មាស​​ស្ងប់ស្ងាត់​​បន្តិច ក្រោយ​ធ្លាក់​ថ្លៃ​ច្រើន​ថ្ងៃ​ម្សិលមិញ - channyfx

ការជួញដូរនៅទីផ្សារហាងឆេងប្តូរប្រាក់បរទេស និង​មាស

Hot

Post Top Ad

Wednesday, September 13, 2017

មាស​​ស្ងប់ស្ងាត់​​បន្តិច ក្រោយ​ធ្លាក់​ថ្លៃ​ច្រើន​ថ្ងៃ​ម្សិលមិញ

ការ​ជួញដូរ​មាស​នៅ​ថ្ងៃ​ពុធ​នេះ​ មិន​មាន​ការ​ប្រែប្រួល​ខ្លាំង​នោះ​ទេ​ក្រោយ​ធ្លាក់​ថ្លៃ​ច្រើន​កាល​ពី​ថ្ងៃ​ម្សិលមិញ​ខណៈ​ដែល​ទីផ្សារ​ប្រាក់​ដុល្លារ​បាន​ឡើង​ថ្លៃ​វិញ បន្ទាប់​ពី​​មាន​សេចក្តី​ថ្លែងការណ៍​ចុងក្រោយ​ធ្វើ​ឡើង​ដោយ​លោក​ប្រធានាធិបតី Donald Trump ជុំវិញ​វិបត្តិ​នៅ​ឧបទ្វីប​កូរ៉េ។

តម្លៃ​ជួញដូរ​មាស​តាម​ស្បត កំពុង​ត្រូវ​​បាន​ជួញដូរ​ក្នុង​តម្លៃ​ថេរ ពោល​គឺ​ជុំវិញ​តម្លៃ ១ ៣៣០ ដុល្លារ​ក្នុង​មួយ​អោន។ ចំណែក​ទីផ្សារ​មាស​របស់​អាមេរិក​វិញ ក៏​មិន​មាន​ការ​ប្រែប្រួល​ដែរ​ដោយ​ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ១ ៣៣៥ ដុល្លារ​ក្នុង​មួយ​អោន។ ការ​ធ្លាក់​ថ្លៃ​មក​វិញ​នៃ​តម្លៃ​មាស បាន​កើត​មាន​ឡើង​ស្រប​ពេល​ដែល​ទីផ្សារ​ប្រាក់​ដុល្លារ​កំពុង​ស្តា​មុខមាត់​ឡើង​ថ្លៃ​​វិញ​បន្ទាប់​ពី​វា​បាន​ធ្លាក់​ថ្លៃ​ខ្លាំង​កាល​ពី​សប្តាហ៍​មុន។
កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ លោក​ប្រធានាធិបតី​អាមេរិក​ Donald Trump បាន​ថ្លែង​បញ្ជាក់​ជា​ថ្មី​ថា  ការ​ដាក់​ទណ្ឌកម្ម​របស់​​អង្គការ​សហប្រជាជាតិ​ទៅ​លើ​កូរ៉េខាងជើង​ដែល​បាន​​ព្រមព្រៀង​នៅ​សប្តាហ៍​នេះ គឺ​ជា​ជំហាន​ដ៏​តូច​មួយ​​ប៉ុណ្ណោះ ។ លោក​បាន​បន្ថែម​ថា ទណ្ឌកម្ម​នេះ​វា​មិន​​ធ្ងន់ធ្ងរ​នោះ​ឡើយ​​បើ​ប្រៀបធៀប​ទៅ​នឹង​អ្វី​ដែល​​រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង​បាន​ធ្វើ​កន្លង​មក​​ទាក់ទង​ទៅ​នឹង​ការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​។
ជា​មួយ​គ្នា​នេះ លោក Steven Mnuchin រដ្ឋលេខាធិការ​ក្រសួង​រតនាគារ​អាមេរិក​បាន​​ថ្លែង​ផង​ដែរ​​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា  ប្រសិន​បើ​ចិន​មិន​គោរព​តាម​ការ​ដាក់ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ​ដែល​បាន​អនុម័ត​លើ​ប្រទេស​កូរ៉េខាងជើង​ទេ​នោះ  លោក​នឹង​​ស្វែង​រក​ការ​គាំទ្រ​ឲ្យ​មាន​​ការ​ដាក់​ទណ្ឌកម្ម​​ផ្នែក​ហិរញ្ញវត្ថុ​ជា​ថ្មី​មួយ​ទៀត​ទៅ​លើ​​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង ដើម្បី​កាត់​ផ្តាច់​​ចេញ​ពី​ប្រព័ន្ធ​ហិរញ្ញវត្ថុ​របស់​អាមេរិក។
ងាក​ទៅ​មើល​ស្ថានភាព​សេដ្ឋកិច្ច​អាមេរិក​វិញ  យោង​តាម​ទិន្នន័យ​របស់​រដ្ឋាភិបាល​​​សហព័ន្ធ​​ដែល​បាន​ចេញផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ​​ម្សិលមិញ​បាន​បង្ហាញ​ថា អត្រា​ភាព​ក្រីក្រ​របស់​​ខ្លួន​បាន​ធ្លាក់​ចុះ​​ជាប់ៗ​គ្នា​​នៅ​ក្នុង​ឆ្នាំ ២​ឆ្នាំ​ គិត​ត្រឹម​ឆ្នាំ ២០១៥​មក។ របាយការណ៍​នេះ​បាន​បង្ហាញ​ថា  ប្រាក់​ចំណូល​មធ្យម​​របស់​ពលរដ្ឋ​ខ្លួន​បាន​កើន​ឡើង​រហូត​ដល់​ ៥៩ ០០០ ដុល្លារ​ក្នុង​មួយ​ឆ្នាំ ខណៈ​ដែល​សេដ្ឋកិច្ច​​កំពុង​​បោះជំហាន​ក្នុង​ទិសដៅ​វិជ្ជមាន​បន្ទាប់​ពី​បាក់​ស្រុត​ខ្លាំង​នៅ​អំឡុង​​ពេល​ហែល​ឆ្លង​កាត់​វិបត្តិ​ហិរញ្ញវត្ថុ​សាកលលោក​ឆ្នាំ ២០០៧-២០០៩។
ត្រឡប់​ទៅ​មើល​ទិន្នន័យ​សេដ្ឋកិច្ច​របស់​អង់គ្លេស​​កាល​​​ពី​យប់​មិញ​បាន​បង្ហាញ​ថា កំណើន​អតិផរណា​របស់​​ខ្លួន​​បាន​កើន​ឡើង​​ក្នុង​អត្រា ២,៩% សម្រាប់​ខែ​សីហា​កន្លង​ទៅ។ កំណើន​ដ៏​ល្អ​នេះ​​មាន​ចំនួន​​ខ្ពស់​ជាង​ការ​ព្យាករណ៍ និង​​ស្ថិត​នៅ​អត្រា​មួយ​​ខ្ពស់​ជាង​​គោលដៅ​ ២% របស់​ធនាគារ​កណ្តាល​របស់​ខ្លួន ដែល​នេះ​គឺ​ជា​សម្ពាធ​​មួយ​ទៅ​លើ​ធនាគារ​កណ្តាល​របស់​ខ្លួន​ក្នុង​ការ​​ពិបាក​គេចវេស​​មិន​ដំឡើង អត្រា​ការប្រាក់​នៅ​ក្នុង​កិច្ចប្រជុំ​ស្អែក​នេះ៕
ប្រភព៖ cnbc

No comments:

Post a Comment

Post Top Ad