ដុល្លារ​បន្ត​ឡើង​ថ្លៃ​ជាថ្មី​ទៀត​នៅ​​ថ្ងៃ​នេះ - channyfx

ការជួញដូរនៅទីផ្សារហាងឆេងប្តូរប្រាក់បរទេស និង​មាស

Hot

Post Top Ad

Thursday, September 28, 2017

ដុល្លារ​បន្ត​ឡើង​ថ្លៃ​ជាថ្មី​ទៀត​នៅ​​ថ្ងៃ​នេះ

ការ​ជួញដូរ​ប្រាក់​ដុល្លារ​ត្រូវ​បាន​គេ​មើលឃើញ​ថា កំពុង​បន្ត​ឡើង​ថ្លៃ​ទៀត​ក្នុង​ថ្ងៃ​នេះ​ធៀប​ទៅ នឹង​រូបិយប័ណ្ណ​នានា​ដែល​ត្រូវ​បាន​ជួញដូរ​នៅ លើ​ទីផ្សារ​អន្តរជាតិ ដោយសារ​តែ​មាន​ក្តី​សង្ឃឹម​​ទៅ​លើ​រដ្ឋបាល​លោក Donald Trump ក្នុង​កម្មវិធី​គោលនយោបាយ​អភិវឌ្ឍ​ជាតិ​របស់​លោក។

