ដុល្លារ​នៅ​តែ​ធ្លាក់​ថ្លៃ​​នៅ​ថ្ងៃ​ចុងក្រោយ​សប្តាហ៍​នេះ - channyfx

ការជួញដូរនៅទីផ្សារហាងឆេងប្តូរប្រាក់បរទេស និង​មាស

Hot

Post Top Ad

Friday, October 13, 2017

ដុល្លារ​នៅ​តែ​ធ្លាក់​ថ្លៃ​​នៅ​ថ្ងៃ​ចុងក្រោយ​សប្តាហ៍​នេះ

ការ​ជួញដូរ​ប្រាក់​ដុល្លារ​នៅ​លើ​ទីផ្សារ​អាស៊ី ព្រឹក​​ថ្ងៃ​សុក្រ​នេះ​ត្រូវ​បាន​គេ​មើល​​ឃើញ​ថា នៅ​តែ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​អវិជ្ជមាន​ដដែល ខណៈ​ដែល​អ្នក​ជួញដូរ​កំពង់​រង់ចាំ​ទិន្នន័យ​ស្ដីពី​អតិផរណា​របស់​អាមេរិក​​ដើម្បី​​ផ្គត់ផ្គង់​​មើល​ពី​អនាគត​នៃ​ការ​ដំឡើង​អត្រា​ការប្រាក់​របស់​ធនាគារ​កណ្តាល​ប្រទេស​នេះ។

