ការជួញដូរនៅលើទីផ្សារភាគហ៊ុនអាស៊ីព្រឹកនេះបានធ្លាក់ថ្លៃច្រើន
តាមពីក្រោយផ្សារភាគហ៊ុន Wall Street របស់អាមេរិក
ខណៈដែលអ្នកជួញដូរនៅតែមានការបារម្ភទៅនឹងស្ថានភាពភូមិសាស្ត្រនយោបាយនៅក្នុងតំបន់ឧបទ្វីបកូរ៉េនៅឡើយ។
សន្ទស្សន៍ជួញដូរនៅលើផ្សារភាគហ៊ុនជប៉ុន Nikkei 225
បានធ្លាក់ថ្លៃអស់ ០,៣% ខណៈដែលប្រាក់ដុល្លារកំពុងមានសម្ពាធ និង
ការឡើងថ្លៃរបស់លុយយ៉េន។
ចំណែកសន្ទស្សន៍ជួញដូរផ្សារភាគហ៊ុនកូរ៉េខាងត្បូង Kospi
ក៏បានធ្លាក់ថ្លៃដែរអស់ ០,២៨%
ជុំវិញការបារម្ភទៅនឹងស្ថានភាពនយោបាយនៅក្នុងតំបន់។
ងាកទៅមើលសន្ទស្សន៍ជួញដូរផ្សារភាគហ៊ុន អូស្ត្រាលី S&P/ASX 200
វិញបានធ្លាក់ថ្លៃដែរអស់ចំនួន ០,២៤%
ដែលក្នុងនោះភាគហ៊ុនរបស់ក្រុមហ៊ុនហិរញ្ញវត្ថុធំៗបានធ្លាក់ថ្លៃខ្ពស់ជាងគេរហូតដល់ទៅ
១,០៧%។ ចំណែកភាគហ៊ុនរបស់ក្រុមហ៊ុនថាមពល និង
ក្រុមហ៊ុនមាសមិនមានការប្រែប្រួលឡើងចុះនោះឡើយ
ស្របពេលដែលទីផ្សារមាសកំពុងឡើងថ្លៃនៅសប្តាហ៍នេះ។
ការជួញដូរនៅលើទីផ្សារភាគហ៊ុនចិនវិញ
ក៏ទទួលរងសម្ពាធធ្លាក់ថ្លៃដែរថ្ងៃនេះ។
សន្ទស្សន៍ជួញដូរនៅលើផ្សារភាគហ៊ុន ហុងកុង Hang Seng
បានធ្លាក់ថ្លៃដល់ទៅ ០,៨៨%
ខណៈដែលសន្ទស្សន៍ជួញដូរផ្សារភាគហ៊ុនចិនដីគោកគឺផ្សារភាគហ៊ុនសៀងហៃបានធ្លាក់ថ្លៃអស់
០,៤៤% និង ផ្សារភាគហ៊ុន Shenzhen បានធ្លាក់ថ្លៃអស់ ០,២២៣%។
ការធ្លាក់ថ្លៃនៅលើផ្សារភាគហ៊ុនអាស៊ីគឺកើតមានឡើងដោយសារតែសម្ពាធនយោបាយនៅក្នុងតំបន់ឧបទ្វីបកូរ៉េនៅតែបន្តវត្តមាននៅឡើយ
ទន្ទឹមនឹងការព្រមានធ្ងន់ៗរបស់ប្រមុខការទូតកូរ៉េខាងជើងកាលពីថ្ងៃច័ន្ទថា
នឹងផ្តល់រង្វាន់ដ៏ជូរចត់មួយទៅអាមេរិកប្រសិនបើមហាអំណាចមួយនេះហ៊ានដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាថ្មីទៀតដល់ទីក្រុងព្យុងយ៉ាង។
ជាមួយគ្នានេះ កូរ៉េខាងត្បូងលើកឡើងថា
កូរ៉េខាងជើងទំនងនឹងធ្វើតេស្តមីស៊ីលជាថ្មីទៀតនៅពេលណាមួយក្នុងពេលឆាប់ៗខាងមុខ។
ទីផ្សារជួញដូរក៏កំពុងផ្តោតផងដែរលើសារចេញទេសាភិបាលធនាគារកណ្តាលអាមេរិកលោក
Lael Brainard ដែលបានថ្លែងកាលពីម្សិលមិញថា
កំណើនអតិផរណាមិនទាន់មានកំណើនស្របទៅតាមគោលដៅរបស់ធនាគារកណ្តាលនៅឡើយទេ។
លោកបានបន្ថែមថា ដូច្នេះ
ស្ថាប័ននេះនៅមានការប្រុងប្រយ័ត្ននៅឡើយមុននឹងសម្រេចចិត្តដំឡើងអត្រាការប្រាក់ជាថ្មីម្តងទៀតនៅចុងឆ្នាំនេះ។
សារខាងលើនេះហើយដែលបានធ្វើឲ្យអ្នកវិភាគនានាយល់ឃើញថា
ធនាគារកណ្តាលអាមេរិកហាក់មិនមានភាពប្រាកដប្រជានៅឡើយក្នុងការសម្រេចចិត្តដំឡើងអត្រាការប្រាក់របស់ខ្លួន។
កាលពីពេលថ្មីៗកន្លងទៅ សមាជិកគណៈកម្មការ
របស់ធនាគារកណ្តាលក៏បានស្នើឲ្យមានការពន្យារពេលលើការដំឡើងអត្រាការប្រាក់នេះផងដែរ
ដោយរង់ចាំមើលលទ្ធផលកំណើនអតិផរណាជាមុនសិន។
សញ្ញាណមិនល្អទាំងនេះបានរុញច្រានឲ្យទីផ្សារភាគហ៊ុនអាមេរិកបានបិទបញ្ចប់ការជួញដូរក្នុងស្ថានភាពសោះកក្រោះនៅក្រោយថ្ងៃឈប់សម្រាកទិវាពលកម្មប្រចាំឆ្នាំកាលពីថ្ងៃច័ន្ទកន្លងទៅ
ជាពិសេសផ្សារភាគហ៊ុន Dow Jones ដែលបានធ្លាក់ថ្លៃដល់ទៅ ១,០៧%។
ទាក់ទងទៅនឹងព័ត៌មានសេដ្ឋកិច្ចរបស់អូស្ត្រាលីវិញ កំណើន GDP
ប្រចាំត្រីមាសទី២ឆ្នាំ ២០១៧នេះ បានបង្ហាញ
លទ្ធផលជាវិជ្ជមានក្នុងកំណើន ១,៨%
ធៀបទៅនឹងរយៈពេលដូចគ្នានេះកាលពីឆ្នាំទៅ។
កំណើននេះខ្ពស់ជាងការព្យាករណ៍របស់សារព័ត៌មាន Reuters ដែលថា
វាមានត្រឹមតែ ១,៩% ប៉ុណ្ណោះ
ហើយជាសញ្ញាណល្អមួយកំពុងជួយឲ្យប្រាក់ដុល្លាររបស់ខ្លួនត្រូវបានជួញដូរក្នុងតម្លៃឡើងថ្លៃខ្ពស់ជាងមុននៅព្រឹកនេះ៕
ប្រភព៖ cnbc
No comments:
Post a Comment