ផ្សារភាគហ៊ុន​អាស៊ី​មាន​សម្ពាធ ក្រោយ​កូរ៉េខាងជើង​ចោទប្រកាន់​​អាមេរិក​ថា ​ជា​អ្នក​ប្រកាស​សង្គ្រាម​មុន - channyfx

ការជួញដូរនៅទីផ្សារហាងឆេងប្តូរប្រាក់បរទេស និង​មាស

Hot

Post Top Ad

Tuesday, September 26, 2017

ផ្សារភាគហ៊ុន​អាស៊ី​មាន​សម្ពាធ ក្រោយ​កូរ៉េខាងជើង​ចោទប្រកាន់​​អាមេរិក​ថា ​ជា​អ្នក​ប្រកាស​សង្គ្រាម​មុន

ការ​ជួញដូរ​នៅ​លើ​ផ្សារភាគហ៊ុន​អាស៊ី​ត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​សម្ពាធ​ធ្លាក់​ចុះ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​​តាម​ពី​ក្រោយ​ផ្សារភាគហ៊ុន Wall Street ដែល​​បាន​ធ្លាក់​ថ្លៃ​កាល​ពី​​យប់មិញ បន្ទាប់​​ពី​ការ​ប្រឈមមុខ​ដាក់គ្នា​រវាង​អាមេរិក​ និង​កូរ៉េខាងជើង​បាន​កើន​​កម្តៅ​ឡើង​វិញ។