សន្ទស្សន៍​​ជួញដូរ​ប្រាក់ដុល្លារ​ធៀប​ទៅ​នឹង​គូរ​​រូបិយប័ណ្ណ​ធំៗ​ចំនួន​៦​ដែល​ត្រូវ​បាន​ជួញដូរ​នៅ​លើ​ទីផ្សារ​អន្តរជាតិ​ កំពុង​មាន​ស្ថានភាព​ជួញដូរ​នៅ​ក្នុង​ទីតាំង ៩៣,០៨៣។ បើ​គេ​មើល​សន្ទស្សន៍​នេះ​ ហាក់​មាន​ស្ថានភាព​ល្អ​បន្តិច​ជាង​ម្សិលមិញ ក៏ប៉ុន្តែ​នៅ​សប្តាហ៍​នេះ​វា​បាន​ធ្លាក់​ថ្លៃ​សរុប​ដល់​ទៅ ០,៨% រួច​ទៅ​ហើយ។
កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​​ម្សិលមិញ ក្រសួង​ការងារ​​របស់​អាមេរិក​បាន​និយាយ​ថា  សន្ទស្សន៍​​តម្លៃ​ទំនិញ​របស់​អ្នក​ផលិត​​សម្រាប់​តម្រូវការ​ចុង​ក្រោយ​បាន​កើន​ឡើង​ ០,៤% នៅ​ក្នុង​ខែ​កញ្ញា​​កន្លង​ទៅ​។ ក្នុង​រយៈ​ពេល​១២​ខែ​ចុងក្រោយ​គិត​ត្រឹម​ខែ​កញ្ញា​កន្លង​ទៅ ​សន្ទស្សន៍​តម្លៃ​ទំនិញ​ខាងលើ​បាន​កើន​ឡើង​ ២,៦% ដែល​ជា​កំណើន​ដ៏​ច្រើន​បំផុត​មិន​ធ្លាប់​មាន​គិត​ចាប់​តាំង​ពី​ឆ្នាំ ២០១២​មក ។
ទោះបី​ជា​ស្ថានភាព​ជួញដូរ​ប្រាក់​ដុល្លារ​នៅ​ក្នុង​សប្តាហ៍​ចុងក្រោយ​ហាក់​មិន​សូវ​កាក់កប​ក្តី ក៏ប៉ុន្តែ​​ក្តី​សង្ឃឹម​​ម្តងហើយម្តង​ទៀត​​​ថា ធនាគារ​កណ្តាល​អាច​នឹង​ដំឡើង​ការ​ប្រាក់​នៅ​ចុង​ឆ្នាំ​នេះ បាន​ធ្វើ​ឲ្យ​ប្រាក់​ដុល្លារ​អាច​ទប់ទល់​ការ​ធ្លាក់​ថ្លៃ​របស់​​វា​ឡើង​វិញ​បាន។ គិត​មក​ដល់​សប្តាហ៍​នេះ ការ​ស្ទាបស្ទង់​នៅ​លើ​ទីផ្សារ​អន្តរជាតិ​បាន​បង្ហាញ​ថា ឱកាស​នៃ​ការ​ដំឡើង​អត្រា​ការប្រាក់​របស់​ធនាគារ​កណ្តាល​អាមេរិក​​នៅ​ពាក់​កណ្តាល​ខែ​ធ្នូ​មាន​រហូត​ដល់​ទៅ ៨៨% ។
ធៀប​ទៅ​នឹង​លុយ​យ៉េន​របស់​ជប៉ុន ប្រាក់​ដុល្លារ​ក៏​មាន​ស្ថានភាព​មិន​ល្អ​ដែរ ពោល​គឺ​បាន​ធ្លាក់​ចុះ​​មក​ដល់​តម្លៃ ១១២,២៥ យ៉េន​ក្នុង​មួយ​ដុល្លារ។ នេះ​មានន័យ​ថា នៅ​ពេញ​មួយ​​សប្តាហ៍​នេះ ប្រាក់​ដុល្លារ​បាន​ធ្លាក់​ថ្លៃ​អស់ ០,៣% ធៀប​ទៅ​នឹង​លុយ​យ៉េន។
កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ លោក Haruhiko Kuroda ទេសាភិបាល​ធនាគារ​កណ្តាល​ជប៉ុន​​ក៏​បាន​សង្កត់ធ្ងន់​​ផងដែរ​លើ​ការ​ប្ដេជ្ញាចិត្ត​របស់​ខ្លួន​ដើម្បី​រក្សា​គោលនយោបាយ​រូបិយវត្ថុ​​ឲ្យ​រឹងមាំ បើ​ទោះ​បីជា​សម​ភាគី​​ធនាគារ​កណ្តាល​អាមេរិក និង​អ៊ឺរ៉ុប​ចាប់​ផ្តើម​ធ្វើ​ឱ្យ​គោលនយោបាយ​រូបិយវត្ថុ​​របស់​ខ្លួន​នៅ​ក្នុង​ស្ថានភាព​ធម្មតា​ក៏ដោយ។ ប្រមុខ​ស្ថាប័ន​នេះ​រូប​នេះ​បាន​បន្ថែម​ទៀត​ថា ទោះ​បី​ជា​សេដ្ឋកិច្ច​របស់​ជប៉ុន​មាន​កំណើន​​ជា​មធ្យម​ក៏ដោយ  ក៏​ការ​ខកចិត្ត​ទៅ​នឹង​កំណើន​​អតិផរណា​​ដ៏​យឺតយ៉ាវ​ និង​បញ្ហា​ប្រាក់ឈ្នួល​នៅ​តែ​ចោទ​មាន​ឡើង​ដដែល។
ងាក​មក​មើល​ការ​ជួញដូរ​ប្រាក់​ដុល្លារ​ធៀប​ទៅ​នឹង​ប្រាក់​អឺរ៉ូ​វិញ គឺ​នៅ​តែ​ធ្លាក់​ថ្លៃ​ដដែល ដោយ​ក្នុង​នោះ​វា​ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ១,១៨៣៣ ដុល្លារ​ក្នុង​មួយ​អឺរ៉ូ។ សរុប​នៅ​ក្នុង​សប្តាហ៍​នេះ ប្រាក់​អឺរ៉ូ​ឆ្លៀត​ឱកាស​បាន​ឡើង​ថ្លៃ​ជិត​១% ពោល​គឺ ០,៩%៕
ប្រភព៖ cnbc

No comments:

Post a Comment

Post Top Ad