ផ្សារភាគហ៊ុន​អាស៊ី​ភាគច្រើន​ឡើង​ថ្លៃ​ ក្រោយ​ស្ថានភាព​នយោបាយ​ល្អ​ប្រសើរ​ឡើង​វិញ - channyfx

ការជួញដូរនៅទីផ្សារហាងឆេងប្តូរប្រាក់បរទេស និង​មាស

Hot

Post Top Ad

Tuesday, September 12, 2017

ផ្សារភាគហ៊ុន​អាស៊ី​ភាគច្រើន​ឡើង​ថ្លៃ​ ក្រោយ​ស្ថានភាព​នយោបាយ​ល្អ​ប្រសើរ​ឡើង​វិញ

នៅ​ថ្ងៃ​នេះ​ការ​ជួញដូរ​នៅ​លើ​ទីផ្សារ​ភាគហ៊ុន​អាស៊ី​​ភាគច្រើន​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ស្ថិត​នៅ​ក្នុង​សញ្ញាណ​វិជ្ជមាន តាម​ពី​ក្រោយ​ផ្សារភាគហ៊ុន​ Wall Street របស់​អាមេរិក​​ដែល​បាន​បិទ​បញ្ចប់​ក្នុង​ទិសដៅ​វិជ្ជមាន​ ខណៈ​ការ​បារម្ភ​ទៅ​នឹង​វិបត្តិ​នយោបាយ​ក្នុង​ឧបទ្វីប​កូរ៉េ និង ព្យុះ Irma របស់​អ្នក​ជួញដូរ​បាន​​ធូរស្រាល​ឡើង​វិញ។

