កាជួញដូរមាសនៅថ្ងៃនេះកំពុងបន្តឡើងថ្លៃជាថ្មីទៀតក្នុងតម្លៃខ្ពស់បំផុតក្នុងថ្ងៃទី៥
ខណៈដែលភាពតានតឹងភូមិសាស្ត្រនយោបាយនៅតំបន់ឧបទ្វីបកូរ៉េនៅតែមានវត្តមាននៅឡើយ
និង
ការព្រួយបារម្ភទៅនឹងកំណើនយឺតយ៉ាវនៃអតិផរណារបស់អាមេរិកដែលធ្វើឲ្យធនាគារកណ្តាលរបស់ខ្លួនចង់ពន្យារពេលការដំឡើងអត្រាការប្រាក់។
ការជួញដូរមាសតាមស្បតបានឡើងថ្លៃ ០,១% នៅម៉ោង ៨:០០ ព្រឹកនេះ
ត្រូវបានជួញដូរក្នុងតម្លៃ ១ ៣៣៩,៨៧ ដុល្លារក្នុងមួយអោន។
តម្លៃនេះស្ថិតនៅទាបជាងបន្តិចពីតម្លៃជួញដូរកាលពីម្សិលមិញដែលវាបានហក់ឡើងដល់ទៅ
១ ៣៤៤,២១ ដុល្លារក្នុងមួយអោន
ហើយវាមិនធ្លាប់មានឡើយគិតចាប់តាំងពីដើមខែកញ្ញាឆ្នាំ ២០១៦មក។
ចំណែកទីផ្សារមាសរបស់អាមេរិក
ហាក់មិនមានការប្រែប្រួលខ្លាំងនោះឡើយដោយត្រូវបានជួញដូរក្នុងតម្លៃ
១ ៣៤៥,០០ ដុល្លារក្នុងមួយអោន។
កាលពីថ្ងៃច័ន្ទកន្លងទៅមន្ត្រីការទូតកំពូលរបស់កូរ៉េខាងជើងបានព្រមានថា
រដ្ឋាភិបាលលោកកំពុងរៀបចំរួចហើយនូវអំណោយមួយបន្ថែមទៀតផ្ញើជូនឲ្យអាមេរិកខណៈដែលមហាអំណាចពិភពលោកមួយនេះបានតស៊ូដើម្បីស្វែងរកការគាំទ្រឆ្លើយតបទៅនឹងការធ្វើតេស្តអាវុធនុយក្លេអ៊ែរចុងក្រោយរបស់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង។
ងាកមកមើលស្ថានភាពសេដ្ឋកិច្ចអាមេរិកវិញ
មន្ត្រីដ៏មានឥទ្ធិពលនៅក្នុងការរៀបចំគោលនយោបាយរបស់ធនាគារកណ្តាលអាមេរិកបានថ្លែងកាលពីថ្ងៃអង្គារម្សិលមិញថា
ធនាគារកណ្តាលអាចពន្យារពេលដំឡើងអត្រាការប្រាក់រហូតរង់ចាំទទួលបានលទ្ធផលល្អពីកំណើនអតិផរណាជាមុនសិន។
ការថ្លែងបែបនេះជាសញ្ញាណមួយបានបញ្ជាក់ថា
កំណើនអតិផរណារបស់ទីក្រុងវ៉ាស៊ីនតោននៅទាបនៅឡើយ
ដែលមិនអាចជាមូលដ្ឋានគ្រប់គ្រាន់សម្រាប់ការដំឡើងអត្រាការប្រាក់នៅចុងឆ្នាំនេះទេ។
ទិន្នន័យបញ្ជាទិញពីក្រៅស្រុករបស់អាមេរិកត្រូវបានគេមើលឃើញថា
បានធ្លាក់ចុះដល់កម្រិតមួយទាបបំផុតមិនធ្លាប់មាននោះឡើយនៅក្នុងរយៈពេល៣ឆ្នាំមកនេះសម្រាប់ប្រចាំខែកក្កដាកន្លងទៅ។
ក៏ប៉ុន្តែគេសញ្ញាណវិជ្ជមាននៅក្នុងវិស័យផលិតកម្មពាក់កណ្តាលសម្រេចដែលមានការកើនឡើងពីខែមុន។
នៅតំបន់អឺរ៉ុបវិញ
មូលបត្របំណុលរបស់រដ្ឋាភិបាលក្នុងតំបន់នេះបានធ្លាក់ចុះកាលពីថ្ងៃអង្គារម្សិលមិញដោយសារតែអ្នកជួញដូរនានាបានបង្វែរការផ្តោតលើភាពតានតឹងទៅនឹងភូមិសាស្ត្រនយោបាយនៅក្នុងតំបន់ឧបទ្វីបកូរ៉េងាកមកតាមដានលើកិច្ចប្រជុំរបស់ធនាគារកណ្តាលអ៊ឺរ៉ុបដែលនឹងចូលមកដល់នៅពេលឆាប់ៗនេះ៕
ប្រភព៖ cnbc
No comments:
Post a Comment