ការជួញដូរប្រេងឆៅនៅលើទីផ្សារអាស៊ីព្រឹកនេះបានធ្លាក់ថ្លៃ
បន្តិចវិញ
ខណៈដែលអ្នកជួញដូរកំពុងតាមដានលើផលប៉ះពាល់នៃគ្រោះមហន្តរាយព្យុះ
Irma និង ព្យុះ
Harveyដែលបានបោកបក់មកលើរោងចក្រចម្រាញ់ប្រេងមួយចំនួននៅក្នុងរដ្ឋ
Florida និង រដ្ឋ Texas របស់អាមេរិកកាលពីពេលថ្មីៗកន្លងទៅ។
ទីផ្សារប្រេងឆៅនៅលើទីផ្សារអន្តរជាតិ (Brent Crude)
បានធ្លាក់ចុះអស់ ៨ សេន ឬ ស្មើនឹង ០,២% ត្រូវបានជួញដូរក្នុងតម្លៃ
៥៣,៧៦ ដុល្លារក្នុងមួយបារ៉ែល។ ចំណែកទីផ្សារប្រេងឆៅរបស់អាមេរិក (WTI)
បានធ្លាក់ថ្លៃអស់ ៣សេន ឬស្មើនឹង០,១% ត្រូវបានជួញដូរក្នុងតម្លៃ
៤៨,០៤ ដុល្លារក្នុងមួយបារ៉ែល។
នៅក្នុងទីផ្សារជួញដូរប្រេងឆៅរបស់អាមេរិក
ក្រុមហ៊ុនចម្រាញ់ប្រេងដ៏ធំរបស់ខ្លួន Motiva Enterprises
ទើបតែដំណើរការបើកឲ្យជួញដូរភាគហ៊ុនឡើងវិញនៅសប្តាហ៍នេះ
បន្ទាប់ពីបានបិទសកម្មភាពផលិតប្រេងរបស់ខ្លួនអស់រយៈពេល២សប្តាហ៍មកហើយដោយសារតែមានការវាយប្រហារពីខ្យល់ព្យុះ
Harvey។
ចំណែកព្យុះ Irma ដែលទើបតែបានបោកបក់ចូលទឹកដីរដ្ឋ Florida
កាលពីថ្ងៃអាទិត្យកន្លងទៅបានដាក់សម្ពាធបន្ថែមទៀតដល់សេដ្ឋកិច្ចអាមេរិកបន្ទាប់ពីវាបានបំផ្លិចបំផ្លាញប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនានា
និងបានបណ្តាលឲ្យលំនៅឋាន ៧,៤ លាន
និងក្រុមហ៊ុននានាគ្មានអគ្គីសនាប្រើប្រាស់។
ការស្ទង់មតិដំបូងរបស់សារព័ត៌មាន Reutersបានបង្ហាញថា
ការបូមប្រេងរបស់អាមេរិកទំនងជាបានកើនឡើងកាលពីសប្តាហ៍មុន
ខណៈការចម្រាញ់ប្រេងឆៅត្រូវបានគេព្យាករណ៍ថា បានធ្លាក់ចុះ។
បើយោងតាមទីភ្នាក់ងារព័ត៌មានថាមពលអាមេរិក (EIA)
ការស្តុកប្រេងឆៅទំនងកើនឡើង ២,៣ លានបារ៉ែលកាលពីសប្តាហ៍ថ្ងៃទី ៨
កញ្ញាកន្លងទៅ។
ងាកទៅមើលអង្គការបណ្តាប្រទេសនាំប្រេងចេញ (OPEC) វិញ
កំពុងបន្តអនុវត្តិកិច្ចព្រមព្រៀងរបស់ខ្លួនបន្ថែមទៀតដើម្បីខិតខំរក្សាស្ថិរភាពតម្លៃប្រេងដូចការចង់បានចំនួន
១,៨ លានបារ៉ែលក្នុងមួយថ្ងៃ។ អគ្គលេខាធិការអង្គការ OPEC លោក Mohammad
Barkindo បានមានប្រសាសន៍កាលពីថ្ងៃច័ន្ទម្សិលមិញថា
ការកាត់បន្ថយការផ្គត់ផ្គង់ប្រេងនឹងរំពឹងថា
នឹងធ្វើឲ្យទីផ្សារប្រេងឆៅមានតុល្យភាព
ហើយតម្រូវការកើនឡើងនៅពេលបច្ចុប្បន្ននេះ
នឹងអាចជួយកាត់បន្ថយកំណើនស្តុកប្រេងឆៅបាន៕
ប្រភព៖ cnbc
No comments:
Post a Comment