មាស​​មិន​មាន​ការប្រែប្រួល​ខ្លាំង​ទេ​​ក្រោយ​ធ្លាក់​ថ្លៃ​ខ្លាំង​អស់​ជាង ១% កាល​ពី​​ម្សិលមិញ - channyfx

ការជួញដូរនៅទីផ្សារហាងឆេងប្តូរប្រាក់បរទេស និង​មាស

Hot

Post Top Ad

Wednesday, September 27, 2017

មាស​​មិន​មាន​ការប្រែប្រួល​ខ្លាំង​ទេ​​ក្រោយ​ធ្លាក់​ថ្លៃ​ខ្លាំង​អស់​ជាង ១% កាល​ពី​​ម្សិលមិញ

ការ​ជួញដូរ​មាស​នៅ​ព្រឹក​ថ្ងៃ​​ពុធ​នេះ​ហាក់​មិន​មាន​ការ​ប្រែប្រួល​ខ្លាំង​នោះ​ឡើយ​បន្ទាប់​ពី​បាន​ធ្លាក់​ថ្លៃ​អស់​ជាង ១% កាល​ពី​ម្សិលមិញ បន្ទាប់​ពី​មាន​​​​ព័ត៌មាន​​ចេញ​ពី​ប្រមុខ​ធនាគារ​កណ្តាល​អាមេរិក​លើ​គម្រោង​ចង់​ដំឡើង​អត្រា​ការប្រាក់​នៅ​ចុង​ឆ្នាំ នេះ។

នៅ​ព្រឹក​នេះ​មាស​ឡើង​ថ្លៃ​បន្តិចបន្តួច​ត្រឹម​តែ ០,១% ​ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ១ ២៩៤,៦២ ដុល្លារ​ក្នុង​មួយ​អោន បន្ទាប់​ពី​បាន​ធ្លាក់​ថ្លៃ​អស់ ១,៣% កាល​ពី​ថ្ងៃ​ម្សិលមិញ​ដែល​ជា​ការ​ធ្លាក់​ថ្លៃ​ដ៏​ច្រើន​បំផុត​មិន ធ្លាប់​​មាន​នៅ ក្នុង​រយៈពេល​២​សប្តាហ៍​កន្លង​ទៅ​នេះ។ ចំណែក​ទីផ្សារ​ជួញដូរ​មាស​របស់​អាមេរិក​វិញ បាន​ធ្លាក់​ថ្លៃ​អស់ ០,៣៥% ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ១ ២៩៧,១០ ដុល្លារ​ក្នុង​មួយ​អោន។
ការ​ធ្លាក់​ថ្លៃ​ដ៏​ច្រើន​បែប​នេះ​បាន​កើត​មាន​ឡើង​បន្ទាប់​ពី​សារ​របស់​លោក​ស្រី Yellen ប្រមុខ​ធនាគារ​កណ្តាល​អាមេរិក​ដែល​​បង្ហាញ​សុទិដ្ឋិនិយម​នៃ​ការ​ដំឡើង​អត្រា​ការប្រាក់​នៅ​ចុង​ឆ្នាំ​នេះ បើ​ទោះបី​ជា​ស្ថានភាព​អតិផរណា​មិន​ទាន់​មាន​សញ្ញាណ​ល្អ​ក៏ដោយ។ ​ការ​លើក​ឡើង​របស់​លោក​ស្រី ជំរុញ​ឲ្យ​ប្រាក់​ដុល្លារ​មាន​សង្ឃឹម​នៅ​ក្នុង​ទីផ្សារ​ជួញដូរ ហើយ​រុញច្រាន​ឲ្យ​ទីផ្សារ​មាស​ធ្លាក់​ថ្លៃ​ខ្លាំង​តែម្តង។
បើ​ក្រឡេក​ទៅ​មើល​សេដ្ឋកិច្ច​អាមេរិក​វិញ ទំនុកចិត្ត​លើ​​កើន​ឡើង​នៃ​​ថ្លៃ​ទំនិញ​ប្រើប្រាស់​បាន​ធ្លាក់​ចុះ​នៅ​ក្នុង​ខែ​កញ្ញា​នេះ ខណៈ​ដែល​ទីផ្សារ​លំនៅឋាន​ក៏​មាន​ការ​ធ្លាក់​ចុះ​ផង​ដែរ​កាល​ពី​ខែ​សីហា​កន្លង​ទៅ។ បញ្ហា​នេះ​បណ្តាល​មក​ពី​​គ្រោះមហន្តរាយ​​ខ្យល់ព្យុះ​ផ្ទួនៗ​គ្នា​កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ ជា​ហេតុ​នាំ​ឲ្យ​មាន​ការ​រំពឹង​ទុក​ថា សេដ្ឋកិច្ច​របស់​មហាអំណាច​មួយ​នេះ នឹង​ទទួល​រង​ផល​ប៉ះពាល់​នៅ​ក្នុង​ត្រីមាស​ទី៣​ឆ្នាំ​​នេះ។
ត្រឡប់​ទៅ​តាមដាន​ស្ថានភាព​នយោបាយ​​អន្តរជាតិ​វិញ លោក​ប្រធានាធិបតី​​អាមេរិក Donald Trump បាន​ព្រមាន​កូរ៉េខាងជើង​កាល​ពី​ថ្ងៃ​អង្គារ​​ម្សិលមិញ​ថា  ជម្រើស​​ដោយ​ប្រើប្រាស់​កង​កម្លាំង​យោធា​ណាមួយ​នឹង​​អាច​កម្ទេច​ក្រុង​ព្យុងយ៉ាង​​បាន។ ប៉ុន្តែ​​លោក​បាន​​ថ្លែង​បញ្ជាក់​ថា ការ​ប្រើប្រាស់​កម្លាំង​​ទ័ព​នេះ​មិនមែន​ជា​ជម្រើស​ដំបូង​របស់​រដ្ឋបាល​ទីក្រុង​វ៉ាស៊ីនតោន​​ឡើយ​ក្នុង​ការ​ដោះស្រាយ​​​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​​របស់​កូរ៉េខាងជើង៕
ប្រភព៖ cnbc

No comments:

Post a Comment

Post Top Ad