ការជួញដូរប្រាក់ដុល្លារធៀបទៅនឹងគូររូបិយប័ណ្ណសំខាន់ៗចំនួន៦
ត្រូវបានគេមើលឃើញថា បានឡើងថ្លៃនៅព្រឹកថ្ងៃពុធនេះ
ខណៈដែលអ្នកជួញដូរនៅលើទីផ្សារអន្តរជាតិកំពុងសម្លឹងមើលពីលទ្ធភាពដែលប្រធានាធិបតីអាមេរិកDonald
Trump នឹងជ្រើសរើសប្រធានធនាគារកណ្តាលថ្មីជំនួសលោកស្រី Janet
Yellen។
នៅព្រឹកនេះ
សន្ទស្សន៍ជួញដូរប្រាក់ដុល្លារធៀបទៅនឹងរូបិយប័ណ្ណសំខាន់ៗ
បានត្រឡប់ឡើងថ្លៃមកកាន់ទីតាំងតម្លៃ ៩៣,៤៧៥ វិញ ពីតម្លៃធ្លាក់ថ្លៃ
៩២,៧៤៩ កាលពីថ្ងៃសុក្រចុងសប្តាហ៍មុន។ ការឡើងថ្លៃជាថ្មីនេះ
បានកើតមានឡើងបន្ទាប់ពីវាបានឡើងថ្លៃ
ខ្ពស់ម្តងរួចមកហើយកាលពីម្សិលមិញដែលបានហក់ឡើងដល់ ៩៣៧២៩។
ជាមួយនឹងការរំពឹងទុកថា
ធនាគារកណ្តាលអាមេរិកនឹងដំឡើងអត្រាការប្រាក់ជាលើកទីបីនៅខែធ្នូចុងឆ្នាំ
នេះ អ្នកជួញដូរនៅលើទីផ្សារឃ្លាំមើលថា
តើនរណានឹងក្លាយជាប្រមុខធនាគារកណ្តាលអាមេរិកថ្មីមកដឹកនាំជំនួសលោក
Yellen ដែលបានផុតអាណត្តិនៅក្នុងខែ កុម្ភៈ ឆ្នាំ ២០១៨ ខាងមុខ។
លោក Trump បានជ្រើសរើសបេក្ខភាព៥រូបរួចហើយ ហើយគេរំពឹងថា
លោកនឹងអាចប្រកាសពីប្រធានធនាគារកណ្តាលថ្មី
នេះនៅមុនដំណើរទស្សនកិច្ចរបស់លោកទៅ
កាន់តំបន់អាស៊ីនៅដើមខែក្រោយនេះ។
ប្រាក់ដុល្លារបានឡើងថ្លៃនៅសប្តាហ៍នេះ
បន្ទាប់ពីទទួលបានព័ត៌មានថា លោក John Taylor
ជាសេដ្ឋវិទូមកពីសាកលវិទ្យាល័យ Stanford
ក៏បានក្លាយជាបេក្ខភាពដ៏សំខាន់នៅក្នុងចំណោមបេក្ខភាព៥រូបដែលត្រូវបានជ្រើសរើសនេះ។
លោក ត្រូវបានគេស្គាល់ថា
ជាអ្នកគាំទ្រគោលនយោបាយរូបិយវត្ថុដ៏សំខាន់មួយរូប
ហើយយោងតាមរូបមន្តរបស់លោកដែលត្រូវបានគេស្គាល់ថា
ច្បាប់គ្រប់គ្រងរបស់លោក Taylor គឺថា
អត្រាប្រាក់របស់ធនាគារកណ្តាលត្រូវតែខ្ពស់ជាងគោលដៅអត្រាការប្រាក់បច្ចុប្បន្ន។
នេះជាមូលដ្ឋានដ៏សំខាន់ធ្វើឲ្យអ្នកជួញដូរគិតថា
ធនាគារកណ្តាលនឹងដំឡើងអត្រាការប្រាក់នៅពេលឆាប់ៗខាងមុខ។
ធៀបទៅនឹងលុយអឺរ៉ូ ដុល្លារឡើងថ្លៃបន្តិច
ត្រូវបានជួញដូរក្នុងតម្លៃ ១,១៧៧០ ដុល្លារ
ពោលគឺបានប្រែប្រួលបន្តិចបន្តួចនៅពេលចាប់ផ្តើមជួញដូរក្នុងទីផ្សារអាស៊ី។
ប៉ុន្តែ សម្រាប់ប្រាក់អឺរ៉ូវិញ បានធ្លាក់ថ្លៃអស់ ០,៥%
គិតចាប់តាំងពីដើមសប្តាហ៍នេះ។
ធៀបទៅនឹងលុយយ៉េនវិញ
ប្រាក់ដុល្លារក៏មិនទាន់មានការប្រែប្រួលខ្លាំងនោះដែរ
ខណៈដែលអ្នកជួញដូរនៅតែមានការព្រួយបារម្ភទៅនឹងព្រឹត្តិការណ៍បោះឆ្នោតជាតិរបស់ជប៉ុនដែលនឹងធ្វើឡើងនៅថ្ងៃអាទិត្យនេះ។
ទោះបីជាគណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី Shinzo
Abeត្រូវគេរំពឹងថា នឹងរក្សាសំឡេងភាគច្រើននៅក្នុងសភាក៏ដោយ
ក៏ព្រឹត្តិការណ៍នយោបាយនៅក្នុងចក្រភពអង់គ្លេស
និងតំបន់ផ្សេងទៀតបានធ្វើឱ្យអ្នកជួញដូរមានការប្រុងប្រយ័ត្ន៕
ប្រភព៖ cnbc
No comments:
Post a Comment