ទីផ្សារជួញដូរមាសនៅព្រឹកថ្ងៃសុក្រនេះបានឡើងថ្លៃវិញ
ងាកចេញពីតម្លៃជួញដូរទាបបំផុតមិនធ្លាប់មាននៅ
ក្នុងរយៈពេល២សប្តាហ៍កន្លងទៅនេះ
បន្ទាប់ពីកូរ៉េខាងជើងបានសាកល្បងបាញ់មីស៊ីលជាថ្មីទៀត
ហោះរំលងទឹកដីជប៉ុនទៅធ្លាក់ចូលក្នុងដែនសមុទ្រប៉ាស៊ីហ្វិក។
ទីផ្សារជួញដូរមាសតាមស្បត (Spot Gold) បានឡើងថ្លៃ ០,៣%
ត្រូវបានជួញដូរក្នុងតម្លៃ ១ ៣៣៣,០៦ ដុល្លារក្នុងមួយអោន នៅម៉ោង
៨:០០ ព្រឹកកន្លងទៅ។
តម្លៃនេះខ្ពស់ជាងតម្លៃជួញដូរធ្លាក់ថ្លៃដល់តម្លៃ ១ ៣១៥,៧១
ដុល្លារក្នុងមួយអោនកាលពីថ្ងៃម្សិលមិញដែលជាការធ្លាក់ថ្លៃមកដល់តម្លៃទាបបំផុតមិនធ្លាប់មានគិតចាប់តាំងពីថ្ងៃទី
៣១ ខែសីហាមក។
ចំណែក ទីផ្សារមាសរបស់អាមេរិកវិញ បានឡើងថ្លៃ ០,៦%
ត្រូវបានជួញដូរក្នុងតម្លៃ ១ ៣៣៧,៤០ ដុល្លារក្នុងមួយអោន។
ការឡើងថ្លៃនៃតម្លៃមាសបានកើតមានឡើងស្របពេលដែលទីផ្សារប្រាក់ដុល្លារកំពុងធ្លាក់ចុះ
និង ការឡើងថ្លៃរបស់លុយយ៉េនរបស់ជប៉ុន និង
លុយហ្រ្វង់ស្វីសរបស់ស្វីស
ជុំវិញការសាកល្បងជាថ្មីនៃការបាញ់មីស៊ីលរបស់ទីក្រុងព្យុងយ៉ាង។
បើយោងតាមមន្រ្តីជាន់ខ្ពស់របស់ជប៉ុន
និងកូរ៉េខាងត្បូងបានឲ្យដឹងថា នៅព្រឹកថ្ងៃសុក្រនេះ
មីស៊ីលមួយគ្រាប់របស់កូរ៉េខាងជើងបានហោះរំលងទឹកដីជប៉ុននៅភាគខាងជើងដែនកោះ
Hokkaido ហើយបានបន្តទៅធ្លាក់នៅដែនសមុទ្រប៉ាស៊ីហ្វិក។
ការបាញ់មីស៊ីលជាថ្មីនេះបានធ្វើឡើងត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ
បន្ទាប់ពីរដ្ឋាភិបាលដ៏ឯកោមួយនេះបានធ្វើតេស្តសាកល្បងអាវុធនុយក្លេអ៊ែរម្តងរួចមកហើយកាលពីពេលថ្មីៗកន្លងទៅ។
ងាកទៅមើលថ្លៃទំនិញប្រើប្រាស់របស់អាមេរិកវិញបានបង្ហាញថា
វាមានកំណើននៅក្នុងខែសីហានេះ
ដោយមានការជ្រោមជ្រែងយ៉ាងសំខាន់ពីការឡើងថ្លៃនៃទីផ្សារប្រេងឆៅ
និង លំនៅឋាន។ លទ្ធផលនេះជាសញ្ញាណមួយនៃការកើនឡើងនៃកំណើនអតិផរណា
ដែលនាំឲ្យមានការព្យាករណ៍ទុកជាមុនថា
ធនាគារកណ្តាលអាចកែប្រែចិត្តដំឡើងអត្រាការប្រាក់ជាថ្មីម្តងទៀតនៅចុងឆ្នាំនេះ។
