ដុល្លារ​ធ្លាក់​ថ្លៃ​វិញ ខណៈ​អ្នក​ជួញដូរ​កំពុង​រង់ចាំ​លទ្ធផល​របាយការណ៍​ការងារ​អាមេរិក​នៅ​ថ្ងៃ​នេះ - channyfx

ការជួញដូរនៅទីផ្សារហាងឆេងប្តូរប្រាក់បរទេស និង​មាស

Hot

Post Top Ad

Friday, September 1, 2017

ដុល្លារ​ធ្លាក់​ថ្លៃ​វិញ ខណៈ​អ្នក​ជួញដូរ​កំពុង​រង់ចាំ​លទ្ធផល​របាយការណ៍​ការងារ​អាមេរិក​នៅ​ថ្ងៃ​នេះ

ការ​ជួញដូរ​ប្រាក់​ដុល្លារ​ក្នុង​ថ្ងៃ​សុក្រ​ចុង​សប្តាហ៍​​នេះ​បាន​ធ្លាក់​ថ្លៃ​មក​វិញ​ដល់​តម្លៃ​ទាប​បំផុត​មួយ​មិន​ធ្លាប់​មាន​នៅ​ក្នុង​រយៈពេល​​ជិត​១​ឆ្នាំ​កន្លង​ទៅ​នេះ បន្ទាប់​ពី​ទិន្នន័យ​ប្រើប្រាស់​របស់​អតិថិជន​អាមេរិក​ត្រូវ​បាន​​រាយការណ៍​ថា ​​មាន​កំណើន​​ទាប​ជាង​ការ​រំពឹង​ទុក ខណៈ​ដែល​អ្នក​​ជួញដូរ​នៅ​លើ​ទីផ្សារ​​អន្តរជាតិ​កំពុង​រង់ចាំ​លទ្ធផល​របាយការណ៍​ការងារ​របស់​ខ្លួន​នៅ​យប់​នេះ។

