ថ្ងៃ​នេះ មាស​នៅ​តែ​ងើប​មុខ​មិន​រួច ​​បន្ត​ធ្លាក់​ថ្លៃ​ជា​ថ្មី​ទៀត​​ - channyfx

ការជួញដូរនៅទីផ្សារហាងឆេងប្តូរប្រាក់បរទេស និង​មាស

Hot

Post Top Ad

Thursday, September 14, 2017

ថ្ងៃ​នេះ មាស​នៅ​តែ​ងើប​មុខ​មិន​រួច ​​បន្ត​ធ្លាក់​ថ្លៃ​ជា​ថ្មី​ទៀត​​

ខណៈ​ដែល​ការ​ជួញដូរ​ប្រាក់​ដុល្លារ​កំពុង​ឡើង​ថ្លៃ​វិញ ការ​ជួញដូរ​មាស​ឯណេះ​វិញ កំពុង​បន្ត​ធ្លាក់​ថ្លៃ​ទៀត​​ម​ក​កាន់​តម្លៃ​ទាប​បំផុត​មួយ​មិន​ធ្លាប់​មាន​នៅ ក្នុង​រយៈពេល​២​សប្តាហ៍​កន្លង​ទៅ​នេះ ស្រប​ពេល​ដែល​អ្នក​ជួញដូរ​កំពុង​ផ្តោត​ទៅ​លើ​របាយការណ៍​ចេញផ្សាយ​​នៃ​អត្រា​អតិផរណា​របស់​​អាមេរិក​​ដែល​នឹង​ចេញ​ផ្សាយ​នៅ​យប់​នេះ។