ជុំវិញស្ថានភាពដ៏តឹងតែងនៅក្នុងឧបទ្វីបកូរ៉េនៅពេលកន្លងមក
លោកប្រធានាធិបតីអាមេរិក Donald Trump
នឹងពាំនាំសារដ៏សំខាន់របស់លោកក្នុងនាមជាមហាអំណាចពិភពលោកទៅកាន់អង្គការសហប្រជាជាតិនៅសប្តាហ៍ក្រោយនេះ
និងស្វែងរកការគាំទ្រចំពោះវិធានការដ៏តានតឹងប្រឆាំងទៅនឹងកូរ៉េខាងជើងបើទោះបីជាលោកមានការសង្ស័យទៅលើបណ្តាប្រទេសមួយចំនួននៅក្នុងចំណោមរដ្ឋជាសមាជិកទាំង
១៩៣ របស់ UN ក៏ដោយ។
ត្រឡប់ទៅមើលប្រទេសអង់គ្លេសវិញ
ធនាគារកណ្តាលរបស់ខ្លួនបាននិយាយថា
ការដំឡើងអត្រាការប្រាក់ទំនងជាត្រូវបានធ្វើឡើងនៅក្នុងរយៈពេលប៉ុន្មានខែខាងមុខ
ប្រសិនបើសុខភាពសេដ្ឋកិច្ច និង
តម្លៃទំនិញប្រើប្រាស់នៅលើទីផ្សារបន្តមានកំណើនទៅមុខទៀត។
ប្រសិនបើស្ថាប័ននេះអាចដំឡើងអត្រាការប្រាក់មែននោះ នេះចាត់ទុកថា
ជាលើកដំបូងហើយដែលខ្លួនសម្រេចដំឡើងអត្រាការប្រាក់បន្ទាប់ពីខ្លួនបានខកខានអស់រយៈពេលមួយទសវត្សកន្លងទៅនេះ។
ធនាគារកណ្តាលអឺរ៉ុបវិញក៏បានបញ្ជាក់ផងដែរកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា
សកម្មភាពកាត់បន្ថយទិញចូលមូលបត្របំណុលរបស់ខ្លួននឹងអាចចាប់ផ្តើមក្នុងពេលឆាប់ៗខាងមុខ។
ការលើកឡើងនេះបានកើតមានឡើងស្របពេលដែលស្ថានភាពសេដ្ឋកិច្ចនៅក្នុងតំបន់ចាយបា្រក់អឺរ៉ូមានលក្ខណៈល្អប្រសើរឡើងវិញ
គួបផ្សំទៅនឹងកំណើនអតិផរណាស្ទុះឡើងនៅក្នុងរយៈពេល១ឆ្នាំចុងក្រោយនេះ។
រីឯស្ថានភាពសេដ្ឋកិច្ចរបស់មហាយក្សចិនឯណេះវិញ
ទិន្នន័យសេដ្ឋកិច្ចរបស់ខ្លួនបានបង្ហាញនូវការខកចិត្តមួយដល់អ្នកវិនិយោគ។
ការខកចិត្តដោយសារតែវិស័យវិនិយោគទុនរបស់ខ្លួនបានកើនឡើងក្នុងអត្រាមួយដ៏យឺតបំផុតមិនធ្លាប់មាននៅក្នុងរយៈពេលជិត
១៨ឆ្នាំកន្លងមកនេះ ដែលនាំឲ្យមានការព្យាករណ៍ទុកជាមុនថា
សុខភាពសេដ្ឋកិច្ចរបស់មហាអំណាចទី២ក្នុងលោកមួយនេះនឹងបាត់បង់កំណើន
ខណៈដែលកំណើនប្រាក់កម្ចីមានការកើនឡើងកាន់តែខ្ពស់៕
ប្រភព៖ cnbc
No comments:
Post a Comment