ការជួញដូរប្រាក់យ៉េនរបស់ជប៉ុន និង
ហ្រ្វង់ស្វីសរបស់ស្វីសបានហក់ឡើងថ្លៃភ្លាមៗបន្ទាប់ពីមានដំណឹងថា
កូរ៉េខាងជើងបានសាកល្បងបាញ់មីស៊ីលជាថ្មីទៀតនៅព្រឹកថ្ងៃសុក្រនេះ
ដោយបានហោះរំលងទឹកដីជប៉ុនទៅធ្លាក់នៅក្នុងដែនមហាសមុទ្រប៉ាស៊ីហ្វិក។
ទីផ្សារប្រាក់ដុល្លារដែលទើបនឹងមានសង្ឃឹមរើបៗនៅក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនៅសប្តាហ៍នេះ
បែរជាធ្លាក់ថ្លៃវិញភ្លាមៗ ហើយត្រូវបានជួញដូរក្នុងតម្លៃ
១០៩,៥៥ យ៉េនក្នុងមួយដុល្លារ។ តម្លៃនេះទាបជាងតម្លៃជួញដូរកាលពី
ថ្ងៃម្សិលមិញ ដែលវាបានហក់ឡើងដល់តម្លៃ ១១០,០៥
យ៉េនក្នុងមួយដុល្លារនៅលើទីផ្សារអាមេរិក។
ការជួញដូរប្រាក់ដុល្លារក៏ធ្លាក់ថ្លៃផងដែរបើធៀបទៅនឹងលុយហ្រ្វង់ស្វីសរបស់ស្វីស
ពោលគឺបានធ្លាក់ថ្លៃអស់០,២% ត្រូវបានជួញដូរក្នុងតម្លៃ ០,៩៦២១
ហ្វ្រង់ស្វីសក្នុងមួយដុល្លារ។
ជាទូទៅលុយយ៉េន និង
ហ្វ្រង់ស្វីសឡើងថ្លៃនៅពេលដែលស្ថានភាពភូមិសាស្ត្រនយោបាយអន្តរជាតិមិនអំណោយផងតួយ៉ាងដូចជាការសាកល្បងបាញ់មីស៊ីលរបស់កូរ៉េខាងជើងជាដើម។
នេះក៏ដោយសារតែរូបិយប័ណ្ណទាំងនេះត្រូវបានជ្រើសទុកជួញដូរតទាល់ទៅនឹងស្ថានភាពខាតបង់
ខណៈជប៉ុនគឺជាម្ចាស់បំណុលដ៏ធំបំផុតមួយនៅលើពិភពលោក។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃសុក្រនេះ
មីស៊ីលមួយគ្រាប់របស់កូរ៉េខាងជើងបានហោះរំលងទឹកដីជប៉ុននៅភាគខាងជើងដែនកោះ
Hokkaido ហើយបានបន្តទៅធ្លាក់នៅដែនសមុទ្រប៉ាស៊ីហ្វិក។
នេះបើយោងតាមសេចក្តីរាយការណ៍របស់មន្រ្តីជាន់ខ្ពស់របស់ជប៉ុន
និងកូរ៉េខាងត្បូង ពោលគឺត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ
បន្ទាប់ពីខ្លួនបានធ្វើតេស្តសាកល្បងអាវុធនុយក្លេអ៊ែរម្តងរួចមកហើយកាលពីពេលថ្មីៗកន្លងទៅ៕
ប្រភព៖ cnbc
No comments:
Post a Comment