ផ្សារភាគហ៊ុន​ដែល​ឡើង​ថ្លៃ មុន​គេ​នោះ​ គឺ​សន្ទស្សន៍​ជួញដូរ​ផ្សារភាគហ៊ុន​ជប៉ុន Nikkei 225 ដែល​បាន​ឡើង​ថ្លៃ ១% ខណៈ​ដែល​ទីផ្សារ​ប្រាក់​ដុល្លារ​​បាន​ឡើង​ថ្លៃ​កាល​ពី​យប់មិញ ធៀប​ទៅ​នឹង​លុយ​យ៉េន។ នៅ​កៀក​​ជប៉ុន​ដែរ ពោល​គឺ​សន្ទស្សន៍​ជួញដូរ​ផ្សារភាគហ៊ុន​កូរ៉េខាងត្បូង Kospi បាន​ឡើង​ថ្លៃ​ ០,២២%។
ត្រឡប់​ទៅ​មើល​សន្ទស្សន៍ ជួញដូរ​ផ្សារភាគហ៊ុន​អូស្រ្តាលី  S&P/ASX 200 វិញ បាន​ឡើង​ថ្លៃ​ខ្ពស់​ដែរ​ដល់​ ០,៧៣% ដោយ​ក្នុង​នោះ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ធំៗ​បាន​​ឡើង​ថ្លៃ​ដែរ។ ភាគហ៊ុន​ដែល​ឡើង​ថ្លៃ​ខ្ពស់​ជាងគេ​ គឺ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​ធំៗ ដែល​បាន​ឡើង​ថ្លៃ​ដល់​ទៅ ១,៥៧% ។
រីឯ​​ទីផ្សារ​ភាគហ៊ុន​​ចិន​វិញ ត្រូវ​បាន​ជួញដូរ​ឡើង​ចុះ មិន​ស្រប​គ្នា​នោះ​ទេ។ ក្នុង​នោះ​សន្ទស្សន៍​ជួញដូរ​ផ្សារភាគហ៊ុន​ហុងកុង Hang Seng បាន​ធ្លាក់​ថ្លៃ​អស់ ០,០៨%  ខណៈ​ដែល​សន្ទស្សន៍​ជួញដូរ​ផ្សារភាគហ៊ុន សៀងហៃ បាន​ឡើង​ថ្លៃ​បន្តិច​បន្តួច​​ត្រឹមតែ ០,០៣%។ ចំពោះ​សន្ទស្សន៍​ជួញដូរ​ផ្សារភាគហ៊ុន​ Shenzhen ស្ទើរតែ​មិន​ប្រែប្រួល​សោះ​ដោយ​បាន​ធ្លាក់​ថ្លៃ​ត្រឹមតែ ០,០១១។
កាល​ពី​យប់មិញ សន្ទស្សន៍​ជួញដូរ​ផ្សារភាគហ៊ុន Wall Street របស់​អាមេរិក​បាន​បិទ​ការ​ជួញដូរ​ក្នុង​តម្លៃ​ឡើង​ថ្លៃ​នៅ​​ពេល​ដែល​អ្នក​ជួញដូរ​នានា​​មាន​អារម្មណ៍​ធូរស្បើយ​ពី​ស្ថានការណ៍​នយោបាយ​​ដ៏​តានតឹង​នៅ​តំបន់​ឧបទ្វីប​កូរ៉េ និង គ្រោះមហន្តរាយ​ព្យុះ Irma ដែល​បាន​បំផ្លិចបំផ្លាញ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​របស់​អាមេរិក និង នៅ​តំបន់​ការ៉ាប៊ីន។
យ៉ាងណាមិញ អ្នក​ជួញដូរ​នៅ​លើ​ទីផ្សារ​​អន្តរជាតិ​​កំពុង​តាមដាន​ជា​ថ្មី​ទៀត​លើ​ការ​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​ក្រុមប្រឹក្សា​អង្គការសហប្រជាជាតិ​​ទៅ​លើ​រដ្ឋាភិបាល​កូរ៉េខាងជើង​កាល​ពី​ម្សិលមិញ​បន្ទាប់​ពី​ខ្លួន​បាន​ធ្វើតេស្ត​សាកល្បង​អាវុធ​​នុយក្លេអ៊ែរ​ជា​លើក​ទី​៦​កាល​ពី​​ពេល​ថ្មីៗ​កន្លង​ទៅ។ ទណ្ឌកម្ម​ថ្មី​នេះ​បូករួម​បញ្ចូល​ទាំង​ការ​កំណត់​​​លើ​ទំហំ​នាំចូល​ប្រេងសាំង​​ដោយ​កូរ៉េខាងជើង​ផង​ដែរ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Reuters។
ទំនុកចិត្ត​នៅ​លើ​ទីផ្សារ​អន្តរជាតិ​នេះ បាន​ជួយ​ជ្រោមជ្រែង​ឲ្យ​ប្រាក់​ដុល្លារ​មាន​ក្តី​សង្ឃឹម​ឡើង​វិញ ជា​ពិសេស​ធៀប​ទៅ​នឹង​លុយ​យ៉េន​របស់​ជប៉ុន​។  សន្ទស្សន៍​ប្រាក់​ដុល្លារ​ធៀប​ទៅ​នឹង​រូបិយប័ណ្ណ​សំខាន់ៗ​ចំនួន​៦ កំពុង​ស្ថិត​នៅ​ទីតាំង ៩១,៩៤៣ ​នៅ​ម៉ោង ៩:៤៧ ព្រឹក​នេះ បន្ទាប់​ពី​បាន​ហក់​​ឡើង​ថ្លៃ​ខ្លាំង​កាល​ពី​យប់មិញ ក្រោយ​ជួញដូរ​ធ្លាក់​ថ្លៃ​ដល់​តម្លៃ​ទាប​បំផុត​មិន​ធ្លាប់​​មាន​នៅ​ក្នុង​រយៈពេល​១០​ខែ​កន្លង​ទៅ​កាល​ពី ថ្ងៃ​សុក្រ​សប្តាហ៍​មុន។
កាល​ពី​ម្សិលមិញ​នេះ​ផង​ដែរ ធនាគារ​កណ្តាល​របស់​ចិន (PBOC) បាន​កំណត់​តម្លៃ​ប្រាក់​យន់​​របស់​ខ្លួន​ឱ្យ​ទាប​ជាង​​តម្លៃ ៦,៥២៧៧ យន់​ក្នុង​មួយ​ដុល្លារ ដោយ​បាន​បំបែក​កំណត់ត្រា​​ឡើង​ថ្លៃ​អស់​រយៈពេល​១១​ថ្ងៃ​ជាប់ៗ​គ្នា​របស់​វា​។ ស្ថាប័ន​នេះ ថែម​ទាំង​បាន​អនុញ្ញាត​ឱ្យ​​តម្លៃ​លុយ​យន់​ធៀប​នឹង​ប្រាក់​ដុល្លារ​កើន​ឡើង ឬ​ធ្លាក់​​ចុះ​រហូត​ដល់​ ២%  ​ធៀប​ទៅ​នឹង​តម្លៃ​​គោល​​នេះ​។ ការ​​សម្រេចចិត្ត​នេះ​បាន​​ធ្វើ​ឡើង​បន្ទាប់​ពី​​ធនាគារ​កណ្តាល​​ខាងលើ​​បាន​រៀបចំ​វិធានការ​មួយ​ចំនួន​ដើម្បី​គាំទ្រ​រូបិយប័ណ្ណ​​របស់​ខ្លួន​៕
ប្រភព៖ cnbc

No comments:

Post a Comment

Post Top Ad