ការជួញដូរប្រាក់ដុល្លារនៅព្រឹកថ្ងៃពុធនេះត្រូវបានគេមើលឃើញថា
បានឡើងថ្លៃវិញបន្ទាប់ពីទទួលបានពន្លឺភ្លើងខៀវចេញពីធនាគារកណ្តាលអាមេរិកលើគោលនយោបាយដំឡើងអត្រាការប្រាក់រស់ខ្លួន
ខណៈដែលការជួញដូរប្រាក់អឺរ៉ូទទួលរងសម្ពាធដោយសារតែស្ថានភាពនយោបាយក្នុងតំបន់មានការវិវត្តមិនសូវល្អ។
សន្ទស្សន៍ជួញដូរប្រាក់ដុល្លារធៀបទៅនឹងរូបិយប័ណ្ណនានានៅព្រឹកនេះត្រូវបានជួញដូរក្នុងតម្លៃ
៩៣,០៧ បន្ទាប់ពីបានហក់ឡើងដល់តម្លៃ ៩៣,២៨៦
កាលពីយប់មិញដែលជាតម្លៃជួញដូរខ្ពស់បំផុតមិនធ្លាប់មានជិត១ខែមកនេះ។
ការឡើងថ្លៃនេះបានកើតមានឡើងបន្ទាប់ពីប្រមុខធនាគារកណ្តាលអាមេរិកគឺលោកស្រី
Janet Yellen
បានបង្ហើបពីគម្រោងចង់ដំឡើងអត្រាការប្រាក់បើទោះបីជាកំណើនអតិផរណាបោះជំហានទៅមុខមិនសូវរលូនក៏ដោយ។
ធៀបទៅនឹងលុយយ៉េនរបស់ជប៉ុន
ប្រាក់ដុល្លារបានហក់ឡើងដល់តម្លៃជួញដូរ ១១២,២៧
យ៉េនក្នុងមួយដុល្លារ ពោលគឺបានហក់ឡើងពីតម្លៃជួញដូរ ១១១,៥០
យ៉េនក្នុងមួយដុល្លារកាលពីថ្ងៃអង្គារម្សិលមិញ។
បើធៀបទៅនឹងលុយអឺរ៉ូវិញ
ប្រាក់ដុល្លារក៏ឡើងថ្លៃដែរដោយត្រូវជួញដូរក្នុងតម្លៃ ១,១៧៥៧៥
ដុល្លារកាលពីថ្ងៃអង្គារម្សិលមិញ និង តម្លៃជួញដូរចុងក្រោយគឺ ១,១៧៩០
ដុល្លារ។
ប្រាក់អឺរ៉ូបានឡើងថ្លៃ ១០% នៅក្នុងឆ្នាំ ២០១៧
នេះដោយសារតែមានការគាំទ្រពីកំណើនសេដ្ឋកិច្ចនៅក្នុងតំបន់នេះ និង
ការរំពឹងទុកលើគោលនយោបាយរបស់ធនាគារកណ្តាលអឺរ៉ុប។ យ៉ាងណាមិញ
បញ្ហាបោះឆ្នោតនៅអាល្លឺម៉ង់កាលពីថ្ងៃអាទិត្យកន្លងទៅ
បានធ្វើឲ្យប៉ះពាល់ដល់ការជួញដូរប្រាក់អឺរ៉ូ
ខណៈដែលអ្នកវិនិយោគមានការព្រួយបារម្ភទៅនឹងនយោបាយរបស់ប្រទេសនេះ។
ងាកទៅ មើលការជួញដូរប្រាក់ដុល្លារអូស្ត្រាលីវិញ
បានធ្លាក់ថ្លៃមកត្រឹមតម្លៃ ០,៧៨៧៤ ដុល្លារ
បន្ទាប់ពីបានធ្លាក់ថ្លៃដល់តម្លៃជួញដូរទាបបំផុត ០,៧៨៦០
ដុល្លារដែលមិនធ្លាប់មាននៅ ក្នុងរយៈពេល៦សប្តាហ៍កន្លងទៅ។
ការធ្លាក់ថ្លៃនៃតម្លៃរូបិយប័ណ្ណមួយនេះដោយសារតែស្ថានភាពវិស័យឧស្សាហកម្មដែកដែលជាប្រភពចំណូលដ៏សំខាន់របស់ប្រទេសនេះមានស្ថានភាពមិនសូវល្អ។
យ៉ាងណាមិញ
អ្វីដែលធ្វើឲ្យអ្នកជួញដូរចាប់អារម្មណ៍ជាងគេនៅថ្ងៃពុធនេះគឺការប្រកាសស្តីពីគម្រោងពន្ធដារដែលរៀបចំឡើងដោយរដ្ឋបាលរបស់លោក
Trump នៅសភារបស់អាមេរិក
ដែលនឹងមានឥទ្ធិពលដល់ទីផ្សារជួញដូរអន្តរជាតិ៕
ប្រភព៖ cnbc
No comments:
Post a Comment