ទីផ្សារ​ភាគហ៊ុន​អាស៊ី​ឡើង​ថ្លៃ​ព្រោងព្រាត​ថ្ងៃ​នេះ - channyfx

ការជួញដូរនៅទីផ្សារហាងឆេងប្តូរប្រាក់បរទេស និង​មាស

Hot

Post Top Ad

Friday, September 1, 2017

ទីផ្សារ​ភាគហ៊ុន​អាស៊ី​ឡើង​ថ្លៃ​ព្រោងព្រាត​ថ្ងៃ​នេះ

ការ​ជួញដូរ​នៅ​លើ​ទីផ្សារ​ភាគហ៊ុន អាស៊ី​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ចុង​សប្តាហ៍​នេះ កំពុង​ស្ថិ​តនៅ​ក្នុង​សញ្ញាណ​ឡើង​ថ្លៃ​ល្អ ខណៈ​ដែល​អ្នក​ជួញដូរ​​កំពុង​សង្ឃឹម​លើ​​ទិន្នន័យ​​​នៃ​កំណើន​ផលិតកម្ម​របស់​ចិន​​ និង ការ​ធ្លាក់​ថ្លៃ​វិញ​នៃ​ប្រាក់​ដុល្លារ​កាល​ពី​​យប់មិញ។ ​​

