ផ្សារភាគហ៊ុន​អាស៊ី​កំពុង​ប្រុងប្រយ័ត្ន​ខ្លាំង​​ក្រោយ​ធ្លាក់​ថ្លៃ​​កាល​ពី​ម្សិលមិញ - channyfx

ការជួញដូរនៅទីផ្សារហាងឆេងប្តូរប្រាក់បរទេស និង​មាស

Hot

Post Top Ad

Tuesday, September 5, 2017

ផ្សារភាគហ៊ុន​អាស៊ី​កំពុង​ប្រុងប្រយ័ត្ន​ខ្លាំង​​ក្រោយ​ធ្លាក់​ថ្លៃ​​កាល​ពី​ម្សិលមិញ

ការ​ជួញដូរ​នៅ​លើ​ផ្សារភាគហ៊ុន​អាស៊ី​ព្រឹក​នេះ​កំពុង​មាន​ការ​ប្រុងប្រយ័ត្ន​ខ្លាំង​បន្ទាប់​ពី​មាន​សម្ពាធ​ច្រើន​កាល​ពី​ថ្ងៃ​​ច័ន្ទ​ម្សិលមិញ​នៅ​ពេល​ដែល​អ្នក​ជួញដូរ​ផ្តោត​លើ​ភាព​តានតឹង​នៅ​ក្នុង​ភូមិសាស្ត្រ​នយោបាយ​នៅ​ក្នុង​តំបន់​ឧបទ្វីប​កូរ៉េ។