ផ្សារភាគហ៊ុន​ដែល​ធ្លាក់​ថ្លៃ មុន​គេ​ គឺ​ផ្សារភាគហ៊ុន​ជប៉ុន Nikkei 225 ដែល​បាន​ធ្លាក់​ថ្លៃ​អស់ ០,២៨% បន្ទាប់​ពី​លុយ​យ៉េន​ត្រូវ​បាន​ជួញដូរ​ឡើង​ថ្លៃ​វិញ ចាប់​តាំង​ពី​យប់មិញ ខណៈ​ដែល​អ្នក​ជួញដូរ​កំពុង​ផ្តោត​លើ​ស្ថានភាព​ភូមិសាស្ត្រ​នយោបាយ​នៅ​ឧបទ្វីប​កូរ៉េ។
នៅ​កូរ៉េ​ខាងត្បូង​ឯណេះ​វិញ ផ្សារភាគហ៊ុន Kospi របស់​ខ្លួន​បាន​ធ្លាក់​ថ្លៃ​ដែរ ប៉ុន្តែ​ទាប​ជាង​បន្តិច ពោល​គឺ​​ត្រឹម ០,១២% ខណៈ​ដែល​​ភូមិសាស្ត្រ​នយោបាយ​របស់​ខ្លួន​កំពុង​ថ្លឹងថ្លែង​ដល់​ទីផ្សារ​ជួញដូរ​របស់​ខ្លួន។ ភាគហ៊ុន​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​​នៅ​ក្នុង​ប្រទេស​នេះ​ដូច​ជា ក្រុមហ៊ុន Samsung បាន​ធ្លាក់​ថ្លៃ​អស់ ១,៤៩% និង​ក្រុមហ៊ុន LG បាន​ធ្លាក់​ថ្លៃ​ដល់​ទៅ ៣,០៨%។
ងាក​ទៅ​មើល​ការ​ជួញដូរ​នៅ​លើ​ផ្សារភាគហ៊ុន​អូស្ត្រាលី​ ហាក់​ធ្លាក់​ថ្លៃ តិចតួច​ប៉ុណ្ណោះ ក្នុង​ចំនួន ០,០៦%។ យ៉ាងណាមិញ ភាគហ៊ុន​របស់​ក្រុមហ៊ុន​ថាមពល មាន​សញ្ញាណ​ឡើង​ថ្លៃ​​ល្អ​រហូត​ដល់ ២,២៨% ប៉ុន្តែ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​លក់រាយ និង ទូរគមនាគមន៍​បាន​ធ្លាក់​ថ្លៃ​ច្រើន​ដែរ។
ត្រឡប់​ទៅ​មើល​ការ​ជួញដូរ​​នៅ​លើ​ផ្សារភាគហ៊ុន​ចិន​វិញ ក៏​មាន​សញ្ញាណ​អវិជ្ជមាន​ដែរ​។ ក្នុង​នោះ​ផ្សារភាគហ៊ុន ហុងកុង Hang Seng បាន​ធ្លាក់​ថ្លៃ​អស់ ០,១៦% ខណៈ​ដែល​ផ្សារភាគហ៊ុន​ចិន​ដីគោក ដូច​ជា ផ្សារភាគហ៊ុន​សៀងហៃ​បាន​ធ្លាក់​ថ្លៃ​តិចតួច​ត្រឹម ០,០៣% និង​ផ្សារភាគហ៊ុន Shenzhen បាន​ធ្លាក់​ថ្លៃ​អស់​០,២៧១%។
ភាព​តានតឹង​ខាង​ភូមិសាស្ត្រ​នយោបាយ​បាន​កើត​មាន​ឡើង​សាជាថ្មី​ទៀត​កាល​ពី​យប់មិញ​បន្ទាប់​ពី​រដ្ឋមន្រ្តី​ការបរទេស​របស់​កូរ៉េខាងជើង​បាន​មានប្រសាសន៍​​ថា ប្រធានាធិបតី​អាមេរិក​លោក Donald Trumpបាន​ប្រកាស​សង្គ្រាម​មុន​ប្រឆាំង ទៅ​នឹង​ទីក្រុង​ព្យុងយ៉ាង។ 
រដ្ឋមន្ត្រី​ការបរទេស​លោក រីយ៉ុងហូ  បាន​​​បញ្ជាក់​​ថា សារ​របស់​លោក Trump  គឺ​មាន​ន័យ​ថា កូរ៉េខាងជើង​អាច​កំណត់​គោលដៅ​ និង​បាញ់​ទម្លាក់​យន្តហោះ​ទម្លាក់​គ្រាប់បែក​ទាំងអស់​របស់​អាមេរិក​ដែល​ហោះ​ចូល​ដែន​​អាកាស​របស់​​ខ្លួន ខណៈ​ដែល​សេតវិមាន​​អាមេរិក​បាន​ឆ្លើយ​តប​ថា រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​មិន​បាន​ប្រកាស​សង្រ្គាម​​ណា​មួយ​ទៅ​លើ​រដ្ឋ​ដ៏​​ឯកោ​នេះ​ឡើយ​។
អ្នកវិភាគ​បាន​និយាយ​ថា  ការ​ចោទប្រកាន់​របស់​កូរ៉េខាងជើង​ទៅ​លើ​លោកTrump​ ជា​អ្នក​ដែល​បាន​ប្រកាស​​សង្គ្រាម​​មុន​នោះ បាន​ធ្វើ​ឱ្យ​ទីផ្សារ​​សាកលលោក​មាន​ភាព​ចលាចល​ខ្លាំង។ចំណែក​ស្ថានភាព​នយោបាយ​នៅ​ជប៉ុន​ឯណោះ​វិញ លោក​នាយករដ្ឋមន្ត្រី Shinzo Abe បាន​​ថ្លែង​​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ថា លោក​នឹង​រំលាយ​សភា​ជាន់​ទាប​ចោល​​នៅ​ថ្ងៃ​ទី២៨  ខែ​កញ្ញា​នេះ​​ឲ្យ​បាន​មុន​ការ​បោះឆ្នោត​ដែល​នឹង​ត្រូវ​​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​ ២២​ ខែតុលា​ខាងមុខ​។
នៅ​ថ្ងៃ​នេះ​អ្នក​ជួញដូរ​ក៏​​ចាប់​អារម្មណ៍​ផង​ដែរ​លើ​ប្រសាសន៍​របស់​ប្រមុខ​​ធនាគារ​កណ្តាល​អាមេរិក​ប្រចាំ​ទីក្រុង​ញីវយ៉ក​គឺ​លោក William Dudley និង​លោក Charles Evans ​ប្រមុខ​ធនាគារ​កណ្តាល​អាមេរិក​មក​ពី​ទីក្រុង​ Chicago ។ លោក Dudley ​បាន​ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​ចន្ទ​​ម្សិលមិញ​ថា  ធនាគារ​កណ្តាល​កំពុង​ស្ថិត​នៅ​លើ​​គន្លង​ផ្លូវ​​ដ៏ យឺតយ៉ាវ​មួយ​ក្នុង​ការ​ដំឡើង​អត្រា​ការប្រាក់ ខណៈ​ដែល​បញ្ហា​ប្រឈមមុខ​​នៅ​ពេល​​បច្ចុប្បន្ន​​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អតិផរណា​។ ចំណែក​លោក លោក Evans បាន​ថ្លែង​យ៉ាង​ប្រុងប្រយ័ត្ន​​បន្ថែម​ទៀត​​​ថា ធនាគារ​កណ្តាល​ត្រូវ​រង់ចាំ​សញ្ញាណ​ល្អ​នៃ​កំណើន​ថ្លៃ​ទំនិញ​ប្រើប្រាស់​ជា​មុន​សិន​មុន​ពេល​សម្រេច​ដំឡើង​អត្រា​ការប្រាក់៕
ប្រភព៖ cnbc

No comments:

Post a Comment

Post Top Ad