សន្ទស្សន៍​ជួញដូរ​ប្រាក់​ដុល្លារ​ធៀប​ទៅ​នឹង​រូបិយប័ណ្ណ​ទាំង​៦ បាន​ស្ថិត​នៅ​ទីតាំង​តម្លៃ ៩៣,៤១៤ ​បន្ទាប់​ពី​បាន​ហក់​ឡើង​ខ្ពស់​ដល់​តម្លៃ ៩៣,៦០៧ ម្តង​រួច​មក​ហើយ​កាល​ពី​ថ្ងៃ​ម្សិលមិញ។ តម្លៃ​នេះ​គឺ​ជា​តម្លៃ​ឡើង​ថ្លៃ​ដ៏​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​គិត​ចាប់​តាំង​ពី​ថ្ងៃ​ទី ២៣ សីហា​មក ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​​រូបិយប័ណ្ណ​មួយ​នេះ​ឡើង​ថ្លៃ​បាន ១,៣% នៅ​ក្នុង​សប្តាហ៍ នេះ។
កាល​ពី​ថ្ងៃ​ពុធ​​ម្សិលមិញ លោក​ប្រធានាធិបតី​អាមេរិក Donald Trump បាន​ដាក់​សំណើ​លើ​កម្មវិធី​​កំណែទម្រង់​ពន្ធដារ​ដ៏​ធំ​បំផុត​របស់​​មហាអំណាច​មួយ​នេះ​ដែល​មិន​ធ្លាប់​មាន​នោះ​ឡើយ​នៅ​​ក្នុង​រយៈពេល​៣​ទសវត្សរ៍​​កន្លង​​មក​​​សម្រាប់​ជួយ​កាត់​បន្ថយ​​ការ​បង់​ពន្ធ​​ដល់​ពលរដ្ឋ​​​របស់​​ខ្លួន​ភាគច្រើន។  ប៉ុន្តែ​​សំណើ​របស់​លោក​បាន​ជំរុញ​ឱ្យ​មាន​ការ​រិះគន់​ថា  ផែនការ​នេះ​នឹង​ជួយ​ដល់​អ្នកមាន និង​ក្រុមហ៊ុន​​ធំៗ ទៅ​វិញ​ទេ ហើយ​វា​នឹង​អាច​បន្ថែម​​បន្ទុក​ឲ្យ​ខាត​បង់​ប្រាក់​ចំណូល​ជាតិ​​រាប់​ពាន់​លាន​ដុល្លារ​។
ការ​បង្ហាញ​ផែនការ​ពន្ធ​រួមគ្នា​ជាមួយ​នឹង​ទិន្នន័យ​សុទិដ្ឋិនិយម​ស្ដីពី​ការ​បញ្ជា​ទិញ​ទំនិញ​ប្រើប្រាស់​​ជា​លក្ខណៈ​យូរអង្វែង​ទៅ​មុខ​ទៀត​​របស់​អាមេរិក​ បាន​ជួយ​​គាំទ្រ​ដល់​ទីផ្សារ​ប្រាក់​ដុល្លារ​ ខណៈ​​ដែល​​ទីផ្សារ​ជួញដូរ​មាន​ការ​រំពឹង​ទុក​ឡើង​វិញ​ថា ​ធនាគារ​កណ្តាល​​របស់​ខ្លួន នឹង​ដំឡើង​អត្រា​ការ​ប្រាក់​ម្តង​ទៀត​នៅ​ចុង​ឆ្នាំ​នេះ​។
ងាក​មក​មើល​ការ​ជួញដូរ​ប្រាក់​ដុល្លារ​ធៀប​ទៅ​នឹង​លុយ​យ៉េន​របស់​ជប៉ុន​វិញ ​ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ១១២,៨២ យ៉េន​ក្នុង​​មួយ​ដុល្លារ​នៅ​ថ្ងៃ​នេះ​បន្ទាប់​ពី​បាន​ឡើង​ថ្លៃ​ដល់​ ១១៣,២៦ យ៉េន​ម្តង​រួច​មក​ហើយ​កាល​ពី ថ្ងៃ​ពុធ​ម្សិលមិញ ដែល​ជា​ការ​ឡើង​ថ្លៃ​ដ៏​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅ​ក្នុង​រយៈពេល​ជាង​២​ខែ​កន្លង​មក​នេះ។
ចំណែក​​ការ​ជួញដូរ​ប្រាក់​អឺរ៉ូ​​ បាន​ងើប​ឡើង​បន្តិច​វិញ​ក្នុង​ថ្ងៃ​នេះ  ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ១,១៧៤៨ ដុល្លារ បន្ទាប់​ពី​បាន​ធ្លាក់​ថ្លៃ​ដល់​តម្លៃ ១,១៧១៧ ដុល្លារ​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ ដែល​ជា​ការ​ជួញដូរ​ក្នុង​តម្លៃ​ទាប​បំផុត​មិន​ធ្លាប់​មាន​នៅ ក្នុង​រយៈពេល​ជាង ១ ខែ​មក​នេះ។ ការ​ធ្លាក់​ថ្លៃ​នៅ​ក្នុង​សប្តាហ៍​នេះ គឺ​ដោយសារ​តែ​អ្នក​ជួញដូរ​មាន​ការ​ព្រួយបារម្ភ​ទៅ​នឹង​ស្ថានការណ៍​បោះឆ្នោត​នៅ​អាល្លឺម៉ង់​កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ។
នៅ​នូវែលហ្សេឡង់​ឯណោះ​វិញ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ធនាគារ​កណ្តាល​របស់​​ខ្លួន​បាន​​សម្រេច​រក្សា​អត្រា​ការប្រាក់​ឲ្យ​នៅ​ដដែល​​​ក្នុង​​អត្រា​ទាប​បំផុត ១,៧៥%   ហើយ​នៅ​តែ​ប្រកាន់ខ្ជាប់​គោលជំហរ​អព្យាក្រឹត​របស់​ខ្លួន​ប្រឆាំង​​ទៅ​នឹង​​ភាព​មិន​ច្បាស់លាស់​នៃ​បរិបទ​នយោបាយ​ បន្ទាប់​ពី​​មាន​ការ​បោះឆ្នោត​ជាតិ​ដ៏​ចម្រូងចម្រាស​មួយ​កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ៕
ប្រភព៖ cnbc

No comments:

Post a Comment

Post Top Ad