សន្ទស្សន៍​ជួញដូរ​ប្រាក់​ដុល្លារ ​ធៀប​ទៅ​នឹង​រូបិយប័ណ្ណ​គោល​សំខាន់ៗ​ចំនួន​៦ បាន​ធ្លាក់​ថ្លៃ​អស់ ០,១% ស្ថិត​នៅ​ទីតាំង​តម្លៃ ៩២,៦១៩ ហើយ​សរុប​នៅ​សប្តាហ៍​នេះ​វា​បាន​ធ្លាក់​ថ្លៃ​អស់ ០,១%។ យ៉ាងណាមិញ វា​នៅ​តែ​ស្ថិត​នៅ​​ក្នុង​ទីតាំង​តម្លៃ​មួយ​ខ្ពស់​ជាង​ទីតាំង​តម្លៃ ៩១,៦២១ កាល​ពី​ដើម​សប្តាហ៍​នេះ​នៅ​ពេល​ដែល​ភាព​តានតឹង​នៃ​​ស្ថានភាព ភូមិសាស្ត្រ​នយោបាយ​ឧបទ្វីប​កូរ៉េ​​​កើន​កម្តៅ​ឡើង​វិញ។
ក៏ប៉ុន្តែ​ធៀប​ទៅ​នឹង​លុយ​យ៉េន​ប្រាក់​ដុល្លារ​នៅ​តែ​មាន​សញ្ញាណ​វិជ្ជមាន​ដោយ​បាន​ឡើង​ថ្លៃ ០,១% ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ១១០,០៧ យ៉េន​។ នេះ​បាន​ធ្វើ​ឲ្យ​ប្រាក់​ដុល្លារ​ឡើង​ថ្លៃ​បាន ០,៦% នៅ​ក្នុង​សប្តាហ៍​នេះ​ធៀប​ទៅ​នឹង​លុយ​យ៉េន និង ស្ថិត​នៅ​តម្លៃ​ជួញដូរ​ខ្ពស់​ជាង​តម្លៃ​ធ្លាក់​ថ្លៃ​ដ៏​អាក្រក់​បំផុត​ដល់​ទៅ ១០៨,២៦៥ យ៉េន​កាល​ពី​ដើម​សប្តាហ៍​នេះ។
ចំណែក​ការ​ជួញដូរ​ប្រាក់​អឺរ៉ូ​វិញ នៅ​បន្ត​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ល្អ​នៅ​ឡើយ​ដោយ​ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ១,១៩០៧ ដុល្លារ តែ​បាន​ធ្លាក់​ថ្លៃ​អស់ ០,១% សម្រាប់​សប្តាហ៍​នេះ។ ក៏ប៉ុន្តែ​បើ​គេ​គិត​ចាប់​តាំង​ពី​ដើម​ឆ្នាំ ២០១៧​មក វា​បាន​ឡើង​ថ្លៃ​ដល់​ទៅ ១៣% ឯណោះ ធៀប ទៅ​នឹង​លុយ​ដុល្លារ។
ការ​ថ្លឹងថ្លែង​លើ​​ប្រាក់​ដុល្លារ​ក៏​មាន​ការ​កត់សម្គាល់​​ផង​ដែរ​​ពី​លេខាធិការ​រតនាគារ​អាមេរិក​លោក​ Steven Mnuchin ដែល​បាន​លើក​ឡើង​​នៅ​ក្នុង​ស្ថានីយ​ទូរទស្សន៍ CNBC ថា លុយ​ដុល្លារ​​ធ្លាក់​ថ្លៃ​អាច​មាន​គុណសម្បត្តិ​សម្រាប់​ពាណិជ្ជកម្ម​អាមេរិក។​ លោក ​Mnuchin ​បាន​បន្ត​ទៀត​ថា ព្យុះ​ត្រូពិច Harvey ដែល​​បាន​បំផ្លិចបំផ្លាញ​​​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​នៅ​ក្នុង​​រដ្ឋ Texas ​​កន្លង​ទៅ​នេះ នឹង​អាច​ជំរុញ​ឲ្យ​សភា​អាមេរិក បង្កើន​​កញ្ចប់​ថវិកា​ប្រាក់​កម្ចី​​ដែល​បាន​បដិសេធន៍​កន្លង​មក។
ទិន្នន័យ​សេដ្ឋកិច្ច​នៅ​ថ្ងៃ​ព្រហស្បតិ៍​​ម្សិលមិញ​បាន​បង្ហាញ​ថា  ការ​ចំណាយ​របស់​អតិថិជន​អាមេរិក​​មាន​កំណើន​តិច​ជាង​ការ​រំពឹង​ទុក​កាល​ពី​ខែកក្កដា​​កន្លង​ទៅ ហើយ​អតិផរណា​ប្រចាំឆ្នាំ​​ក៏​មាន​កំណើន​មួយ​ក្នុង​ល្បឿន​យឺត​បំផុត​​មិន​ធ្លាប់​មាន​ចាប់តាំង​ពី​ចុង​ឆ្នាំ​ ២០១៥​មក​។ ជាមួយ​គ្នា​នេះ ការ​ដាក់ពាក្យ​ស្នើសុំ​សម្រាប់​សុំ​​ផលប្រយោជន៍​នៅ​អំឡុង​ពេល​គ្មាន​ការងារ​ធ្វើ​​របស់​ខ្លួន​កាល​ពី​សប្តាហ៍​មុន​​ក៏​មាន​ការ​កើន​ឡើង​ផង​ដែរ​។
លទ្ធផល​មិន​សូវ​ល្អ​នៃ​ស្ថានភាព​​ចំណាយ​របស់​អតិថិជន​ខាងលើ​​នេះ បាន​ជំរុញ​ឲ្យ​អ្នក​ជួញដូរ​មាន​ការ​អស់សង្ឃឹម​ទៅ​នឹង​ការ​ដំឡើង​អត្រា​ការប្រាក់​ជា​ថ្មី​ម្តង​ទៀត​របស់​ធនាគារ​កណ្តាល​អាមេរិក​​នៅ​ចុង​ឆ្នាំ​នេះ។ ទន្ទឹម​នឹង​គ្នា​នេះ អ្នក​ជួញដូរ​សង្ឃឹម​ថា ធនាគារ​កណ្តាល​​មួយ​នេះ​នឹង​ចាប់​ផ្តើម​អនុវត្ត​ផែនការ​កាត់​បន្ថយ​មូលបត្រ​បំណុល​ដ៏​ច្រើន​សន្ធឹកសន្ធាប់​របស់​ខ្លួន​ជា​បណ្តើរៗ​នៅ​ក្នុង​កិច្ចប្រជុំ​របស់​ខ្លួន​​ក្នុង​​ខែ​ក្រោយ​នេះ៕
ប្រភព៖ cnbc

No comments:

Post a Comment

Post Top Ad