សន្ទស្សន៍​ជួញដូរ​ផ្សារភាគហ៊ុន Nikkei 225 បាន​​ធ្លាក់​ថ្លៃ​អស់ ០,២៦% ខណៈ​ដែល​សន្ទស្សន៍​ជួញដូរ​ផ្សារភាគហ៊ុន​កូរ៉េខាងត្បូង Kospi ​បាន​ត្រឡប់​ធ្លាក់​ថ្លៃ បន្តិច​មក​វិញ​អស់ ០,០៣% បន្ទាប់​ពី​បាន​ធ្លាក់​ថ្លៃ​អស់​ច្រើន​ជាង ១% ​កាល​ពី​ថ្ងៃ​ម្សិលមិញ​នៅ​ពេល​វិបត្តិ​ឧបទ្វីប​កូរ៉េ​កើន​កំដៅ​ឡើង​វិញ។
ងាក​ទៅ​មើល​សន្ទស្សន៍​ជួញដូរ​​ផ្សារភាគហ៊ុន​អូស្ត្រាលី  S&P/ASX 200 ក៏​បាន​ធ្លាក់​ថ្លៃ​ដែរ​ក្នុង​ចំនួន​ ០,៣៣% ដោយ​បាន​ទាញ​ទម្លាក់​ដោយ​​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ថាមពល និង​ក្រុមហ៊ុន​លក់រាយ​​ផ្សេងៗ​ទៀត។ ចំណែក​ភាគហ៊ុន​របស់​បណ្តា​ក្រុមហ៊ុន​ធនាគារ​ធំៗ​ក៏​សុទ្ធតែ​បាន​ធ្លាក់​ថ្លៃ​ដែរ​ក្នុង​ចំនួន​ចាប់​ពី ០,៤៧% ឡើង​​ទៅ។
យ៉ាងណាមិញ ងាក​មក​មើល​ទីផ្សារ​ជួញដូរ​ភាគហ៊ុន​របស់​ចិន​វិញ បាន​ស្ថិត​នៅ​ក្នុង​សញ្ញាណ​វិជ្ជមាន​ទាំងអស់។ ក្នុង​នោះ​សន្ទស្សន៍​ជួញដូរ​ផ្សារភាគហ៊ុន​ហុងកុង Hang Seng បាន​ឡើង​ថ្លៃ​ចំនួន ០,៣៩%  ខណៈ​ដែល​សន្ទស្សន៍​ជួញដូរ​ផ្សារភាគហ៊ុន​សៀងហៃ​បាន​ឡើង​ថ្លៃ ០,១៣% និង​សន្ទស្សន៍​ជួញដូរ​ផ្សារភាគហ៊ុន​ Shenzhen បាន​ឡើង​ថ្លៃ​ចំនួន ០,១២៦%។
ចំណែក​ការ​ជួញដូរ​នៅ​លើ​ទីផ្សារ​​ភាគហ៊ុន​អាមេរិក​នឹង​បើក​ការ​ជួញដូរ​នៅ​ថ្ងៃ​នេះ​​ឡើង​វិញ​ក្រោយ​បាន​បិទ​ការ​ជួញដូរ​មួយ​ថ្ងៃ​ក្នុង​​ថ្ងៃ​ទិវា​​ពលកម្ម​​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ម្សិលមិញ។ ​
ភាព​តានតឹង​នៅ​​ក្នុង​តំបន់​ឧបទ្វីប​កូរ៉េ​នៅតែ​ស្ថិត​ក្នុង​ការ​​តាមដាន​ពី​សំណាក់​ទីផ្សារ​អន្តរជាតិ​បើ​ទោះបីជា​ទីផ្សារ​ជួញដូរ​​បាន​ស្ទុះ​ឡើង​វិញ​បន្តិច​ក៏​ដោយ។ កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ ​អាមេរិក​បាន​អំពាវនាវ​ឱ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​​ដ៏​ធ្ងន់ធ្ងរ​បំផុត​​​ទៅ​លើ​កូរ៉េខាងជើង​ ពោល​គឺ​មួយ​ថ្ងៃ​បន្ទាប់​ពី​​ប្រទេស​នេះ​បាន​សាកល្បង​​ធ្វើ​តេស្ដ​អាវុធ​នុយក្លេអ៊ែរ​​ជា​ថ្មី​ទៀត​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​។ 
បើ​យោង​តាម​សារព័ត៌មាន Reuters​ បាន​ឲ្យដឹង​ថា លោក​ប្រធានាធិបតី​​ Donald Trump ក៏​បាន​ថ្លែង​​ផង​ដែរ​ទៅ​កាន់​លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង ​Moon Jae-in តាម​​ប្រព័ន្ធ​ទូរស័ព្ទ​នៅ​អំឡុង​ពេល​ស្ថានភាព​តានតឹង​បាន​កើត​មាន​ឡើង​វិញ។ ​ជា​មួយ​គ្នា​នោះ លោក Trump បាន​យល់ព្រម​​ឲ្យ​កូរ៉េខាងត្បូង​​ទិញ​អាវុធ​​បន្ថែម​ទៀត​ក្នុង​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ​ពី​អាមេរិក​​សម្រាប់​គោលនយោបាយ​ការពារ​ជាតិ​នៅ​ពេល​ខាងមុខ​។
យោង​តាម​​សារព័ត៌មាន Yonhap​បាន​ឲ្យ​ដឹង​ដែរ​ថា កូរ៉េខាងត្បូង​បាន​​មើល​ឃើញ​ថា កូរ៉េខាងជើង​គ្រោង​នឹង​​សាកល្បង​បាញ់​មីស៊ីល​អន្តរទ្វីប​ជា​ថ្មី​ទៀត​នៅ​ពេល​ឆាប់ៗ​ខាងមុខ​។ យ៉ាងណាក៏ដោយ រដ្ឋាភិបាល​ទីក្រុង​សេអ៊ូល​បាន​​​ដំឡើង​រួច​ហើយ​នៅ​ខែល​មីស៊ីល​ទប់ទល់​ទៅ​នឹង​ការ​វាយប្រហារ​ណា​មួយ​ចេញ​ពី​កូរ៉េខាងជើង ​ដែល​​ជា​សកម្មភាព​មួយ​ធ្វើ​​រដ្ឋាភិបាល​ចិន​ខឹងសម្បា​៕
ប្រភព៖ cnbc

No comments:

Post a Comment

Post Top Ad