ការ​ជួញដូរ​មាស​តាម​ស្បត (Spot Gold) បាន​ធ្លាក់​ចុះ​អស់ ០,២% ​ទៀត​ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ១ ៣២០,២១ ដុល្លារ​ក្នុង​មួយ​អោន​នៅ​ម៉ោង ៩ ព្រឹក​នេះ បន្ទាប់​ពី​បាន​ធ្លាក់​ថ្លៃ​ដល់​តម្លៃ ១ ៣១៨,៩៦ ដុល្លារ​ម្តង​រួច​មក​ហើយ​កាល​​ម្សិលមិញ ដែល​មិន​ធ្លាប់​មាន​នោះ​ឡើយ​គិត​​ចាប់​តាំង​ពី​ថ្ងៃ​ទី ១ កញ្ញា​មក។ ចំណែក​ទីផ្សារ​​មាស​របស់​អាមេរិក​វិញ បាន​ធ្លាក់​ថ្លៃ​អស់ ០,៣% ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ១ ៣២៤,៥០ ដុល្លារ​ក្នុង​មួយ​អោន។
ការ​​ធ្លាក់​ថ្លៃ​តម្លៃ​មាស​នៅ​សប្តាហ៍​​នេះ គឺ​ដោយសារ​តែ​ទីផ្សារ​ប្រាក់​ដុល្លារ​ចាប់​ផ្តើម​ស្ទុះ​ងើប​​ឡើង​​វិញ​​ដោយសារ​​មាន​ការ​ជួយ​​ជ្រោមជ្រែង​ពី​ស្ថានភាព​ល្អ​ប្រសើរ​ឡើង​វិញ​នៃ​​ស្ថានភាព​នយោបាយ​អន្តរជាតិ​ និង សេដ្ឋកិច្ច​អាមេរិក។ កាល​ពី​សប្តាហ៍​មុន ​មាស​បាន​ឡើង​ថ្លៃ​ខ្លាំង​បណ្តាល​មក​ពី​អ្នក​ជួញដូរ​មាន​ការ​បារម្ភ​ទៅ​នឹង​គ្រោះមហន្តរាយ​ពី​ព្យុះ Irma និង វិបត្តិ​នយោបាយ​នៅ​ក្នុង​តំបន់​ឧបទ្វីប​កូរ៉េ​ដែល​ធ្វើ​ឲ្យ​ប្រាក់​ដុល្លារ​ទទួល​រង​សម្ពាធ​ខ្លាំង​​។
នៅ​ថ្ងៃ​នេះ​អ្នក​ជួញដូរ​ទីផ្សារ​អន្តរជាតិ​កំពុង​​ទន្ទឹង​រង់ចាំ​​របាយការណ៍​ទិន្នន័យ​អតិផរណា​របស់​អាមេរិក​​ដែល​នឹង​ចេញផ្សាយ​ជា​សាធារណៈ​នៅ​យប់​នេះ។ ទិន្នន័យ​​​ខាងលើ​នេះ​ មាន​សារសំខាន់​សម្រាប់​ជា​មូលដ្ឋាន​ឲ្យ​អ្នក​ជួញដូរ​មើល​ឃើញ​ពី​លទ្ធភាព​​មួយ​សម្រាប់​ធនាគារ​កណ្តាល​​របស់​ខ្លួន​​អាច​​ដំឡើង​អត្រា​ការប្រាក់​ជា​ថ្មី​នៅ​ក្នុង​ឆ្នាំ​​ខាងមុខ។
នៅ​យប់​នេះ​ផង​ដែរ អ្នក​ជួញដូរ​ក៏​ផ្ដោត​យកចិត្ត​ទុកដាក់​ផង​ដែរ​លើ​​កិច្ចប្រជុំ​របស់​​ធនាគារ​កណ្តាល​អង់គ្លេស និង ធនាគារ​កណ្តាល​របស់​ស្វីស​​ស្តី​ពី​គោលនយោបាយ​រូបិយវត្ថុ​របស់​​ខ្លួន​។  
កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ កូរ៉េខាងជើង​បាន​បង្ហាញ​​ការ​ជំទាស់​ទៅ​នឹង​ការ​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​​ពី​អង្គការ​សហប្រជាជាតិ​បន្ថែម​ទៀត បន្ទាប់​ពី​មាន​ការ​ធ្វើតេស្ត​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​​ជា​លើក​ទី៦​របស់​ខ្លួន​កាល​ពី​​ប៉ុន្មាន​សប្តាហ៍​មុន។ ចំណាត់ការ​របស់​អង្គការ​សហប្រជាជាតិ​​នេះ ​នឹង​ដាក់​សម្ពាធ​ឲ្យ​រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង ​ត្រូវ​ប្ដេជ្ញា​​ចិត្ត​បន្ត​ខិតខំ​ប្រឹងប្រែង​ទ្វេដង​​សម្រាប់​សេដ្ឋកិច្ច​របស់​ខ្លួន​ដើម្បី​ប្រឆាំង​​ទៅ​នឹង​អ្វី​ដែល​ខ្លួន​ពណ៌នា​ថា ជា​ការ​គំរាមកំហែង​នៃ​ការ​ឈ្លានពាន​របស់​អាមេរិក។
កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ​ផង​ដែរ លោក​ប្រធានាធិបតី​អាមេរិក​ Donald Trump បាន​រារាំង​ក្រុមហ៊ុន​វិនិយោគ​ឯកជន​ចិន​​មួយ​ក្នុង​ការ​ទិញ​យក​​បន្ទះ​ឈីប​​របស់​ក្រុមហ៊ុន​មួយ​​មាន​​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក។ ការសម្រេចចិត្ត​របស់​លោក Trump នេះ​គឺ​ជា​សញ្ញា​មួយ​​យ៉ាង​ច្បាស់​ទៅ​កាន់​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ថា ក្រុង​វ៉ាស៊ីនតោន​នឹង​ប្រឆាំង​​​រាល់​កិច្ច​ព្រមព្រៀង​ទិញ​លក់​ទាំងឡាយ​ណា​ដែល​​មាន​ការ​ពាក់ព័ន្ធ​នឹង​បច្ចេកវិទ្យា​​យោធា​៕
ប្រភព៖ cnbc

No comments:

Post a Comment

Post Top Ad