ត​យល់ព្រម​រួច​មក​ហើយ​ពី​សមាជិក​សភា​មក​ពី​គណបក្ស​សាធារណៈ​រដ្ឋ​នេះ។ ​លទ្ធផល​នេះ នាំ​ឲ្យ​មាន​ក្តី​សង្ឃឹម​សម្រាប់​អនាគត​​ដឹកនាំ​របស់​លោក Trump ដែល​តែងតែ​ទាមទារ​ចង់​បាន​ជា​យូរ​ណាស់​មក​ហើយ។ ​
ចំពោះ​ទីផ្សារ​​ប្រាក់ដុល្លារ​បាន​ទាក់ទាញ​ការ​គាំទ្រ​បន្ថែម​ទៀត​​នៅ​លើ​ទីផ្សារ​ជួញដូរ​បន្ទាប់​ពី​ទិន្នន័យ​បាន​ចេញផ្សាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ដែល​បាន​បង្ហាញ​ថា  ការ​បញ្ជាទិញ​ទំនិញ​សំខាន់ៗ​​របស់​អាមេរិក​នៅ​ក្នុង​ខែ​សីហា​​ គឺ​ល្អ​ប្រសើរ​ជាង​​ការ​ព្យាករណ៍។  នេះ​មានន័យ​ថា ក្រោយ​មាន​ព្យុះ Harvey និង Irma ការ​ជួសជុល​ឡើង​វិញ​​នូវ​អាជីវកម្ម និង​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​នឹង​ជួយ​ឲ្យ​មាន​តម្រូវ​ការ​ការងារ និង​​បង្កើន​ការ​ចំណាយ។
នៅ​ថ្ងៃ​នេះ អ្នក​ជួញដូរ​នៅ​លើ​ទីផ្សារ​អន្តរជាតិ​កំពុង​ទន្ទឹង​រង់ចាំ​លើ​របាយការណ៍​ការងារ​របស់​អាមេរិក​ប្រចាំ​ខែ​កញ្ញា​កន្លង​ទៅ។ ទិន្នន័យ​បឋម​​នានា​បាន​លើក​ឡើង​ថា កំណើន​ការងារ​នឹង​ធ្លាក់​ចុះ​​ដោយសារ​តែ​ផល​ប៉ះពាល់​ពី​ព្យុះ​ធំៗ​ចំនួន​ពីរ​គឺ​ព្យុះ Harvey និង​ព្យុះ Irma។ យោង​តាម​ការ​ស្ទង់មតិ​របស់​សារព័ត៌មាន Reutersកំណើន​ការងារ​​​អាមេរិក​អាច​មាន​ចំនួន​ត្រឹម ៩០ ០០០ កន្លែង​​សម្រាប់​ខែ​កញ្ញា​កន្លង​ទៅ ខណៈ​​កាល​ពី​ខែ​សីហា​​វា​បាន​កើន​ឡើង​ដល់ ១៥៦ ០០០ កន្លែង៕
ប្រភព៖ cnbc

No comments:

Post a Comment

Post Top Ad