ក្រោយ​ធ្លាក់​ថ្លៃ​ខ្លាំង​កាល​ពី​យប់​មិញ តម្លៃ​មាស​ស្ងប់ស្ងាត់​នៅ​​ព្រឹក​នេះ - channyfx

ការជួញដូរនៅទីផ្សារហាងឆេងប្តូរប្រាក់បរទេស និង​មាស

Hot

Post Top Ad

Thursday, September 7, 2017

ក្រោយ​ធ្លាក់​ថ្លៃ​ខ្លាំង​កាល​ពី​យប់​មិញ តម្លៃ​មាស​ស្ងប់ស្ងាត់​នៅ​​ព្រឹក​នេះ

ការ​ជួញដូរ​មាស​នៅ​លើ​ទីផ្សារ​អន្តរជាតិ​នៅ​ព្រឹក​នេះ​មិន​មាន​ការ​ប្រែប្រួល​ខ្លាំង​នោះ​ឡើយ​បន្ទាប់​ពី​បាន​ធ្លាក់​ថ្លៃ​ខ្លាំង​នៅ​ចំ​ពេល​ដែល​ប្រាក់​ដុល្លារ​លើង​ថ្លៃ​កាល​ពី​​យប់មិញ​ជុំវិញ​ចរន្ត​នយោបាយ​អាមេរិក​។
 

តម្លៃ​ជួញដូរ​មាស​តាម​ស្បត (Spot Gold) មិន​មាន​ការ​ប្រែប្រួល​នោះ​ទេ​ដោយ​ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ១ ៣៣៣,៧០ ដុល្លារ​ក្នុង​មួយ​អោន​នៅ​ម៉ោង ៨:០០ ព្រឹក​​​កន្លង​ទៅ បន្ទាប់​ពី​បាន​ធ្លាក់​ថ្លៃ​អស់ ០,៣% កាល​ពី​យប់មិញ។ ចំណែក​ទីផ្សារ​មាស​របស់​អាមេរិក (U.S. Gold Futures for December Delivery ) វិញ​​​ក៏​​មាន​ការ​ប្រែប្រួល​តិចតួច​ដែរ ហើយ​ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ១ ៣៣៨,៧០ ដុល្លារ​ក្នុង​មួយ​អោន។
ការ​មិន​ប្រែប្រួល​​ហាងឆេង​មាស​នៅ​ថ្ងៃ​នេះ គឺ​ដោយសារ​តែ​ប្រាក់​ដុល្លារ​ហាក់​មាន​សម្ពាធ​វិញ​ថ្ងៃ​នេះ ពោល​គឺ​សន្ទស្សន៍​ជួញដូរ​ប្រាក់​ដុល្លារ​ធៀប​ទៅ​នឹង​រូបិយប័ណ្ណ​នានា​​បាន​ធ្លាក់​ថ្លៃ​អស់ ០,១២% ​កំពុង​ស្ថិត​នៅ​ទីតាំង​តម្លៃ ៩២,១៨២។ ចំណែក​ប្រាក់​អឺរ៉ូ​វិញ ​កំពុង​ជួញដូរ​ក្នុង​ទិសដៅ​វិជ្ជមាន​នៅ​មុន​ពេល​ធនាគារ​កណ្តាល​របស់​ខ្លួន​បើក​កិច្ចប្រជុំ​ពិភាក្សា​លើ​គោលនយោបាយ​រូបិយវត្ថុ​របស់​ខ្លួន​នៅ​ថ្ងៃ​នេះ។
កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​បង្កើត​កិច្ចព្រមព្រៀង​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ​ជាមួយ​សមាជិកសភា​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ដើម្បី​បង្កើន​ប្រាក់​កម្ចី​​និង​ផ្តល់​មូលនិធិ​ដល់​រដ្ឋាភិបាល​រហូត​ដល់​ថ្ងៃ​ទី​ ១៥ ខែ​ធ្នូ​។ ប្រសិន​បើ​ដំណើរ​​របស់​លោក Trump ត្រូវ​បាន​អនុម័ត​មែន​នោះ វា​គឺ​ជា​ក្តី​សង្ឃឹម​មួយ​សម្រាប់​ផែនការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​លោក​ដែល​​​ធ្លាប់​បាន​បរាជ័យ​ជា​ច្រើន​លើក​រួច​មក​ហើយ។
ទាក់ទង​ទៅ​នឹង​ស្ថានការណ៍​នយោបាយ​នៅ​​ឧបទ្វីប​កូរ៉េ​វិញ លោក​​ Trump បាន​ព្រមាន​កាល​ពី​ថ្ងៃ​ពុធ​​ម្សិលមិញ​ថា  សហរដ្ឋអាមេរិក​នឹង​មិន​អត់ធ្មត់​ចំពោះ​សកម្មភាព​របស់​កូរ៉េខាងជើង​បាន​នោះ​ឡើយ។ ប៉ុន្តែ​លោក​បាន​​បញ្ជាក់​ថា  ការ​ប្រើប្រាស់​កម្លាំង​យោធា​ប្រឆាំង​ ទៅ​​នឹង​​រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង​ នឹង​មិនមែន​ជា​ជម្រើស​ដំបូង​របស់​លោក​ទេ។
ចំណែក​អនុប្រធាន​ធនាគារ​កណ្តាល​​ដ៏​វ័យ​ចំណាស់​ម្នាក់​របស់​អាមេរិក​លោក Stanley Fischer ​វិញ​​បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ពុធ​​ម្សិលមិញ​ដែរ​ថា  លោក​នឹង​លាលែង​​ចេញ​ពី​តំណែង​របស់​លោក​នៅ​ពាក់កណ្តាល​ខែ​តុលា​​ខាងមុខ​នេះ។ លោក​​ថា ​ការ​លាលែង​របស់​លោក នឹង​បើក​ផ្លូវ​ឲ្យ​លោក​ Trump ធ្វើ​ការ​ជ្រើសរើស​អ្នក​ថ្មី​មក​ជំនួស​តំណែង​នេះ​​​សម្រាប់​ផ្លាស់ប្ដូរ​គោលនយោបាយ​ធនាគារ​កណ្តាល​ស្រប​តាម​ការ​ចង់​បាន​របស់​ប្រធានាធិបតី​រូប​នេះ៕
ប្រភព៖ cnbc

No comments:

Post a Comment

Post Top Ad