ប្រាក់​ដុល្លារ​បន្ត​ឡើង​ថ្លៃជា​ថ្មី​ទៀត​នៅ​ថ្ងៃ​នេះ - channyfx

ការជួញដូរនៅទីផ្សារហាងឆេងប្តូរប្រាក់បរទេស និង​មាស

Hot

Post Top Ad

Tuesday, October 3, 2017

ប្រាក់​ដុល្លារ​បន្ត​ឡើង​ថ្លៃជា​ថ្មី​ទៀត​នៅ​ថ្ងៃ​នេះ

ការ​ជួញដូរ​ប្រាក់​ដុល្លារ​នៅ​តែ​បន្ត​ឡើង​ថ្លៃ​ជា​ថ្មី​ទៀត​នៅ​ក្នុង​ថ្ងៃ​នេះ ធៀប​ទៅ​នឹង​ប្រាក់​អឺរ៉ូ និង​លុយ​យ៉េន ខណៈ​ដែល​អ្នក​ជួញដូរ​កំពុង​តាមដាន​មើល​ស្ថានភាព​នានា​លើ​ដំណើរ​វិវត្ត​សេដ្ឋកិច្ច​អាមេរិក ខណៈ​ដែល​ប្រាក់​អឺរ៉ូ​ទទួល​រង​សម្ពាធ​ចេញ​ពី​ការ​បោះឆ្នោត​ទាមទារ​ឯករាជ្យ​នៅ​ក្នុង​រដ្ឋ Caltalonia របស់​អេស្ប៉ាញ។

នៅ​ថ្ងៃ​នេះ​សន្ទស្សន៍​ជួញដូរ​ប្រាក់​ដុល្លារ​បាន​ឡើង​​ថ្លៃ ០,៦២% ធៀប​ទៅ​នឹង​ប្រាក់​អឺរ៉ូ ដែល​វា​ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ១,១៧៣៩ ដុល្លារ។ បើ​ធៀប​ទៅ​នឹង​លុយ​យ៉េន​វិញ ប្រាក់​ដុល្លារ​ឡើង​ថ្លៃ​បាន ០,១៨% ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ១១២,៦៧ យ៉េន​ក្នុង​មួយ​ដុល្លារ។ ​
ការ​ធ្លាក់​ថ្លៃ​នៃប្រាក់​អឺរ៉ូគឺ​ដោយសារ​តែ​មាន​ភាព​ចម្រូងចម្រាស​លើ​ការ​បោះឆ្នោត​ទាមទារ​ផ្តាច់​ខ្លួន​របស់​ពលរដ្ឋ​នៅ​ក្នុង​តំបន់  Catalonia ចេញ​ពី​ទឹកដី​អេស្ប៉ាញ។ នេះ​ត្រូវ​បាន​ចាត់ទុក​ថា ជា​វិបត្តិ​នយោបាយ​​មិន​ធ្លាប់​មាន​នៅ​ក្នុង​រយៈពេល​ជា​ច្រើន​ទសវត្ស​​កន្លង​មក​ ខណៈ​ដែល​ពលរដ្ឋ​តំបន់​នេះ ៩០% បាន​បោះឆ្នោត​សម្រេច​ថា នឹង​ផ្តាច់​ខ្លួន​ចេញ។
ទីផ្សារ​ប្រាក់​ដុល្លារ​បាន​ឡើង​ថ្លៃ​ខ្លាំង​ ដោយ​មាន​ការ​ជ្រោមជ្រែង​ពី​កំណើន​ផលិតកម្ម​​របស់​អាមេរិក​ដែល​ស្ថិត​នៅ​ក្នុង​អត្រា​កំណើន​ខ្ពស់​បំផុត​​​​​​ប្រចាំ​ខែ​កញ្ញា​កន្លង​ទៅ​​​ដែល​វា​មិន​ធ្លាប់​មាន​នោះ​ឡើយ​នៅ​ក្នុង​រយៈពេល​១៣​ឆ្នាំ​កន្លង​ទៅ​នេះ។ ចំណែក​នៅ​សេតវិមាន​វិញ បាន​បង្ហាញ​ពី​គម្រោង​កំណែទម្រង់​ពន្ធដារ​​ថ្មី​មួយ​ក្នុង​ការ​កាត់​បន្ថយ​ពន្ធដារ​លើ​វិស័យ​អាជីវកម្ម និង ពលរដ្ឋ​របស់​អាមេរិក​កាល​ពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន ដែល​បង្ហាញ​ពី​ច្រក​ផ្លូវ​ថ្មី​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​របស់​លោក Trump។​​
លោក Trump ក៏​កំពុង​ស្វះស្វែង​រក​បេក្ខភាព​ថ្មី​សម្រាប់​មក​​​កាន់កាប់​តំណែង​ជា​ប្រមុខ​ធនាគារ​កណ្តាល​អាមេរិក ដែល​ក្នុង​នោះ​លោក  Kevin Warsh ក៏​ត្រូវ​បាន​ចាត់ទុក​ថា ជា​ឥស្សរជន​មួយ​រូប​មាន​ឥទ្ធិពល​ និង​ស័ក្តិសម​សម្រាប់​តំណែង​នេះ​ជាង​លោក​ស្រី  Janet Yellen ដែល​ជា​ប្រមុខ​ធនាគារ​កណ្តាល​អាមេរិក​បច្ចុប្បន្ន៕

No comments:

Post a Comment

Post Top Ad