សន្ទស្សន៍​ជួញដូរ​​នៅ​លើ​ផ្សារភាគហ៊ុន​ជប៉ុន Nikkei 225 បាន​ឡើង​ថ្លៃ ០,២២% ខណៈ​ដែល​​សន្ទស្សន៍​ផ្សារភាគហ៊ុន​កូរ៉េ​បាន​​ស្ថិត​នៅ​ក្នុង​តម្លៃ​ជួញដូរ​ធ្លាក់​ថ្លៃ​បន្តិចបន្តួច​ត្រឹម ០,០៩% ប៉ុណ្ណោះ។ ចំណែក​សន្ទស្សន៍​ជួញដូរ​ផ្សារភាគហ៊ុន​អូស្ត្រាលី S&P/ASX 200 កំពុង​បោះជំហាន​ក្នុង​ទិសដៅ​វិជ្ជមាន ជា​មួយ​នឹង​ការ​ឡើង​ថ្លៃ​របស់​ក្រុមហ៊ុន​ថាមពល និង ក្រុមហ៊ុន​សុខភាព​ដែល​ផ្ទុយ​ពី​​ភាគហ៊ុន​ក្រុមហ៊ុន​ធនាគារ​បាន​ធ្លាក់​ថ្លៃ​បន្តិចបន្តួច​ដែរ។
ងាក​ទៅ​មើល​ការ​​ជួញដូរ​នៅ​​លើ​ទីផ្សារ​ភាគហ៊ុន​ចិន​វិញ​មាន​សញ្ញាណ​វិជ្ជមាន​ច្រើន​បន្ទាប់​ពី​ទិន្នន័យ​ស្រាវជ្រាវ​របស់​​ឯកជន​មួយ​បាន​បង្ហាញ​ថា វិស័យ​ផលិតកម្ម​របស់​ខ្លួន​មាន​កំណើន​ខ្ពស់​ជាង​មុន។  សន្ទស្សន៍​ជួញដូរ​ផ្សារភាគហ៊ុន​ហុងកុង​បាន​ឡើង​ថ្លៃ ០,៣៩% ខណៈ​ដែល​សន្ទស្សន៍​ផ្សារភាគហ៊ុន​សៀងហៃ​បាន​ឡើង​ថ្លៃ ០,៣៤% និង សន្ទស្សន៍​ផ្សារភាគហ៊ុន Shenzhen បាន​ឡើង​ថ្លៃ​បន្តិចបន្តួច​ដែរ​ដល់ ០,០៦៦%។
បើ​យោង​តាម​ការ​​ស្ទាបស្ទង់​របស់​សារព័ត៌មាន Reuters បាន​បង្ហាញ​ថា វិស័យ​ផលិតកម្ម​ចិន​​នៅ​ពាក់​កណ្តាល​ឆ្នាំ ២០១៧​នេះ បាន​កើន​ឡើង​ខ្ពស់​ជាង​ការ​រំពឹង​ទុក​របស់​ខ្លួន។ បើ​តាម​ការ​ព្យាករណ៍​របស់​ខ្លួន​វា​មាន​ត្រឹម​តែ​ចំនួន ៥០,៩ ខណៈ​ដែល​ទិន្នន័យ​ជាក់ស្តែង​វា​បាន​កើន​ឡើង​ដល់ ៥១,១ សម្រាប់​ខែ​កក្កដា​កន្លង​ទៅ​នេះ។
កាល​ពី​ម្សិលមិញ មាន​ព័ត៌មាន​សំខាន់​ជា​ច្រើន​ចេញ​ពី​អាមេរិក​​ដែល​ក្នុង​នោះ​រួមមាន​លេខាធិការ​រតនាគារ​​របស់​ខ្លួន​លោក Steven Mnuchinsaying ​បាន​ថ្លែង​ថា ផែន​ការ​ពន្ធ​លម្អិត ​ត្រូវ​បាន​រៀបចំ​ឡើង​រួចរាល់​ហើយ​ដោយ​រដ្ឋការ​របស់​លោក​ Donald Trump ។ លោក​បាន​បន្ត​នៅ​ក្នុង​បទសម្ភាសន៍​​​​មួយ​ជាមួយ​ស្ថានីយ​ទូរទស្សន៍ CNBC​ថា ផែនការ​នេះ​​​ត្រូវ​​បាន​ដាក់​បង្ហាញ​ឲ្យ​សភា​ពិភាក្សា​ដេញដោល​រួចហើយ ​ហើយ​វា​នឹង​ត្រូវ​បង្ហាញ​ជា​សាធារណ​នៅ​ចុង​ខែ​កញ្ញា​ខាងមុខ​។
យ៉ាងណាមិញ អ្នក​ជួញដូរ​នៅ​លើ​ទីផ្សារ​អន្តរជាតិ​កំពុង​ខកចិត្ត​ទៅ​នឹង​ទិន្នន័យ​នៃ​​ការ​ចំណាយ​របស់​អតិថិជន​របស់​អាមេរិក​ និង កំណើន​អតិផរណា​ទាប​ជាង​ការ​រំពឹង​ទុក​ដែល​បាន​បញ្ចេញ​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ។ បើ​យោង​តាម​​សារព័ត៌មាន Reuters ការ​ចំណាយ​​នេះ​បាន​កើន​ឡើង ០,៣% សម្រាប់​ខែ​កក្កដា​កន្លង​ទៅ ទាប​ជាង​ការ​ព្យាករណ៍​ដែល​ថា វា​អាច​កើន​ឡើង​ ០,៤%។ ​​​
របាយការណ៍​នេះ ធ្វើ​ឲ្យ​អ្នក​ជួញដូរ​ព្យាករណ៍​ទុក​ជា​មុន​ថា ការ​ដំឡើង​អត្រា​ការប្រាក់​របស់​ធនាគារ​កណ្តាល​អាមេរិក​​នៅ​ខែ​ធ្នូ​ខាងមុខ​ពិបាក​​នឹង​ធ្វើ​ទៅ​បាន។ អ្វី​ដែល​ជា​ក្តី​សង្ឃឹម​សម្រាប់​​អ្នក​ជួញដូរ​​នៅ​ក្នុង​សប្តាហ៍​នេះ គឺ​​ការ​ទន្ទឹង​រង់ចាំ​ទិន្នន័យ​ទូទៅ​លើ​របាយការណ៍​ការងារ​របស់​អាមេរិក​ប្រចាំ​ខែ​សីហា ដែល​នឹង​បញ្ចេញ​ឲ្យ​ដឹង​នៅ​យប់​នេះ៕
ប្រភព៖ cnbc

No comments:

Post a Comment

Post Top Ad